នៅពេលដែលអ្នកមានជំងឺហឺត មានន័យថាផ្លូវដង្ហើមរបស់អ្នកទៅជាតូចង្អៀត និងមានសភាពហើម ។ ប្រការបែបនេះធ្វើអោយមានការផលិតសំបោរបន្ថែមច្រើន ហើយការដកដង្ហើមមានការពិបាក ។ រោគសញ្ញាដែលច្រើនតែកើតមានចំពោះជំងឺហឺតមាន ពិបាកដកដង្ហើម ក្អក ដកដង្ហើមឮសូរដូចហួច និងដង្ហក់ ។ មនុស្សខ្លះទៀត មានរោគសញ្ញាមិនសូវធ្វើអោយមានការប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់គេនោះទេ ។ ចំនែកអ្នកផ្សេងទៀត បែរជាមានបញ្ហាខ្លាំង ហើយមានការរំខានដល់ការងារប្រចាំថ្ងៃរបស់គេទៅវិញ ។ ប្រសិនបើអ្នកមានជំងឺហឺតធ្ងន់ធ្ងរ អ្នកប្រហែលជាប្រឈមមុខនឹងការគំរាមគំហែងដល់ជីវិតដោយសារ ការហឺតម្តងៗ ។
ជំងឺហឺតមិនអាចព្យាបាលអោយជាបាននោះទេ ប៉ុន្តែយើងអាចគ្រប់គ្រងរោគសញ្ញារបស់វាបាន ។ ការព្យាបាលមានការរាប់បញ្ចូលទាំងជំហ៊ាននៃការបង្ការរាល់បញ្ហាដែលធ្វើអោយកើតហឺត ការប្រើប្រាស់ថ្នាំសំរាប់បង្ការការរើរឡើងវិញរបស់ជំងឺហឺតក្នុងរយៈពេលយូរ និងប្រើថ្នាំសំរាប់ហឹតភ្លាមៗដើម្បីគ្រប់គ្រងការហឺតម្តងៗ ។ ដោយសារតែជំងឺហឺតមានការប្រែប្រួលពីមួយពេលទៅមួយពេល អ្នកគួរតែសហការជាមួយគ្រូពេទ្យដើម្បីតាមដានរោគសញ្ញា និងផ្លាស់ប្តូរការព្យាបាលក្នុងករណីចាំបាច់ ។
រោគសញ្ញា
រោគសញ្ញារបស់ជំងឺហឺតច្រើនកើតពីកំរិតស្រាលទៅធ្ងន់ ហើយមានភាពខុសៗគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ។ អ្នកប្រហែលជាមានរោគសញ្ញាស្រាល ហើយការហឺតរបស់អ្នកប្រហែលជាមិនច្រើនដងទេ ។ អ្នកអាចមានរោគសញ្ញាដំបូងដែលកើតនៅពេលយប់ ពេលហាត់ប្រាណ ឬប្រឈមមុខនឹងបញ្ហាដែលធ្វើអោយអ្នកហឺត ។ រោគសញ្ញារបស់ជំងឺហឺតអាចមានគ្រប់ពេលវេលា ហើយសញ្ញាទាំងនោះរួមមាន៖
- ពិបាកដកដង្ហើម
- តឹងទ្រូង ឬឈឺទ្រូង
- ពិបាកដេក ដោយសារពិបាកដកដង្ហើម ក្អក ឬដោយសារដកដង្ហើមឮសូរដូចហួច
- ការដកដង្ហើមចេញឮដូចហួច ដែលវាជាសញ្ញារបស់ជំងឺហឺតលើកូនក្មេង
- ការក្អក ឬការដកដង្ហើមឮដូចហួចមានលក្ខណៈកាន់តែធ្ងន់ទៅៗ នៅពេលដែលមានមេរោគ ចូលតាមផ្លូវដង្ហើម ដូចជាមេរោគធ្វើអោយផ្តាសាយ ឬផ្តាសាយធំ ។
សញ្ញាដែលបញ្ជាក់ថាជំងឺហឺតរបស់អ្នកមានលក្ខណៈធ្ងន់៖
- ហឺតកាន់តែច្រើនដង ហើយរោគសញ្ញារបស់វាមានការរំខានដល់ការងាររបស់អ្នក
- ដង្ហើមពិបាកដកកាន់តែខ្លាំង (វាស់ដោយ Peak Flow Meter ជាមធ្យោបាយសំរាប់ចង់ដឹង ពីការធ្វើការរបស់សួតក្នុងការដកដង្ហើម)
- ត្រូវប្រើថ្នាំសំរាប់បំបាត់ហឺតដើម្បីបំបាត់ការហឺតកាន់តែច្រើនដង
សំរាប់មនុស្សមួយចំនួនដែលមានរោគសញ្ញារបស់ជំងឺហឺតកញ្ជ្រោលឡើងទៅតាមស្ថានភាព៖
- ពេលហាត់ប្រាណ៖ មានមនុស្សជាច្រើនដែលធ្វើអោយជំងឺហឺតរបស់ពួកគេកាន់តែធ្ងន់គឺនៅពេលពួកគេហាត់ប្រាណ ព្រោះខ្យល់ដែលពួកគេស្រូបយកមានធាតុត្រជាក់ផង និងស្ងួតផង ។
- ពេលធ្វើការ៖ ជំងឺហឺតក៏កើតឡើងតាមរយៈការងាររបស់ពួកគេដែរ ហើយធ្វើអោយហត់កាន់តែខ្លាំងជាពិសេសកន្លែងដែលសំបូរជាតិគីមី ធូលីដី ឬហ្គាស ។
- អាឡែហ្សី៖ មនុស្សមួយចំនួនដែលមានរោគសញ្ញាជំងឺហឺត ដែលបណ្តាលមកពី បញ្ហាអាឡែហ្សី ដូចជា រោមសត្វ ឬសត្វកន្លាត ។
ពេលដែលត្រូវជួបគ្រូពេទ្យ
កាលៈទេសៈខាងក្រោមនេះជាគន្លឹះដែលនាំអោយអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហាជំងឺហឺត៖
- ប្រសិនបើអ្នកគិតថាអ្នកមានជំងឺហឺត៖ ប្រសិនបើអ្នកក្អកជាញឹកញាប់ ច្រើនជាងបីថ្ងៃ ឬមានរោគសញ្ញាផ្សេងៗទៀតរបស់ជំងឺហឺត អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យទៅ ។ ការព្យាបាលជំងឺហឹតទាន់ពេលវេលា ពិសេសចំពោះកូនក្មេង ប្រហែលជាការពារការខូចខាតសួតបានយូរ និងជួយអោយពួកគេគេចផុតពីស្ថានភាពលំបាកជាច្រើនបាន ។
- ដើម្បីតាមដានជំងឺហឺតរបស់អ្នកបន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួច៖ ប្រសិនបើអ្នកដឹងថាអ្នកមានជំងឺហឺត ចូរធ្វើការជាមួយគ្រូពេទ្យដើម្បីគ្រប់គ្រងរោគសញ្ញារបស់វាអោយហើយ ។ ការគ្រប់គ្រងជំងឺហឺតបានល្អមិនអាចជួយអោយអ្នកមានអារម្មណ៍ធូស្បើយជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែវាក៏អាចបង្ការកំុអោយមានការហឺតដែលគំរាមកំហែងដល់អាយុជីវិតអ្នកបានដែរ ។
- ប្រសិនបើអ្នកជំងឺហឺតរបស់អ្នកកាន់តែធ្ងន់ទៅៗ៖ ចូរធ្វើការទំនាក់ទំនងនឹងគ្រូពេទ្យ ប្រសិនបើ ថ្នាំដែលអ្នកប្រើមិនអាចបំបាត់រោគសញ្ញា ឬត្រូវការថ្នាំសំរាប់បាញ់ដើម្បីបំបាត់រោគសញ្ញាអោយកាន់តែលឿន ។ មិនត្រូវព្យាយាមដោះស្រាយបញ្ហាតាមរយៈការប្រើថ្នាំកាន់តែច្រើន ដោយគ្មានការប្រឹក្សាជាមួយគ្រូពេទ្យឡើយ ។ ការប្រើថ្នាំជំងឺហឺតច្រើនពេកអាចបង្កអោយមានផលប៉ះពាលច្រើន ហើយអាចនឹងធ្វើអោយជំងឺហឺតរបស់អ្នកកាន់តែធ្ងន់ធ្ងរថែមទៀត ។
- ពិនិត្យតាមដានការព្យាបាលរបស់អ្នក៖ ដោយសារតែជំងឺហឺតមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ចូរអ្នកធ្វើការពិគ្រោះជាមួយគ្រូពេទ្យអោយបានទៀងទាត់ ដើម្បីពិភាក្សាអំពីរោគសញ្ញា និងផ្លាស់ប្តូរការព្យាបាលប្រសិនបើករណីចាំបាច់ ។
ពេលដែលត្រូវព្យាបាលជាបន្ទាន់
ជំងឺហឺតដែលធ្ងន់ធ្ងរអាចធ្វើអោយមានការគំរាមកំហែងដល់ជីវិតអ្នកជំងឺ ដូច្នេះចូរសហការជាមួយគ្រូពេទ្យអោយបានទាន់ពេលវេលា ដើម្បីធ្វើការកំនត់ថាតើត្រូវធ្វើអី្វ ឬត្រូវព្យាបាលយ៉ាដូចម្តេចនៅពេលដែលមានរោគសញ្ញាធ្ងន់ធ្ងរកើតមាន ។ ប្រសិនបើថ្នាំសម្រាប់បំបាត់រោគសញ្ញារបស់អ្នកដែលធ្លាប់តែមានប្រសិទ្ធភាពលឿន បែរជាមិនមានប្រសិទ្ធភាព នៅពេលមានការហឺតធ្ងន់ធ្ងរ ចូរស្វែងរកសេវាសង្គ្រោះបន្ទាន់ ភ្លាម ។ រោគសញ្ញានៃជំងឺហឺតដែលត្រូវការការព្យាបាលជាបន្ទាន់មាន៖
- ដង្ហើមដកកាន់តែពិបាកខ្លាំងមួយរំពេច ឬដកដង្ហើមឮដូចហួច
- មិនមានការធូរស្រាលសោះនៅពេលប្រើថ្នាំបំបាត់រោគសញ្ញាដែលមានប្រសិទ្ធភាពលឿនហើយ (Albuterol) ។
- ពិបាកដកដង្ហើមនៅពេលដែលធ្វើសកម្មភាពរាងកាយតិចតួចក៏ដោយ ។
មូលហេតុ
ជំងឺនេះមិនទាន់បានដឹងច្បាស់ថា ហេតុអ្វីបានជាមនុស្សខ្លះមាន ហើយខ្លះទៀតមិនមាននោះទេ ប៉ុន្តែវាប្រហែលជាបណ្តាលមកពីការផ្សំគ្នានៃបរិស្ថាន និងកត្តាតំនពូជ ។
មូលហេតុរបស់ជំងឺហឺតមានភាពខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ ។ ការប្រឈមមុខនឹង អាឡែហ្សីជាច្រើនខុសៗគ្នា និងការរលាក ( Inflamation) សុទ្ធតែអាចបណ្តាលអោយមានរោគសញ្ញា របស់ជំងឺហឺតដែរ ក្នុងនោះមាន៖
- អាឡែហ្សីដូចជា៖ រោមសត្វ សត្វចិញ្ចឹម ផ្សិត កន្លាត និងធូលីដី
- ជំងឺផ្លូវដង្ហើមដូចជាជំងឺផ្តាសាយ
- សកម្មភាពរាងកាយ (ការហាត់ប្រាណ)
- ខ្យល់ត្រជាក់
- ខ្យល់បំពុលបរិស្ថានន ដូចជាផ្សេង
- ថ្នាំ Beta Blocker, Aspirin និង Nonsteroid Anti-inflammatory ។
- បញ្ហាផ្លូវចិត្ត និង Stress
- អាហារ និងភេសជ្ជៈមួយចំនួន
- ជំងឺ ច្រាលទឹកអាស៊ីតក្រពះមកបំពង់ក (Gastroesophageal Reflux Disease, GERD)
- ស្រី្តខ្លះដោយសារការមករដូវ
- មានប្រតិកម្ម អាឡែហ្សី ជាមួយសណ្តែកដី ។
កត្តាប្រឈមមុខ
ជំងឺហឺតជាជំងឺមួយដែលច្រើនកើតជាងគេ ហើយមានការប៉ះពាល់ទាំងមនុស្សធំ និងកូនក្មេងរាប់លាននាក់ ។ មានមនុស្សជាច្រើនដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺហឺតក្នុងមួយឆ្នាំៗ ប៉ុន្តែគេមិនបានដឹងថាមកពីមូលហេតុអ្វីនោះទេ ។ កត្តាមួយចំនួនដែលត្រូវបានគិតថាធ្វើអោយកើត ជំងឺហឺតមាន៖
- ទាក់ទងនឹងតំនពូជ (តាមឪពុកម្តាយ ឬបងប្អូន) ដែលមានជំងឺហឺត
- មានបញ្ហាប្រតិកម្មដូចជា ការរលាកស្បែក ឬរលាកច្រមុះ (Hay Fever)
- ធាត់ពេក
- ជាអ្នកជក់បារី
- ប្រឈមមុខនឹងការស្រូបផ្សែងបារី
- មានម្តាយជាអ្នកជក់បារីក្នុងអំឡុងពេលពរពោះ
- មានការអស់កំលាំងនៅពេលប្រឈមមុខនឹងផ្សេង ឬឧស្ម័ន
- ប្រឈមមុខនឹងបញ្ហាការងារ ដូចជាការប្រើសារធាតុគីមី ថ្នាំលាបសក់ និងសកម្មភាពផលិតអ្វីមួយ
- កូនកើតមិនគ្រប់ទម្ងន់
ការប្រឈមមុខនឹងបញ្ហាអាឡែហ្សី មេរោគ និងបាក់តេរី ឬវីវុសក៏ជាកត្តាប្រឈមមុខផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវជាច្រើនត្រូវតែធ្វើឡើងដើម្បីកំនត់អោយបាននូវអ្វីដែលជាអ្នកដើរតួរធ្វើអោយកើតជំងឺហឺតនេះឡើង ។
ផលវិបាក
ជំងឺហឺតប្រហែលជាធ្វើអោយមានផលវិបាកមួយចំនួនដូចជា៖
- មានរោគសញ្ញារំខានដល់ការដេក ធ្វើការ និងសកម្មភាពប្រចាំថ្ងៃ
- ពេលធ្វើការ ឬរៀននៅសាលាបែរជាមានជំងឺនៃការកើតឡើងរបស់ជំងឺហឺត
- ផ្លូវដង្ហើមរួមតូចជាប់រហូត ដែលមានការប៉ះពាល់ទៅដល់ការដកដង្ហើតបានល្អរបស់អ្នក
- ចូរបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ឬមន្ទីរពេទ្យនៅពេលដែលមានការហឺតធ្ងន់ធ្ងរ ។
- មានផលប៉ះពាល់នៅពេលប្រើថ្នាំដែលមានប្រសិទ្ធភាពយូរ ដើម្បីគ្រប់គ្រងការហឺត ។
ការព្យាបាលបានត្រឹមត្រូវធ្វើអោយមានការខុសគ្នាធំមួយក្នុងការបង្ការនូវផលវិបាករយៈពេលយូរ និងខ្លី ដែលបណ្តាលមកពីជំងឺហឺត ។
ការត្រៀមខ្លួនដើម្បីជួបជាមួយគ្រូពេទ្យ
អ្នកគួរតែទៅជួបនឹងគ្រូពេទ្យប្រចាំគ្រួសាររបស់អ្នកជាមុនសិន តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទៅពេទ្យ អ្នកប្រហែលជាត្រូវបញ្ជូនទៅជួបអ្នកឯកទេសខាងអាឡែហ្សី ជំងឺសួត ឬអ្នកឯកទេសផ្សេងៗទៀត ។
ដោយសារតែជំនួបរបស់អ្នកមានរយៈពេលខ្លី ហើយត្រូវរៀបរាប់ពីបញ្ហាជាច្រើនថែមទៀត អ្នកគួរតែមានការត្រៀមខ្លួនទុកជាមុនសិន ។ នេះជាព័ត៌មានមួយចំនួនដែលអាចជួយអ្នកអោយត្រៀមខ្លួនរួចជាស្រេចក្នុងការជួបជាមួយគ្រូពេទ្យ ហើយក៏ជាអ្វីដែលគ្រូពេទ្យចង់បានដែរ ។
អ្វីដែលអ្នកអាចធ្វើបាន
ជំហានទាំងនេះអាចជួយអ្នកក្នុងការជួបជាមួយគ្រូពេទ្យបានយ៉ាងល្អបំផុត៖
- សរសេររោគសញ្ញាទាំងអស់ដែលអ្នកមាន រួមទាំងសញ្ញាដែលមិនទាក់ទងនឹងជំងឺហើយផងដែរ ។
- កត់ចំនាំនៅពេលដែលរោគសញ្ញារបស់អ្នករំខានអ្នកខ្លាំងជាងគេ ឧទាហរណ៍ ប្រសិនបើរោគសញ្ញរបស់អ្នកមានការវិវត្តន៍កាន់តែធ្ងន់ទៅៗ នៅពេលថ្ងៃ តាមរដូវកាល ឬនៅពេលប៉ះខ្យល់ត្រជាក់ រោមសត្វ ឬបញ្ហាផ្សេងៗទៀត ។
- សរសេរអំពីជីវប្រវត្តិផ្ទាល់ខ្លួនរួមទាំងអ្វីដែលធ្វើអោយ stress ឬធ្វើអោយជីវិតរបស់អ្នកមានការផ្លាស់ប្តូរ
- ធ្វើតារាងថ្នាំ វីតាមីន និងថ្នាំបំប៉នដែលអ្នកកំពុងតែប្រើរាល់ថ្ងៃ ។
- នាំសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់មកជាមួយផងប្រសិនបើអាច ។ ពេលខ្លះវាមានការពិបាកក្នុងការនិយាយប្រាប់ព័ត៌មានផ្ទាល់ខ្លួនអោយបានអស់ក្នុងពេលជួបជាមួយគ្រូពេទ្យ។
- សរសេរនូវសំនួរសំរាប់សួរគ្រូពេទ្យ
ពេលវេលារបស់អ្នកជាមួយគ្រូពេទ្យគឺមានកំនត់ ដូច្នេះការរៀបចំសំនួរអោយបានរួចរាល់នឹងជួយអ្នកធ្វើការជាមួយគ្រូពេទ្យកាន់តែប្រសើរ ។ តារាងសំនួររបស់អ្នកគួរតែផ្តើមពីសំនួរណាដែលសំខាន់ជាងគេបំផុត ហើយសំនួរទាំងនោះរួមមាន៖
- តើជំងឺហឺតច្រើនតែធ្វើអោយមានបញ្ហាក្នុងការដកដង្ហើមមែនដែរឬទេ?
- តើមានមូលហេតុអ្វីដែលធ្វើអោយមានរោគសញ្ញាដូចខ្ញុំនេះ?
- តើខ្ញុំត្រូវធ្វើតេសអ្វីខ្លះ?
- តើស្ថានភាពរបស់ខ្ញុំជាលក្ខណៈបណ្តោះអាសន្ន ឬរ៉ាំរ៉ៃ?
- តើការព្យាបាលអ្វីដែលល្អបំផុត?
- តើមានការផ្លាស់ប្តូរដែរទេដែលអ្នកណែនាំអោយខ្ញុំធ្វើ?
- ខ្ញុំមានបញ្ហាសុខភាពផ្សេងទៀត តើខ្ញុំអាចគ្រប់គ្រងវាទាំងពីរដោយវិធីណា?
- តើមានអ្វីសំរាប់ខ្ញុំតមដែរឬទេ?
- តើខ្ញុំគួរតែទៅជួបអ្នកឯកទេសដែរឬទេ?
- តើមានការប្រើថ្នាំអ្វីផ្សេងដែរឬទេ?
- តើមានឯកសារ ឬរបស់អ្វីដែលខ្ញុំអាចយកទៅផ្ទះមើលបន្ថែមដែរឬទេ? តើគេហទំព័រណាដែល អ្នកអោយខ្ញុំតាមដានបន្ថែម?
បន្ថែមពីនេះទៅទៀត រាល់សំនួរទាំងអស់ដែលអ្នករៀបចំសំរាប់សួរគ្រូពេទ្យមិនត្រូវមានការអៀនខ្មាស់ក្នុងការសួរនោះទេ ។
អ្វីដែលគ្រូពេទ្យចង់បានវិញ
គ្រូពេទ្យរបស់អ្នកប្រហែលជានឹងសួរអ្នកនូវសំនួរមួយចំនួនបន្ថែម ដូច្នេះចូររៀបចំចំលើយរបស់អ្នក អោយបានរួចរាល់ក្នុងការឆ្លើយ ។ គ្រូពេទ្យអាចនឹងសួរដូចជា៖
- តើរោគសញ្ញាអ្វីដែលប្រាកដនោះ?
- តើរោគសញ្ញានេះកើតតាំងពីពេលណាមក?
- តើរោគសញ្ញានេះវាធ្ងន់ធ្ងរដល់កំរិតណា?
- តើអ្នកមានបញ្ហាក្នុងការដកដង្ហើមច្រើនដងដែរទេ ឬតាមពេលវេលា ឬស្ថានភាព?
- តើអ្នកមានប្រតិកម្មអាឡែហ្សី ដូចជារលាកស្បែក ឬរលាកច្រមុះដែរឬទេ?
- តើអ្វីដែលធ្វើអោយរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ទៅៗ?
- តើអ្វីដែលធ្វើអោយរោគសញ្ញារបស់អ្នកមានការធូរស្រាល?
- តើបញ្ហាអាឡឺហ្សី និងជំងឺហឺតកើតទាំងគ្រួសារដែរឬទេ?
- តើអ្នកមានបញ្ហាសុខភាពណាមួយរ៉ាំរ៉ៃដែរឬទេ?
ការធ្វើតេស និងដាក់រោគវិនិច្ឆ័យ
ការដាក់រោគវិនិច្ឆ័យជំងឺហឺតអាចមានការពិបាក ។ រោគសញ្ញា អាចមានពីកំរិតស្រាល ទៅធ្ងន់ ហើយច្រើនតែស្រដៀងគ្នានឹងបញ្ហាផ្សេងៗទៀតដូចជា Emphysema, Congestive Heart Failure ។ ក្មេងៗច្រើនតែមានការវិវត្តន៍ទៅជាបញ្ហាដង្ហើមបណ្តោះអាសន្ន ដែលមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺហឺត ឧទាហរណ៍ វាអាចធ្វើអោយពិបាកក្នុងការប្រាប់ថ្នាជំងឺហឺតណាស់ តាមរយៈការរលាកទង់សួត រលាកសួត ឬជំងឺប្រតិកម្មនៅលើផ្លូវដង្ហើម ។
ក្នុងបំនងដើម្បីទាត់ចោលនូវបញ្ហាជាច្រើនទៀត គ្រូពេទ្យនឹងធ្វើការពិនិត្យទៅលើរាងកាយ និងសួរសំនួរ ជាច្រើនអំពីរោគសញ្ញា និងបញ្ហាសុខភាពផ្សេងៗទៀត ។ អ្នកប្រហែលជាត្រូវធ្វើតេស្តដើម្បីចង់ដឹងពីមុខងារបស់សួត ក្នុងការកំនត់ថាតើសួតរបស់អ្នកអាចស្រូបយកខ្យល់ និងចេញខ្យល់បានប៉ុន្មានរាល់ការដកដង្ហើមម្តងៗ ។
តេស្តដើម្បីកំនត់អំពីមុខងាររបស់សួត៖
- Spirometry៖ តេស្តប្រភេទនេះធ្វើឡើងដើម្បីចង់ដឹងអំពីការរួមតូចរបស់ទងសួត ដោយពិនិត្យទៅលើចំនួនខ្យល់ដែលអ្នកបានដកចេញ បន្ទាប់ពីស្រូបខ្យល់ចូលយ៉ាងខ្លាំងរួច ហើយចង់ដឹងថាតើអ្នកអាចដកដង្ហើមចេញបានខ្លាំងបានកំរិតណា?
- Peak Flow៖ Peak Flow គឺជាការវាស់ធម្មតាមួយដើម្បីចង់ដឹងថាតើអ្នកមានការពិបាកក្នុងការដកដង្ហើមចេញបានកំរិតណា ។ កំរិត Peak Flow ដែលតិចជាងធម្មតាជាសញ្ញានៃសួតដែលមិនបានកំពុងធ្វើការបានល្អនោះទេ ហើយជំងឺហឺតរបស់អ្នកនឹងមានកំរិតធ្ងន់ធ្ងរដែរ ។ គ្រូពេទ្យនឹងអោយដំបូន្មានថាតើត្រូវដោះស្រាយយ៉ាងដូចម្តេចនៅពេលដែល កំរិត Peak Flow ទាបដូច្នេះ ។
ការធ្វើតេស្តសួតច្រើនធ្វើឡើងមុន និងបន្ទាប់ពីប្រើថ្នាំពង្រីកទងសួតរួចហើយដូចជា៖ Albuterol ។ ប្រសិនបើសួតរបស់អ្នកធ្វើការល្អវិញ នៅពេលដែលអ្នកប្រើថ្នាំពង្រីកទងសួតរួច មានន័យថាអ្នកមានជំងឺសួតហើយ ។
តេស្តផ្សេងៗទៀតសំរាប់វិនិច្ឆ័យជំងឺហឺត៖
- Methacholine Challenge៖ ប្រសិនបើអ្នកមានជំងឺហឺត ដោយការស្រូបយករបស់ដែលធ្វើអោយអ្នកហឺតគេហៅថា Methacholine ដែលវានឹងធ្វើអោយផ្លូវដង្ហើមរបស់អ្នករួមតូច ។ ប្រសិនបើអ្នកមានប្រតិកម្មនឹងបញ្ហាធ្វើអោយហឺត អ្នកគួរតែមានជំងឺហឺតហើយ ។ តេស្តមួយនេះប្រហែលជាប្រើបានប្រសិនបើតេស្តចង់ដឹងពីមុខងាររបស់សួតមានសភាពធម្មតា ។
- Nitric Oxide Test៖ តេស្តនេះពេលខ្លះត្រូវបានប្រើសំរាប់កំណត់រោគវិនិច្ឆ័យ និងតាមដានជំងឺហឺត ។ វាអាចកំនត់នូវចំនួនខ្យល់ដែលមានឈ្មោះថា Nitric Oxide ដែលអ្នកស្រូបចូលបាន ។ ប្រសិនបើផ្លូវដង្ហើមរបស់អ្នកមានការរលាក ដែលវាជាសញ្ញារបស់ជំងឺហឺត អ្នកប្រហែលជាមានចំនួន Nitric Oxide ច្រើនជាងធម្មតា ។ តេស្តប្រភេទនេះមិនបានប្រើជាទូទៅនោះទេ ។
ចំណាត់ថ្នាក់ជំងឺហឺត
ដើម្បីធ្វើចំណាត់ថ្នាក់ជំងឺហឺតធ្ងន់ធ្ងរ គ្រូពេទ្យនឹងពិចារណាលើចំលើយដែលបានឆ្លើយអំពីរោគសញ្ញា (ដូចជាតើការហឺតរបស់អ្នកមានលក្ខណៈដូចម្តេច ហើយវាពិបាកយ៉ាងណាដែរ) ជាមួយនឹងលទ្ធផល នៃការពិនិត្យលើរាងកាយ និងតេស្តរោគវិនិច្ឆ័យ ។ ការកំនត់នូវកំរិតនៃភាពធ្ងន់ធ្ងរ នៃជំងឺហឺតអាចជួយគ្រូពេទ្យជ្រើសរើសយកការព្យាបាលដ៏ល្អបំផុតសំរាប់អ្នកបាន ។ ភាពធ្ងន់ធ្ងររបស់ជំងឺហឺត ច្រើនតែមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវទាមទារនូវការព្យាបាលផ្សេងៗពីគ្នាដែរ ។
ជំងឺហឺតត្រូវបានដាក់ចំណាត់ថ្នាក់ជាទូទៅ ៤ក្រុម៖
ការព្យបាល និងការប្រើប្រាស់ថ្នាំ
ការការពារ និងការគ្រប់គ្រងរោគសញ្ញាជំងឺហឺតរយៈពេលយូរ គឺជាគន្លឹះក្នុងការការពារការហឺត ។ ការព្យបាលជាធម្មតារាប់បញ្ចូលទាំងការសិក្សាអោយស្គាល់ពីមូលហេតុ និងត្រូវធ្វើជាជំហានៗក្នុងការចៀសអោយផុតពីបញ្ហាទាំងនោះ ហើយត្រូវតាមដាននូវការដកដង្ហើមរបស់អ្នកដើម្បីប្រាកដថាថ្នាំជំងឺ ហឺតរបស់អ្នកដែលប្រើរាល់ថ្ងៃនេះអាចគ្រប់គ្រងរោគសញ្ញារបស់អ្នកបានដែរឬទេ ។ ក្នុងករណីដែលមានការកញ្ជ្រោលជំងឺហឺតឡើង អ្នកប្រហែលជាត្រូវការប្រើថ្នំាសំរាប់ហិតដើម្បីបំបាត់ការហឺតនេះអោយលឿនបំផុត ដូចជាថ្នាំ Albuterol ។
ការប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំដែលត្រឹមត្រូវគឺត្រូវពឹងផ្អែកទៅលើកត្តាមួយចំនួនរបស់អ្នកបន្ថែមទៀតដូចជា អាយុ រោគសញ្ញាដែលមាន មូលហេតុដែលធ្វើអោយអ្នកហឺត និងអ្វីដែលធ្វើអោយអ្នកអាចគ្រប់គ្រង់ការហឺតរបស់អ្នកល្អបំផុត ។
ការប្រើថ្នាំដើម្បីបង្ការរោគសញ្ញារយៈពេលយូរ អាចកាត់បន្ថយនូវការរលាកផ្លូវដង្ហើម ដែលធ្វើអោយការដកដង្ហើមរបស់អ្នកមានកំនត់ ។ តាមករណីខ្លះទៀត ការប្រើថ្នាំសំរាប់ព្យាបាលបញ្ហាអាឡែហ្សីគឺចាំបាច់ត្រូវតែធ្វើ ។
ការប្រើថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញារយៈពេលយូរ
ករណីភាគច្រើន ការប្រើប្រាស់ថ្នាំត្រូវធ្វើជារៀងរាល់ថ្ងៃ ។ ប្រភេទនៃថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញារយៈពេលយូរមានដូចជា៖
- ថ្នាំ Corticosteroid សំរាប់ហិត៖ ថ្នាំទាំងនេះរួមមាន Fluticasone (Flovent Diskus, Flovent HFA), Budesonide (Pulmicort Flexhaler), Mometasone (Asmanex), Flunisolide (Aerobid), Beclomethasone (Qvar) និងថ្នាំផ្សេងៗទៀត ។ ថ្នាំទាំងនេះភាគច្រើនប្រើជាលក្ខណៈគ្រប់គ្រងរោគសញ្ញាជំងឺហឺតរយៈពេលយូរ ។ អ្នកប្រហែលជាត្រូវការប្រើថ្នាំទាំងនេះរយៈពេលច្រើនថ្ងៃ រហូតដល់ច្រើនសប្តាហ៍មុនពេលដែលឈានទៅដល់អត្ថប្រយោជន៍ជាអតិប្បរិមា ។ វាមិនដូចជាថ្នាំ Corticosteroid សំរាប់លេបនោះទេ ព្រោះថ្នាំទាំងអស់នេះមានផលប៉ះពាល់តិចតួចបំផុត ហើយជាទូទៅច្រើនតែមានសុវត្ថិភាពនៅពេលប្រើរយៈពេលយូរ ។
- Leukotriene Modifiers៖ ថ្នាំលេបប្រភេទនេះមាន Montelukast (Singulair), Zafirlukast (Accolate) និង Zileuton (Zyflo, CR) ។ ថ្នាំនេះអាចជួយអ្នកការពាររោគសញ្ញារបស់ជំងឺហឺតរហូតដល់ ២៤ម៉ោង ។ ក្នុងករណីដែលកម្រថ្នាំទាំងនេះមានការពាក់ព័ន្ធនឹងប្រតិកម្មផ្លូវចិត្តដូចជាធ្វើអោយព្រួយបារម្ភ ឆាប់ខឹង លឺសំលេងឬឃើញរបស់អ្វីដែលអ្នកដទៃមិនអាចឃើញដូច បាក់ទឹកចិត្ត និងមានគំនិតចង់ធ្វើអត្តឃាត ។ ចូរស្វែងរកសេវាសង្គ្រោះបន្ទាន់ក្នុងករណីដែលមានប្រតិកម្មមិនធម្មតា ។
- Long-acting Beta Agonists (LABAs)៖ ថ្នាំនេះគឺសំរាប់ហឹត Salmeterol (Serevent Diskus) និង Formoterol (Foradil Aerolizer) ។ LABAs មាននាទីបើកផ្លូវដង្ហើម និងកាត់បន្ថយការរលាក ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំទាំងនេះមានការពាក់ព័ន្ធនឹងការហឺតធ្ងន់ធ្ងរ ។ LABAs គួរតែប្រើរួមគ្នាជាមួយ ថ្នាំ Corticosteroid សំរាប់ហិតបន្ថែមទៀត ។
- ថ្នាំហិតរួមគ្នាមានដូចជា Fluticasone និង Salmeterol (Advair Diskus) និង Budesonide និង Formoterol (Symbicort) ។ ថ្នាំទាំងនេះផ្សំឡើងដោយ LABA ជាមួយនឹង Corticosteroid ។ វាក៏ដូចជា ថ្នាំ LABA ដទៃទៀតដែរ ដោយវាធ្វើអោយកើនឡើងនូវការប្រឈមមុខនឹងការហឺតកាន់តែខ្លាំងថែមទៀត ។
- Theophylline៖ នេះគឺជាថ្នាំគ្រាប់ដែលជួយអោយផ្លូវដង្ហើមរបស់អ្នកបើកបានល្អ (Bronchodilator) ។ ថ្នាំ Theophylline (Theo-24, Elixophyllin) ជាអ្នកអោយសាច់ដុំនៅជុំវិញផ្លូវដង្ហើមធូរ ដែលបង្កជាលក្ខណៈងាយស្រួលសំរាប់ការដកដង្ហើម ។ វាមិនត្រូវបានប្រើប្រាស់ជាញឹកញាប់ដូចពីមុនទេ ។
ការប្រើថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញារយៈពេលខ្លី
ថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញរយៈពេលខ្លីត្រូវបានប្រើក្នុងករណីភ្លាមៗ និងបំបាត់រោគសញ្ញាក្នុងរយៈពេលខ្លីមួយ ពិសេសនៅពេលចាប់ផ្តើមហឺត ឬមុនពេលធ្វើលំហាត់ប្រាណ ។ ប្រភេទនៃថ្នាំសំរាប់គ្រប់ គ្រងរោគសញ្ញារយៈពេលខ្លីរួមមាន៖
- Short-acting Beta Agonists៖ ថ្នាំហិតទាំងនេះគឺសំរាប់ធ្វើអោយទងសួតរីកលឿន ដែលអាច បំបាត់រោគសញ្ញាបានលឿនក្នុងពេលដែលហឺតម្តងៗ ។ ថ្នាំទាំងនេះមាន Albuterol (ProAir HFA, Ventolin HFA), Levalbuterol (Xopenex HFA) និង Pibuterol (Maxair Autohaler) ។ ថ្នាំ ទាំងនេះមានប្រសិនភាពតែប៉ុន្មាននាទី ឬម៉ោងទេ ។
- ថ្នាំ IPratropium (Atrovent)៖ គ្រូពេទ្យប្រហែលជាចេញវេជ្ជបញ្ជាប្រើថ្នាំហិតប្រភេទនេះសំរាប់ បំបាត់រោគសញ្ញាភ្លាមៗ ។ វាក៏ដូចជាថ្នាំពង្រីកទងសួតដទៃទៀតដែរ គឺ Ipratropium ធ្វើអោយផ្លូវដង្ហើមធូរ ដែលបង្កអោយងាយស្រួលក្នុងការដកដង្ហើម ។ Ipratropium ក៏ត្រូវបានគេយកទៅប្រើលើជំងឺ Emphysema និង រលាកទងសួតរ៉ាំរ៉ៃ (Chronic Bronchitis) ប៉ុន្តែពេលខ្លះមិនអោយប្រើនៅពេលមានហឺតនោះទេ ។
- ថ្នាំ Corticosteroid សំរាប់លេប និងចាក់តាមសរសៃ៖ ថ្នាំទាំងនេះជួយបំបាត់នូវការរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយជំងឺហឺតធ្ងន់ធ្ងរ ឧទាហរណ៍ដូចជា Prednisone និង Methylprednisolone ។ វាអាចធ្វើអោយមានប៉ះពាល់ធ្ងន់ធ្ងរផងដែរ នៅពេលដែលប្រើរយៈពេលយូរ ដូច្នេះថ្នាំនេះប្រើតែរយៈពេលខ្លីទេដើម្បីព្យាបាលរោគសញ្ញាធ្ងន់ធ្ងររបស់ជំងឺហឺត ។
ការព្យាបាលជំងឺហឺតដែលបង្កឡើងដោយអាឡឺហ្សី
ប្រសិនបើជំងឺហឺតរបស់អ្នកបង្កឡើង ឬធ្វើកាន់តែធ្ងន់ធ្ងរទៅដោយសារ អាឡឺហ្សី ការព្យាលបញ្ហាអាឡឺហ្សីប្រហែលជាមានប្រយោជន៍សំរាប់អ្នក ។ ការព្យាបាលអាឡឺហ្សីមានដូចជា៖
- Allergy Shots (Immunotherapy)៖ ការចាក់ Immunotherapy ជាទូទៅត្រូវចាក់អោយបានម្តងក្នុងមួយសប្តាហ៍ រយៈពេលពីរបីខែ បន្ទាប់មកត្រូវចាក់អោយបានម្តងក្នុងមួយខែក្នុងពេល៣ ទៅ ៥ឆ្នាំទៀត ។ ជារៀងរាល់ថ្ងៃថ្នាំទាំងនេះធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នកថយចុះបន្តិចម្តងៗ ក្នុងការប្រឆាំងនឹង អាឡែហ្សី ។
- ថ្នាំ Omalizumab (Xolair)៖ ថ្នាំទាំងនេះត្រូវបានប្រើជាពិសេសលើមនុស្សដែលមានអាឡែហ្សី និងជំងឺហឺតធ្ងន់ធ្ងរ ។ វាធ្វើអោយប្រព័ន្ធភាពស៊ាំមានការផ្លាស់ប្តូរ ។ Omalizumab ត្រូវការចាក់បញ្ចូលក្នុងខ្លួនជារៀងរាល់ ២ ទៅ ៤សប្តាហ៍ ។
- ថ្នាំអាឡែហ្សី៖ ថ្នាំទាំងនេះរួមមាន ថ្នាំប្រឆាំងនឹង Histamines ទាំងលេប និងជាស្ព្រាយបាញ់ច្រមុះ និងស្ព្រាយបាញ់បំបាត់ការតឹងច្រមុះ ប្រភេទ Corticosteroid, Cromolyn និង Ipratropium ។
មិនត្រូវពឹងលើថ្នាំបំបាត់រោគសញ្ញារយៈពេលខ្លីទាំងស្រុងនោះទេ
ថ្នាំសំរាប់គ្រប់គ្រងជំងឺហឺតរយៈពេលខ្លីដូចជាថ្នាំហិត Corticosteroid គឺជាមូលដ្ឋានក្នុងការព្យាបាលជំងឺហឺត ។ ថ្នាំទាំងនេះធ្វើអោយជំងឺហឺតស្ថិតនៅក្រោមការគ្រប់គ្រងបានជារៀងរាល់ថ្ងៃ ហើយមិនសូវធ្វើអោយអ្នកហឺតទេ ។
ប្រសិនបើអ្នកមានការកញ្ជ្រោលឡើងរបស់ជំងឺហឺត ថ្នាំបំបាតរោគសញ្ញារយៈពេលខ្លីសំរាប់ហឹតអាចជួយបំបាត់រោគសញ្ញាបានដែរ ។ ប៉ុន្តែប្រសិនបើថ្នាំបំបាត់រោគសញ្ញារយៈពេលវែងរបស់អ្នកមានប្រសិទ្ធភាពល្អ អ្នកមិនគួរត្រូវការប្រើថ្នាំហឹតសំរាប់បំបាត់រោគសញ្ញារយៈពេលខ្លីទៀតទេ ។ ចូរកត់ទុកនូវចំនួនដងនៃការហឺតក្នុងមួយសប្តាហ៍ ។ ប្រសិនបើអ្នកត្រូវការប្រើថ្នាំ ហិតដើម្បីបំបាត់រោគសញ្ញារយៈពេលខ្លីច្រើនជាងវេជ្ជបញ្ជារបស់គ្រូពេទ្យ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែមទៀត ។ អ្នកប្រហែលជាត្រូវការផ្លាស់ប្តូរថ្នាំសំរាប់បំបាត់រោគសញ្ញាជំងឺហឺតរយៈពេលយូរហើយ ។
Bronchial Thermoplasty
ការព្យាបាលប្រភេទនេះត្រូវបានប្រើសំរាប់ជំងឺហឺតធ្ងន់ធ្ងរ ដែលមិនអាចអាចធូរស្រាលក្រោយពេលប្រើថ្នាំហិត Corticosteroid ឬថ្នាំបំបាត់រោគសញ្ញារយៈពេលយូរបាន ។ ជាទូទៅ Bronchial Thermoplasty ធ្វើអោយផ្លូវដង្ហើមនៅក្នុងសួតរបស់អ្នកក្តៅ ដោយប្រើ Electrode និងកាត់បន្ថយនូវសាច់ដុំនៅក្នុងផ្លូវដង្ហើម ។ ការធ្វើដូច្នេះធ្វើអោយលទ្ធភាពនៃការឡើងតឹងរបស់ផ្លូវដង្ហើមមានកំនត់ និងធ្វើអោយការដកដង្ហើមមានការងាយស្រួល ហើយថែមទាំងកាត់បន្ថយការហឺតទៀតផង ។ Bronchial Thermoplasty មិនត្រូវបានប្រើជាទូទៅនៅឡើយទេ ដូច្នេះការសិក្សាបន្ថែមត្រូវតែធ្វើឡើងដើម្បីកំនត់ទៅលើផលប្រយោជន៍នៃការព្យាបាល ការប្រឈមមុខ និងផលប៉ះពាល់ធ្ងន់ធ្ងរ ។
ការព្យាបាលដោយធ្វើការគ្រប់គ្រងអោយកាន់តែល្អលើភាពធ្ងន់ធ្ងរ (A Stepwise Approach)
ការព្យាបាលត្រូវពឹងទៅលើការគ្រប់គ្រង់ជំងឺហឺតថាតើអាចជួយអ្នកព្យាបាលបានដែរឬទេ ។ ការព្យាបាលជំងឺហឺតគួរតែមានការបត់បែន ហើយផ្អែកលើការប្រែប្រួលរបស់រោគសញ្ញា ដែលគួរតែវាយតំលៃដោយគ្រូពេទ្យ បន្ទាប់មកការព្យាបាលក៏ប្រែប្រួលតាមនឹងដែរ ឧទាហរណ៍ថា ប្រសិនបើជំងឺហឺតរបស់អ្នកត្រូវបានគ្រប់គ្រងល្អ គ្រូពេទ្យប្រហែលជាចេញវេជ្ជបញ្ជាអោយប្រើថ្នាំតិច ។ ប្រសិនបើជំងឺហឺតរបស់អ្នកមិនត្រូវបានគ្រប់គ្រងល្អ ឬកាន់តែធ្ងន់ទៅៗ គ្រូពេទ្យប្រហែលជាចេញថ្នាំអោយអ្នកប្រើកាន់តែ ច្រើន ហើយត្រូវមកជួបពេទ្យអោយច្រើនដងដែរ ។
គម្រោងសកម្មភាពជំងឺហឺត
ចូរធ្វើការជាមួយគ្រូពេទ្យដើម្បីបង្កើតគម្រោងសកម្មភាពជំងឺហឺត ដែលធ្វើឡើងដោយការសរសេរនៅពេលដែលអ្នកប្រើថ្នាំ ឬនៅពេលដែលកើនឡើង ឬថយចុះនូវការប្រើកំរិតថ្នាំ ដែលផ្អែកទៅលើរោគសញ្ញារបស់អ្នកផ្ទាល់ ។ គម្រោងសកម្មភាពជំងឺហឺតរបស់អ្នកគួរតែរាប់នូវមូលហេតុធ្វើអោយហឺត និង វិធានការដែលត្រូវចៀសវាង រួមទាំងការតាមដានរោគសញ្ញា ឬប្រើប្រាស់ Peak Flow Meter អោយបានទៀងទាត់ ដើម្បីដឹងថា ការព្យាបាលរបស់អ្នកមានភាពល្អទៅលើការគ្រប់គ្រងជំងឺហឺតរបស់អ្នក ។
របៀបរស់នៅ និងការព្យាបាលតាមផ្ទះ
ដូច្នេះមនុស្សជាច្រើនដែលមានជំងឺហឺតត្រូវពឹងលើថ្នាំជានិច្ចដើម្បីបង្ការ និងបំបាត់រោគសញ្ញា ហើយអ្នកអាចធ្វើអ្វីៗបានទាំងអស់ដើម្បីរក្សាសុខភាពរបស់អ្នក និងមិនសូវមានការហឺតតទៅទៀត ។
ចៀសវាងមូលហេតុធ្វើអោយហឺត
ការអនុវត្តន៍នូវវិធានការទាំងឡាយដើម្បីបន្ថយការប៉ះពាល់នូវមូលហេតុធ្វើអោយមានសញ្ញារបស់ជំងឺហឺត គឺជាគន្លឹះនៃការគ្រប់គ្រងជំងឺហឺត ។ ទាំងនេះគឺជាអ្វីដែលអាចជួយអ្នកបាន៖
- ប្រើម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់អាចកាត់បន្ថយនូវចំនួនលំអង ដែលចេញពីដើមឈើ ស្មៅ និងរុក្ខជាតិតូចនៅក្នុងផ្ទះ ។ ម៉ាស៊ីនត្រជាក់ក៏អាចបន្ថយនូវទឹកសន្សើម និងអាចបន្ថយនូវការប៉ះពាល់នឹងធូលីដីដែរ ។ ប្រសិនបើអ្នកមិនមានម៉ាស៊ីនត្រជាក់ទេ ព្យាយាមបិទបង្អួចក្នុងផ្ទះរបស់អ្នកដើម្បីការពារលំអងផ្កាហុយចូល ។
- ត្រូវសំអាតរាល់របស់របរក្នុងផ្ទះរបស់អ្នកអោយបានស្អាតល្អ៖ ធូលីតិចតួចក៏ដោយក៏អាចធ្វើអោយមានរោគសញ្ញានៅពេលយប់ដែរ ដោយសារតែរបស់របរនៅក្នុងបន្ទប់ដេករបស់អ្នក ឧទាហរណ៍ថា ស្រោមខ្នើយ និងពូកដែលពោរពេញទៅដោយធូលីដី ។ ចូរបោសសំអាត និងជូតអោយបានស្អាតរបស់អស់ទាំងនេះនិងកម្រាលផងដែរ ។ ចូរធ្វើការដុសលាងវាំងនន និងបង្អួចអោយបានស្អាតល្អ ។
- ត្រូវរក្សាភាពសំនើមអោយបានល្អបំផុត៖ ប្រសិនបើអ្នករស់នៅក្នុងអាកាសធាតុដែលសើម ចូរនិយាយជាមួយគ្រូពេទ្យអំពីការធ្វើយ៉ាងម៉េចអោយមានសំនើមក្នុងផ្ទះរបស់អ្នក ។
- ធ្វើអោយខ្យល់ក្នុងផ្ទះស្អាតល្អ៖ តូ្រវតែអោយក្រុមហ៊ុនម៉ាស៊ីនត្រជាក់មកពិនិត្យម៉ាស៊ីនត្រជាក់របស់អ្នកអោយបានមួយឆ្នាំម្តង ។ ចូរពិចារណាទៅលើការដំឡើងប្រព័ន្ធច្រោះខ្យល់ ។ ប្រសិនបើអ្នកប្រើម៉ាស៊ីនត្រជាក់ដែលសើម ចូរធ្វើការដូរទឹកជារៀងរាល់ថ្ងៃ ។
- កាត់បន្ថយការចិញ្ចឹមសត្វ៖ ប្រសិនបើអ្នកមានបញ្ហាអាឡែហ្សីជាមួយនឹងសត្វចិញ្ចឹមចូរចៀសវាងសត្វណាដែលមានរោម និងស្លាប ។ ការងូតទឹកអោយសត្វជាប្រចាំ ក៏អាចកាត់បន្ថយនូវការអាឡែហ្សីដែរ ។
- ធ្វើការសំអាតជាទៀងទាត់៖ ចូរសំអាតផ្ទះរបស់អ្នកអោយបានយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ។ ប្រសិនបើផ្ទះរបស់អ្នកមានធូលីច្រើនចូរពាក់ម៉ាស់ការពារនៅពេលដែលកំពុងសំអាត ។
- ប្រសិនបើដល់អាកាសធាតុត្រជាក់ ត្រូវបិទមុខរបស់អ្នក៖ ក្នុងករណីជំងឺហឺតរបស់អ្នកមានភាពធ្ងន់ធ្ងរដោយសារការត្រជាក់ ខ្យល់ស្ងួត ចូរពាក់ម៉ាសដើម្បីការពារ ។
រស់នៅប្រកបដោយសុខភាពល្អ
ការយកចិត្តទុកដាក់ខ្លួនឯង និងការព្យាបាលលើស្ថានភាពផ្សេងៗទៀតដែលទាក់ទងនឹងជំងឺហឺត នឹងជួយអ្នកបានក្នុងការគ្រប់គ្រងរោគសញ្ញា ។ របស់មួយចំនួនដែលអ្នកអាចធ្វើបានមាន៖
- ហាត់ប្រាណអោយទៀងពេល៖ ការដែលមានជំងឺហឺតមិនមែនមានន័យថាអ្នកត្រូវតែនៅមួយកន្លែងនោះទេ ។ ការព្យាបាលអាចបង្ការការហឺត និងគ្រប់គ្រងរោគសញ្ញានៅពេលមានបញ្ហា ។ ការហាត់ប្រាណជាទៀងទាត់ អាចជួយអោយបេះដូង និងសួតខ្លាំង និងជួយបំបាត់រោគសញ្ញាហឺតទៀតផង ។ ត្រូវចំាទុកថា ការហាត់ប្រាណនៅក្នុងកន្លែងដែលមានអាកាសធាតុត្រជាក់ ប្រហែលជាធ្វើអោយមានសញ្ញារបស់ជំងឺហឺតបាន ។ ប្រសិនបើអ្នកហាត់ប្រាណនៅក្នុងតំបន់ដែលត្រជាក់ចូរពាក់ម៉ាស់ដើម្បីការពារខ្យល់ត្រជាក់ចូលក្នុងសួត ។
- រក្សាទំងន់អោយមានសុខភាពល្អ៖ ការដែលធ្ងន់ពេកអាចធ្វើអោយជំងឺហឺតកាន់តែធ្ងន់ដែរ ហើយវាធ្វើអោយអ្នកប្រឈមមុខនឹងបញ្ហាសុខភាពផ្សេងទៀតផង ។
- បរិភោគផ្លែឈើ និងបន្លែអោយបានច្រើន៖ ការញុំាផ្លែឈើ និងបន្លែកាន់តែច្រើនអាចធ្វើអោយសួតរបស់អ្នកធ្វើការកាន់តែខ្លាំង ហើយកាត់បន្ថយរោគសញ្ញារបស់ជំងឺហឺត ។ អាហារទាំងនេះសំបូរទៅដោយសារធាតុការពារជាច្រើន (Antioxidants) ដែលធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នកខ្លាំងជាងមុន ។
- គ្រប់គ្រងការក្រហាយទ្រូង និងការច្រាលទឹកអាស៊ីតចេញពីក្រពះទៅបំពង់ក៖ វាអាចទៅរួចបើអាស៊ីតច្រាលមកធ្វើអោយក្រហាយទ្រូង ដែលអាចធ្វើអោយសួត ផ្លូវដង្ហើម និងធ្វើអោយសញ្ញានៃជំងឺហឺតកាន់តែធ្ងន់ ។ ប្រសិនបើអ្នកឧស្សាហ៍ក្រហាយទ្រូង ចូរនិយាយជាមួយគ្រូពេទ្យរបស់ អ្នកអំពីការព្យាបាល ។ អ្នកប្រហែលជាត្រូវព្យាបាលបញ្ហាការច្រាលទឹកអាស៊ីតចេញពីក្រពះមុនជំងឺហឺតហើយ ។
ការផ្លាស់ប្តូរថ្នាំព្យាបាល
មានភស្តុតាងមួយចំនួនដែលថាមានការផ្លាស់ប្តូរនូវការព្យាបាលហើយអាចជួយបំបាត់រោគសញ្ញាជំងឺហឺតទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរចងចាំថា ការព្យាបាលទាំងនេះមិនមែនជំនួសនូវការព្យាបាលដោយថ្នាំពេទ្យនោះទេ ពិសេសករណីដែលមានជំងឺហឺតធ្ងន់ធ្ងរ ។ ចូរនិយាយជាមួយគ្រូពេទ្យមុនពេលដែលអ្នកប្រើថ្នាំឬសឈើទាំងឡាយ ឬថ្នំាបំប៉ន ក៏ដូចជាថ្នាំផ្សេងៗទៀត ។ ខណៈពេលដែលមានការផ្លាស់ប្តូរថ្នាំប្រើប្រាស់នៅតាមផ្ទះសំរាប់ជំងឺហឺត ករណីភាគច្រើនក៏ទាមទារអោយមានការស្រាវជ្រាវបន្ថែមទៀតដើម្បីដឹងថាតើវាមានប្រសិទ្ធយ៉ាងណា និងកំនត់អោយបាននូវផលប៉ះពាល់ដែលនឹងកើតមាន ។ ការព្យាបាលជំងឺហឺតមានការផ្លាស់ប្តូរដូចជា៖
- របៀបនៃការដកដង្ហើម៖ ឧទាហរណ៍ របៀបដកដង្ហើម Buteyko, Papworth, និងYoga ។ ការធ្វើដូច្នេះប្រហែលជាអាចកាត់បន្ថយនូវការប្រើថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញារបស់ជំងឺហឺតបាន ។ Yoga ធ្វើអោយកើនឡើងនូវភាពល្អ និងកាត់បន្ថយ Stress ដែលជួយកុំអោយមានហឺតផងដែរ ។
- ប្រើម្ជុលវិទ្យាសាស្ត្រ៖ វិធីមួយនេះគឺប្រើម្ជុលតូចៗចាក់ទៅលើដងខ្លួនរបស់អ្នក ។ វាមានសុវត្ថិភាព និងជាទូទៅមិនបង្កអោយឈឺចាប់ទេ ។
- របៀបសំរាក៖ របៀបសំរាកមាន សមាធិ Biofeedback, hypnosis និង ធ្វើអោយសាច់ដុំរបស់អ្នកមានសភាពធូរ និងជួយអោយគ្រប់គ្រងជំងឺហឺត តាមរយៈបន្ថយសំពាធសាច់ដុំ និង Stress ។
- ថ្នាំឬសឈើតាមផ្ទះ៖ មានថ្នាំឬសឈើមួយចំនួនដែលបានបង្ហាញអំពីការព្យាបាលមួយចំនួនទាក់ទង់នឹងជំងឺហឺតក្នុងនោះមាន Butterbur, Dried Ivy និង Ginkgo Extract ។ ថ្នាំឬសឈើច្រើនប្រភេទដែលត្រូវបានប្រើជាញឹកញាប់តាមទំនៀមទម្លាប់ប្រទេសចិន ឥណ្ឌា និងជប៉ុន ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាជាច្រើនត្រូវតែធ្វើជាចាំបាច់ ដើម្បីកំនត់អោយច្បាស់ថាថ្នាំឬសឈើនៅតាមផ្ទះអាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺហឺតដែរឬក៏អត់ ។
- ប្រើខ្លាញ់ Omega-3 Fatty acids៖ ខ្លាញ់ប្រភេទនេះរកឃើញនៅក្នុងសត្វត្រី Flaxseed និងអាហារផ្សេងៗទៀត ។ ខ្លាញ់ដែលមានសុខភាពបែបនេះប្រហែលជាជូយបន្ថយការរលាក ដែលធ្វើអោយមានរោគសញ្ញារបស់ជំងឺហឺតបាន ។ ខ្លាញ់ទាំងនេះក៏មានបញ្ជាក់អំពីផលប្រយោជន៍ដែលមានសុខភាពមួយចំនួនដែរ ។
- Homeopathy៖ Homeopathy ចង់សំដៅទៅលើការភ្ញោចខ្លួនប្រាណអោយមានការជាសះស្បើយដោយខ្លួនឯងតាមរយៈការប្រើសារធាតុតិចតួចដែលធ្វើអោយមានរោគសញ្ញា ។ ក្នុងករណីជំងឺហឺត Homeopathic ដែលប្រើនៅតាមផ្ទះ ត្រូវបានធ្វើឡើងដោយសារធាតុជាច្រើន ដែលជាទូទៅធ្វើអោយមានប្រតិកម្មហឺត ដូចជា រោមសត្វ ឬរុក្ខជាតិតូចៗ ។ យើងនៅតែពុំមានភស្តុតាងគ្រប់គ្រាន់ក្នុងការកំនត់ថាតើ Homeopathy អាចជួយក្នុងការព្យាបាលជំងឺហឺតដែលបណ្តាលមកពីបញ្ហាអាឡែហ្សីដែរឬអត់ ។
ការដោះស្រាយ និងគំាទ្រ
ជំងឺហឺតអាចធ្វើអោយអស់សមត្ថភាព និងStress ខ្លាំង ។ ពេលខ្លះអ្នកប្រហែលជាក្លាយទៅជា ធុញទ្រាន់ ខឹង ឬបាក់ទឹកចិត្តដោយសារអ្នកមិនអាចធ្វើអី្វដូចដើមបាន ដើម្បីចៀសវាងនូវបញ្ហាដែលធ្វើអោយអ្នកហឺត ។ អ្នកប្រហែលជាមានអារម្មណ៍ថា អៀនខ្មាស ដោយសាររោគសញ្ញារបស់ជំងឺ និងផលវិបាកដែលកើតមាន ។ ជាពិសេសក្មេងៗអាចនឹងមានភាពស្ទាក់ស្ទើរក្នុងការប្រើថ្នាំហឹត នៅពេលជួបជាមួយក្មេងៗដូចគ្នា ។
ប៉ុន្តែជំងឺហឺតមិនបានធ្វើអោយស្ថានភាពទាំងឡាយមានកំនត់នោះទេ ។ មធ្យោបាយដ៏ល្អបំផុតក្នុងការ គ្រប់គ្រងការថប់អារម្មណ៍ និងអារម្មណ៍អស់សង្ឃឹម គឺត្រូវយល់អំពីស្ថានភាពរបស់ខ្លួនអ្នកផ្ទាល់ និង គ្រប់គ្រងការព្យាបាល ។ខាងក្រោម នេះជាយោបល់ខ្លះសំរាប់ជួយអ្នក៖
- រៀបចំខ្លួនបន្តិចម្តងៗ៖ ចៀសវាងសកម្មភាពដែលធ្វើអោយអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ ។
- ធ្វើកំនត់ហេតុប្រចាំថ្ងៃ៖ ការធ្វើដូច្នេះអាចជួយអ្នកក្នុងការចៀសវាងនូវអារម្មណ៍រំភើបខ្លាំង ។ ចូរលើកទឹកចិត្តខ្លួនឯងដោយអោយកំនត់គោលដៅធម្មតាៗ ។
- និយាយជាមួយមិត្តភក្តិ ឬនរណាម្នាក់អំពីបញ្ហារបស់អ្នក
- ប្រសិនបើកូនរបស់អ្នកមានជំងឺហឺត ត្រូវលើកទឹកចិត្តវារហូត៖ ចូរធ្វើការយកចិត្តទុកដាក់រាល់អ្វីៗដែលកូនរបស់អ្នកអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន រួមទាំងគ្រូបង្រៀន ពេទ្យក្នុងសាលា គ្រូបង្ហាត់ មិត្តភក្តិ និងសាច់ញាតិក្នុងការជួយកូនរបស់អ្នកគ្រប់គ្រងជំងឺហឺតបាន ។
ការការពារ
សហការជាមួយគ្រូពេទ្យដើម្បីបង្កើតគម្រោងមួយដើម្បីបង្ការកុំអោយហឺតបាន ។
- ធ្វើតាមគម្រោងសកម្មភាពជំងឺហឺត៖ ជាមួយគ្រូពេទ្យ និងក្រុមថែទាំសុខភាព ចូរសរសេរអោយបានក្បោះក្បាយអំពីគម្រោងនៃការប្រើថ្នាំ និងការគ្រប់គ្រងការហឺត ។ បន្ទាប់មកត្រូវប្រាកដថា អ្នកធ្វើតាមគម្រោនេះបាន ។ ជំងឺហឺតជាជំងឺឈឺរហូត ដែលត្រូវការតាមដានជាទៀងទាត់ និងព្យាបាល ។ ការគ្រប់គ្រងនូវការព្យាបាលរបស់អ្នកអាចធ្វើអោយអ្នកមានអារម្មណ៍ល្អក្នុងការ គ្រប់គ្រងរោគសញ្ញាជាទូទៅក្នុងឆាកជីវិត ។
- ធ្វើការសម្គាល់ និងចៀសវាងនូវបញ្ហាធ្វើអោយហឺត៖ មានអាឡែហ្សីមួយចំនួននៅខាងក្រៅផ្ទះ និងការធ្វើអោយរលាកដូចជា រោមសត្វ ផ្សិត ខ្យល់ត្រជាក់ និងខ្យល់បំពុលបរិស្ថាន សុទ្ធតែជាអ្នកធ្វើអោយហឺតបានទាំងអស់ ។ ចូរស្វែងរកនូវអ្វីដែលធ្វើអោយជំងឺហឺតរបស់អ្នកកាន់តែធ្ងន់ និងចៀសវាងវាបន្តិចម្តងៗ ។
- តាមដានការដកដង្ហើម៖ អ្នកប្រហែលជាត្រូវសិក្សាអំពីការសំគាល់នូវសញ្ញាប្រកាសអាសន្ន របស់ជំងឺដែលធ្ងន់ធ្ងរ ដូចជា ក្អក ដកដង្ហើមឮដូចហួច ឬពិបាកដកដង្ហើម ។ ប៉ុន្តែដោយសារតែមុខងារសួតរបស់អ្នកមានការថយចុះ មុនពេលអ្នកធ្វើការសម្គាល់រោគសញ្ញា ដូច្នេះចូរធ្វើការកំនត់អោយទៀងទាត់ និងកត់ត្រាអំពី Peak Flow នៅតាមផ្ទះជាប្រចាំ ។
- ធ្វើការសម្គាល់ និងព្យាបាលពេលហឺតភ្លាមៗ៖ ប្រសិនបើអ្នកព្យាបាលបានលឿន អ្នកនឹងមានការហឺតធ្ងន់ធ្ងរក្នុងចំនួនតិចតួចប៉ុណ្ណោះ ។ អ្នកក៏នឹងមិនត្រូវការប្រើថ្នាំច្រើនដែរក្នុងការគ្រប់គ្រងរោគសញ្ញា ។ នៅពេលដែល Peak Flow របស់អ្នកថយចុះ ហើយប្រាប់ថាអ្នកនឹងមាន ការហឺតធ្ងន់ធ្ងរ ចូរប្រើថ្នាំរបស់អ្នកដើម្បីគ្រប់គ្រងស្ថានការណ៍ និងបញ្ឈប់នូវសកម្មភាពទាំងឡាយដែលធ្វើអោយហឺតបាន ។ប្រសិនបើរោគសញ្ញារបស់អ្នកមិនបានធូរស្រាលទេ ចូរសុំជំនួយពីគ្រូពេទ្យអំពីគម្រោងរបស់អ្នក ។
- ប្រើថ្នាំតាមវេជ្ជបញ្ជា៖ ដោយសារតែជំងឺហឺតរបស់អ្នកហាក់បីដូចជាល្អប្រសើហើយ ចូរមិនត្រូវផ្លាស់ប្តូរអ្វីទៀតទេបើគ្មានការពិភាក្សាជាមួយគ្រូពេទ្យ ។ វាគឺជាគំនិតមួយដ៏ល្អមួយសំរាប់អោយអ្នកយកថ្នាំដែលអ្នកកំពុងប្រើទៅជួបជាមួយគ្រូពេទ្យដែរ ដូច្នេះគ្រូពេទ្យអាចនឹងពិនិត្យថាអ្នកកំពុងប្រើថ្នាំដែលត្រឹមត្រូវ ហើយក្នុងកំរិតត្រឹមត្រូវដែរ ។
- យកចិត្តទុកដាក់នូវការប្រើកាន់តែច្រើននូវថ្នាំបំបាត់រោគសញ្ញាលឿនសំរាប់ហឺត៖ ប្រសិនបើអ្នករកឃើញថាអ្នកត្រូវការពឹងលើថ្នាំហិតសំរាប់បំបាត់រោគសញ្ញាដូចជា Albuterol ដូច្នេះ ជំងឺហឺតរបស់អ្នកមិនត្រូវបានគ្រប់គ្រងល្អទេ ។ ចូរទៅជួបជាមួយគ្រូពេទ្យដើម្បីផ្លាស់ប្តូរការព្យាបាល ។