ការឈឺខ្នងគឺជាបញ្ហាដែលមនុស្សយើងច្រើនតែជួបប្រទះញឹកញាប់បំផុត ហើយវាក៏ជាមូលហេតុមួយ​ដែល​មនុស្សភាគច្រើនតែងតែមិនចង់អោយពេទ្យពិនិត្យដែរ។ បើសិនជាអ្នកមិនអាចធ្វើការបង្ការការឈឺខ្នងនេះបានទេ ការព្យាបាលដោយខ្លួនឯង និងប្រើប្រាស់រាងកាយអោយបានត្រឹមត្រូវច្រើនតែអាចសម្រួលដល់​ការឈឺខ្នងនេះ​វិញក្នុងរយៈពេលពីរទៅបីសប្តាហ៍។ ចំពោះការវះកាត់កម្រនឹងត្រូវការធ្វើចំពោះការឈឺខ្នងណាស់។

រោគសញ្ញា

រោគសញ្ញានៃការឈឺខ្នងអាចមានដូចជា៖

  • ឈឺសាច់ដុំ
  • ឈឺខ្ទោកៗ
  • ឈឺចាប់ចាក់ទៅជើង
  • មិនអាចធ្វើចលនាខ្នងបានគ្រប់គ្រាន់
  • មិនអាចឈរត្រង់បាន

ការឈឺខ្នងភាគច្រើននឹងស្រួលបួលមកវិញតាមរយៈការព្យាបាលដោយខ្លួនឯង និងការថែរក្សារាងកាយ។ ទោះបីជាការឈឺចាប់ត្រូវការប្រើពេលច្រើនសប្តាហ៍ដើម្បីបាត់ទាំងស្រុងក៏ដោយ ក៏អ្នកគួរតែសម្គាល់មើលនូវភាពធូរ​ស្រាល​មួយចំនួនក្នុងរយៈពេល ៧២ម៉ោងដំបូងនៃការថែរក្សាខ្លួនឯងដែរ។ បើសិនជាមិនមានអ្វីធូរស្រាលទេ ចូរស្វែងរកគ្រូពេទ្យព្យាបាលភ្លាមទៅ។

ស្ថិតក្នុងករណីដ៏កម្រ ការឈឺខ្នងអាចជាសញ្ញាដ៏ធ្ងន់ធ្ងររបស់ជំងឺណាមួយ។ ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាការឈឺខ្នងរបស់អ្នក៖

  • ធ្វើអោយមានបញ្ហាដល់ពោះវៀន ឬប្លោកនោម
  • មានទំនាក់ទំនងនឹងការឈឺចាប់តិចៗក្នុងពោះ ឬក្តៅខ្លួន
  • ធ្វើអោយដើរដួល ឬមានរបួសអ្វីផ្សេងៗទៀត

ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាការឈឺខ្នងរបស់អ្នក៖

  • បន្តជាប់ ឬឈឺចាប់ខ្លាំង ជាពិសេសនៅពេលយប់ ឬពេលដេក
  • ចាក់រាលទៅជើងម្ខាង ឬទាំងសងខាង ជាពិសេសការឈឺនៅក្រោមជង្គង់
  • ធ្វើអោយខ្សោយ, ស្ពឹក ឬឈឺឈៀបៗនៅជើងម្ខាង ឬទាំងសងខាង
  • កើតឡើងជាមួយនឹងការហើម ឬក្រហមខ្នង

ជាមួយគ្នានេះដែរ ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកចាប់ផ្តើមមានអាការៈឈឺខ្នងជាលើកដំបូងក្រោយពីអាយុបាន ៥០ឆ្នាំ ឬបើសិនជាអ្នកមានប្រវត្តិកើតជំងឺមហារីក, ជំងឺពុកឆ្អឹង, ប្រើថ្នាំ Steroid ឬញៀនគ្រឿងស្រវឹង។

មូលហេតុ

ការឈឺខ្នងច្រើនតែកើតឡើងដោយមិនដឹងមូលហេតុអ្វីច្បាស់ឡើយ ប៉ុន្តែបញ្ហាដែលច្រើនតែនាំអោយឈឺខ្នងញឹកញាប់ជាងគេនោះមានដូចជា៖

  • មានសម្ពាធលើសាច់ដុំ ឬសរសៃចងឆ្អឹង៖ ការដែលឧស្សាហ៍លើករបស់ធ្ងន់ៗ ឬធ្វើចលនាមិនបានល្អភ្លាមៗប្រហែលជាដាក់សម្ពាធទៅលើសាច់ដុំ និងសរសៃចងសាច់ដុំនៅឆ្អឹងកងខ្នងបាន។ បើសិនជាអ្នកមិនសូវមានសុខភាពរាងកាយល្អ, មានសម្ពាធច្រើននៅខ្នង វាប្រហែលជាអាចនាំអោយសាច់ដុំរឹងជាប់ និងបង្កការឈឺចាប់ខ្លាំងបាន។
  • រហែកទ្រនាប់ឆ្អឹងកងខ្នង៖ ទ្រនាប់នេះដើរតួនាទីជាអ្នកសម្រួលដល់ទម្ងន់រវាងឆ្អឹងកងខ្នងទាំងលើ និងខាងក្រោម។ ពេលខ្លះ សារធាតុទន់ៗក្នុងទ្រនាប់នេះហៀរចេញក្រៅ ឬទ្រនាប់នោះទៅជាហេតុ វានឹងធ្វើអោយសង្កត់ដល់សរសៃប្រសាទបាន។ ជំងឺទ្រនាប់ឆ្អឹងកងខ្នងនេះច្រើនតែរកឃើញដោយចៃដន្យ។
  • រលាកសន្លាក់៖ ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់អាចប៉ះពាល់ទៅលើចង្កេះរបស់អ្នកជំងឺដែរ។ ពេលខ្លះ ការរលាកក្នុងឆ្អឹងកងខ្នងអាចនាំអោយប្រហោងនៅជុំវិញខួរឆ្អឹងខ្នងរួមតូចបាន ដែលនេះគេហៅថាជំងឺ Spinal Stenosis
  • គ្រោងឆ្អឹងមិនមានលក្ខណៈធម្មតា៖ ការឈឺខ្នងអាចកើតឡើងបានបើសិនជាឆ្អឹងកងខ្នងទៅជាកោងខុសពីទម្រងធម្មតា ជាពិសេសជំងឺ Scoliosis តែម្តង។
កត្តាប្រឈមមុខ

មនុស្សគ្រប់គ្នាអាចកើតបញ្ហាឈឺខ្នងបានទាំងអស់ មិនថាក្មេង ឬយុវវ័យឡើយ។ ទោះបីជាការធាត់, កង្វះការហាត់ប្រាណ និងការលើករបស់របរមិនបាល្អច្រើនតែធ្វើអោយឈឺខ្នងក៏ដោយ ក៏ការស្រាវជ្រាវទៅលើបញ្ហាទាំងនេះដូចជាមិនមានអ្វីជាអំណះអំណាងច្បាស់លាស់សោះ។

ក្រុមមនុស្សមួយក្រុមដែលមានការប្រឈមមុខនឹងការឈឺខ្នងច្រើនជាងគេនោះគឺអ្នកដែលមានបញ្ហាផ្លូវចិត្តដូចជា អ្នកបាក់ទឹកចិត្ត និងថប់អារម្មណ៍ ដូច្នេះហើតទើបមូលហេតុដែលនាំអោយប្រឈមមុខកាន់តែខ្លាំងនោះមិនទាន់បានដឹងនៅឡើយ។

តេស្ត និងការធ្វើរោគវិនិច្ឆ័យ

ការធ្វើតេស្តដើម្បីកំណត់រោគវិនិច្ឆ័យច្រើនតែមិនមែនជារឿងសំខាន់ដើម្បីរកមើលមូលហេតុពិតប្រាកដរបស់ការឈឺខ្នងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកពិតជាទៅពិគ្រោះជាមួយគ្រូពេទ្យមែននោះ គាត់នឹងធ្វើការពិនិត្យទៅលើខ្នង និងវាយតម្លៃទៅលើសមត្ថភាពនៃការអង្គុយ, ឈរ, ដើរ និងការលើកជើងរបស់អ្នកបន្ថែមទៀត។ គ្រូពេទ្យប្រហែលជាធ្វើតេស្តរេផ្លេចជាមួយនឹងការប្រើញញួររបស់គាត់។

ការវាយតម្លៃទាំងនេះអាចជួយកំណត់បានថា តើការឈឺចាប់កើតចេញពីណា, តើអ្នកអាចធ្វើចលនាបាន​ច្រើន​ប៉ុណ្ណាមុនពេលការឈឺចាប់បញ្ឈប់អ្នក ព្រមទាំងមានការរឹងជាប់របស់សាច់ដុំឬក៏អត់។ គ្រូពេទ្យក៏នឹងធ្វើការទាត់​ចោលនូវមូលហេតុធ្ងន់ៗដែលនាំអោយឈឺខ្នងផងដែរ។

បើសិនជាមានហេតុផលណាមួយសង្ស័យថាជាមូលហេតុនាំអោយឈឺខ្នងនោះ គ្រូពេទ្យប្រហែលជាធ្វើតេស្តមួយ ឬច្រើនដូចខាងក្រោមនេះ៖

  • ថតកាំរស្មីអ៊ិច៖ តេស្តមួយនេះនឹងអាចបង្ហាញអំពីភាពត្រង់របស់ឆ្អឹង ព្រមទាំងដឹងទៀតថាតើមានការរលាក ឬឆ្អឹងបាក់បែកឬអត់។ ការថតកាំរស្មីអ៊ិចនឹងមិនបង្ហាញបញ្ហាដោយផ្ទាល់ក្នុងឆ្អឹងកងខ្នង, សាច់ដុំ, សរសៃប្រសាទ ឬទ្រនាប់ឆ្អឹងកងខ្នង។
  • ការថត Magnetic Resonance Imaging (MRI) Computerized Tomography (CT) Scans ការថតទាំងនេះអាចបង្កើតជារូបភាពជាច្រើនដែលបង្ហាញអំពីការលានរបស់ទ្រនាប់ឆ្អឹងខ្នង ឬបញ្ហារបស់ឆ្អឹង, សាច់ដុំ, ជាលិការ, សរសៃចងសាច់ដុំ, សរសៃប្រសាទ, សរសៃចងឆ្អឹង និងសរសៃឈាម។
  • ការស្កេនឆ្អឹង៖ ស្ថិតក្នុងករណីដែលកម្រ គ្រូពេទ្យប្រហែលជាប្រើវិធីស្កេនឆ្អឹងដើម្បីរកមើលដុំសាច់របស់ឆ្អឹង ឬការបាក់ឆ្អឹងសង្កត់ដែលបណ្តាលមកពីជំងឺពុកឆ្អឹង។
  • ការសិក្សាទៅលើសរសៃប្រសាទ (Electromyography, EMG) តេស្តមួយនេះនឹងធ្វើការវាស់វែងទៅលើចរន្តអគ្គិសនីដែលបង្កើតចេញពីសរសៃប្រសាទ និងការឆ្លើយតបរបស់សាច់ដុំ។ តេស្តមួយនេះអាចបញ្ជាក់អំពីការគាបសរសៃប្រសាទដែលបណ្តាលមកពីការលានរបស់ទ្រនាប់ឆ្អឹងខ្នង ឬការរួមតូចរបស់ប្រហោងឆ្អឹងកងខ្នង (Spinal Stenosis)
ការព្យាបាល

ការឈឺខ្នងភាគច្រើននឹងស្រួលបួលមកវិញក្នុងរយៈពេលពីរបីសប្តាហ៍តាមរយៈការព្យាបាលដោយខ្លួនឯង។ ថ្នាំបំបាត់ការឈឺចាប់ដែលទិញបានដោយមិនបាច់មានវេជ្ជបញ្ជាប្រហែលជាអ្នកត្រូវការដើម្បីបំបាត់ការឈឺចាប់ហើយ។ ការសម្រាកនៅលើគ្រែរយៈពេលខ្លួនក៏មិនមែនជាបញ្ហាចោទដែរ ប៉ុន្តែការដែលសម្រាកច្រើនជាងពីរថ្ងៃហើយ ពិតជាក្លាយទៅជារឿងអាក្រក់ជាងល្អជាមិនខានទេ។ ចូរបន្តសកម្មភាពប្រចាំថ្ងៃរបស់អ្នកអោយបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ការធ្វើសកម្មភាពតិចតួចដូចជាការដើរ និងសកម្មភាពរស់នៅប្រចាំថ្ងៃក៏មិនមែនមានអ្វីជាបញ្ហាចោទដែរ។ ប៉ុន្តែបើសិនជាមានសកម្មភាពណាមួយធ្វើអោយឈឺចាប់កាន់តែខ្លាំង ចូរឈប់ធ្វើវាទៀតទៅ។ បើសិនជាការព្យាបាលដោយខ្លួនឯងមិនទទួលបានជោគជ័យក្នុងរយៈពេលច្រើនសប្តាហ៍ទេ គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំ ឬវិធីព្យាបាលផ្សេងទៀតដែលមានសកម្មភាពខ្លាំងជាងមុន។

ការប្រើថ្នាំ

គ្រូពេទ្យទំនងជាណែនាំអោយអ្នកប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol) Nonsteroidal Anti-inflammatory Drugs ដូចជា Advil, Motrin ពពួកថ្នាំ Naproxen (Aleve) ថ្នាំទាំងនេះសុទ្ធតែមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺខ្នងទាំងអស់។ ចូរប្រើថ្នាំទាំងនេះតាមវេជ្ជបញ្ជាពីគ្រូពេទ្យទៅ ព្រោះការប្រើលើសកម្រិតអាចបណ្តាល​អោយមានផលរំខាន​ធ្ងន់ធ្ងរ។ បើសិនជាការឈឺខ្នងពីកម្រិតតិចតួចដល់មធ្យមមិនបានស្រួលបួលឡើងវិញជាមួយនឹងការប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាទេ គ្រូពេទ្យក៏ប្រហែលជាចេញថ្នាំដើម្បីបន្ធូរសាច់ដុំបន្ថែមទៀត។ ថ្នាំបន្ធូរសាច់ដុំអាចធ្វើអោយវិលមុខ និងមានអារម្មណ៍ងងុយដេក។

ថ្នាំប្រភេទ Narcotics ដូចជាពពួក Codeine Hydrocodone ប្រហែលជាអាចប្រើ​ប្រាស់ក្នុងរយៈពេលខ្លីដែលស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យ។

ការប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្តក្នុងកម្រិតទាប ជាពិសេសថ្នាំប្រភេទ Tricyclic Antidepressant ដូចជា Amitriptyline ត្រូវបានគេដឹងថា ជួយបំបាត់អាការៈឈឺខ្នងរ៉ាំរ៉ៃដែរ។

ការព្យាបាលលើរាងកាយ និងហាត់ប្រាណ

ការព្យាបាលលើរាងកាយមូលដ្ឋានគ្រឹះនៃការព្យាបាលអាការៈឈឺខ្នង។ អ្នកព្យាបាលខាងរាងកាយអាចប្រើវិធីព្យាបាលជាច្រើនដូចជា ការប្រើកម្តៅ, អេកូ, ការភ្ញោចតាមចរន្តអគិ្គសនី និងវិធីបន្ធូរសាច់ដុំ ដើម្បីជួយអោយសាច់ដុំនៅខ្នង និងជាលិការទន់ៗបន្ថយការឈឺចាប់បាន។ នៅពេលដែលការឈឺចាប់ធូរស្រាលហើយ គ្រូពេទ្យអាចនឹងបង្រៀនពីវិធីហាត់ប្រាណពិសេសៗដែលជួយបង្កើនរេផ្លេចរបស់អ្នក, ពង្រឹងដល់សាច់ដុំខ្នង និងពោះ ព្រមទាំងជំហរផងដែរ។

ការចាក់ថ្នាំ

បើសិនជាការព្យាបាលផ្សេងៗមិនអាចបន្ថយការឈឺចាប់ទេ ហើយបើសិនជាការឈឺនោះចាក់ដល់ជើងទៀត គ្រូពេទ្យប្រហែលជាចាក់ថ្នាំ Cortisone ដែលជាថ្នាំប្រឆាំងនឹងការឈឺចាប់ ចូលជុំវិញប្រហោងឆ្អឹងក្នុង (Epidural Space) ការចាក់ថ្នាំបែបនេះអាចជួយបន្ថយការរលាកនៅជុំវិញឬសសរសៃប្រសាទបាន ប៉ុន្តែការបំបាត់ការឈឺចាប់នេះអាចប្រសិទ្ធភាពមិនដល់បីខែឡើយ។

ករណីខ្លះ គ្រូពេទ្យប្រហែលជាចាក់ថ្នាំស្ពឹក និងថ្នាំ Cortisone ចូលទៅក្នុងចរនាសម្ព័ន្ធដែលគេយល់ថាជាមូលហេតុនាំអោយឈឺខ្នងដូចជា ក្បាលសន្លាក់របស់ឆ្អឹងកងខ្នងជាដើម។

ការវះកាត់

មានមនុស្សតិចតួចណាស់ដែលត្រូវការការវះកាត់ដោយសារតែឈឺខ្នង។ បើសិនជាអ្នកមានការឈឺចាប់ហើយចាក់ទៅជើង ឬធ្វើអោយខ្សោយសាច់ដុំដែលបណ្តាលមកពីការសង្កត់សរសៃប្រសាទ អ្នកប្រហែលជាមានអាការៈស្រួលបួលឡើងវិញក្រោយពីធ្វើការវះកាត់រួច។

ការបង្ការ

ដើម្បីជួយអោយខ្នងអ្នកមានសុខភាពល្អ និងរឹងមាំ អ្នកគួរតែធ្វើរឿងដូចខាងក្រោមនេះ៖

  • ហាត់ប្រាណ៖ ការធ្វើសកម្មភាពបែបអ៊ែរ៉ូប៊ិកជាទៀងទាត់អាចជួយពង្រឹងដល់ភាពរឹងមាំ និងជំរុញដល់សាច់ដុំខ្នងធ្វើចលនាបានកាន់តែល្អ។ ការដើរ និងហែលទឹកក៏ជាជម្រើសដ៏ល្អដែរ។ ចូរនិយាយជាមួយគ្រូពេទ្យអំពីសកម្មភាពទាំងឡាយណាដែលល្អបំផុតសម្រាប់អ្នកអាចអនុវត្តន៍បាន។
  • ធ្វើអោយសាច់ដុំរឹងមាំ និងបត់បែនបានល្អ៖ ការហាត់ប្រាណលើសាច់ដុំពោះ និងខ្នងអាចជួយអោយសាច់ដុំទាំងនេះធ្វើការជាមួយគ្នាបានយ៉ាងល្អ។ ភាពបត់បែនក្នុងសន្លាក់ត្រគាក និងជើងផ្នែកខាងលើនឹងជួយតម្រងដល់ឆ្អឹងក្នុងអាងត្រគាក ដើម្បីអាចសម្រួលដល់អារម្មណ៍នៅខ្នងបាន។
  • រក្សាទម្ងន់អោយមានសុខភាពល្អ៖ ការដែលធាត់ពេកនឹងដាក់សម្ពាធទៅលើសាច់ដុំខ្នងបាន។ បើសិនជាអ្នកធាត់មែន ចូរធ្វើយ៉ាងណាកាត់បន្ថយទម្ងន់ខ្លះដើម្បីកុំអោយឈឺខ្នងបាន។

ប្រើប្រាស់រាងកាយអោយបានល្អ៖

  • ឈរដោយឆ្លាតវៃ៖ ចូររក្សាជំហរខ្លួនអោយត្រង់។ បើសិនជាអ្នកត្រូវការឈររយៈពេលយូរ ចូរធ្វើយ៉ាងណាឧស្សាហ៍ប្តូរជើងដើម្បីកុំអោយទម្ងន់សង្កត់តែលើជើងម្ខាងពេក។ ការឈរបានល្អអាចបន្ថយសម្ពាធលើសាច់ដុំខ្នងបាន។
  • អង្គុយដោយឆ្លាតវៃ៖ ចូរជ្រើសរើសកន្លែងអង្គុយដែលមានការទ្រទ្រង់ចង្កេះ, ដាក់ដៃបានស្រួល និងស្រួលអង្គុយ។ អ្នកក៏អាចប្រើខ្នើយ ឬកន្សែងទ្រាប់អង្គុយបានដែរ។ ចូរឧស្សាហ៍ផ្លាស់ប្តូរជំហរនៃកាអង្គុយអោយបានយ៉ាងហោចណាស់ជារៀងរាល់កន្លះម៉ោងម្តង។
  • លើករបស់ដោយឆ្លាតវៃ៖ ចំពោះរឿងនេះចូរអោយជើងរបស់អ្នកធ្វើ។ ចូរធ្វើចលនាត្រង់ឡើង ត្រង់ចុះ។ ចូរធ្វើយ៉ាងណាអោយខ្នងរបស់អ្នកត្រង់ និងបត់តែជង្គង់បានហើយ។ ចូរចូលទៅជិតរបស់ដែលត្រូវលើកហើយអោបលើកឡើងទៅ។ ចូរចៀសវាងការលើកហើយរមួលខ្លួនភ្លាមៗ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង