ប្រសិនជាអ្នកចង់ឲ្យម្តាយក្មេកអ្នកស្រឡាញ់ពេញចិត្តក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
1. ប្រសិនជាអ្នកមិនចង់ឲ្យកើតមានជម្លោះនឹងគ្នា អ្នកគួរតែរក្សាគំលាតពីគ្នា មានន័យថា អ្នកមិនគួររស់នៅក្នុងផ្ទះតែមួយទេ ព្រោះពេលដែលអ្នកមានផ្ទៃពោះ អារម្មណ៍អ្នកនឹងឡើងចុះមិនទៀងទេ។ ដូចនេះ បើអ្នករស់នៅជាមួយម្តាយក្មេក នោះអ្នកទាំងពីរអាចនឹងកើតមានរឿងឈ្លោះច្រើននឹងគ្នាជាមិនខាន។
2. អ្នកមិនគួររំពឹងខ្លាំងទៅលើម្តាយក្មេកឲ្យមកមើលថែទាំអ្នកក្រោយពេលដែលសម្រាលកូនរួចឡើយ ព្រោះបើអ្នករំពឹងកាន់តែខ្លាំង អ្នកនឹងកាន់តែអស់សង្ឃឹម។ ម្យ៉ាងទៀត អ្នកក៏មិនគួររំពឹងថា គាត់អាចទូរស័ព្ទមកសួរសុខទុក្ខអ្នកដែរ ព្រោះមិនអាចឡើយ។ ដូចនេះ អ្នកអាចទូរស័ព្ទទៅលេងគាត់បាន ដើម្បីឲ្យគាត់ដឹងថា អ្នកនៅយកចិត្តទុកដាក់ចំពោះគាត់។
3. អ្នកមិនគួររំពឹងចង់ទទួលបានការតបស្នងពីម្តាយក្មេកទេ ក្រោយពេលដែលអ្នកធ្វើរឿងល្អដាក់គាត់ ព្រោះមិនអាចបានឡើយ។ ដូចនេះ អ្នកគួរតែធ្វើចិត្តធម្មតា ដោយធ្វើឲ្យអស់ពីសមត្ថភាពអ្នក នោះគាត់នឹងអាចមើលឃើញនឹងភ្នែកនៅថ្ងៃណាមួយ។
4. មិនថាក្នុងស្ថានភាពអារម្មណ៍អ្នកបែបណាទេ អ្នកគួរតែប្រើចរិតទន់ភ្លន់ជាមួយគាត់ ទើបអាចបង្ក្រាបម្តាយក្មេកបាន ព្រោះបើអ្នករឹង នោះគាត់នឹងប្រកាន់ចរិតរឹងដូចគ្នា មិនងាយចុះចាញ់ឡើយ។ ដូចនេះ មានតែចរិតទន់ភ្លន់ទេ ទើបអាចធ្វើឲ្យគាត់ធ្វើឲ្យចិត្តគាត់រាងទន់បន្តិច។
5. អ្នកមិនគួរយកម្តាយអ្នក ទៅប្រៀបធៀបជាមួយម្តាយក្មេកឡើយ ព្រោះអ្នកជាសាច់មួយដុំដែលចេញពីខ្លួនម្តាយអ្នក មិនដូចម្តាយក្មេក គ្រាន់តែជាម្តាយស្វាមីអ្នកឡើយ។ ដូចនេះ អ្នកគួរតែរៀនកែប្រែចិត្ត ទើបអាចចុះសម្រុងជាមួយនឹងម្តាយក្មេកបាន៕