ការប្រេះក្រសាលគូថគឺជាអាការៈរហែកតិចតួចទៅលើជាលិការមានសំណើមដែលក្រាលលើរន្ធគូថ ដែលវាច្រើនតែកើតមានក្នុងពេលប្រឹងជុះលាមកដែលរឹងៗ។ ការប្រេះក្រសាលគូថច្រើនតែធ្វើអោយឈឺចាប់ខ្លាំង និងហូរឈាមពេលបន្ទោបង់។ អ្នកក៏ប្រហែលជាជួបបញ្ហារឹងសាច់ដុំនៅជុំវិញរន្ធគូថផងដែរ។

ការប្រេះក្រសាលគូថច្រើនតែកើតមានជាញឹកញាប់បំផុតលើទារកទើបនឹងកើត ប៉ុន្តែក៏អាចប៉ះពាល់លើមនុស្សគ្រប់វ័យផងដែរ។ ការប្រេះក្រសាលគូថនឹងជាទៅវិញដោយខ្លួនឯក្នុងរយៈពេលពី ទៅ៦សប្តាហ៍ក្រោយ។ បើសិនវាមិនជាទេ ការព្យាបាលដោយប្រើថ្នាំ ឬវះកាត់ច្រើនតែអាចដោះស្រាយបាន។

រោគសញ្ញា
  • ឈឺចាប់ ឬពេលខ្លះឈឺខ្លាំងក្លាក្នុងពេលបន្ទោរបង់
  • ឈឺច្រើនម៉ោងក្រោយពីបន្ទោរបង់រួច
  • ហូរឈាមក្រហមស្រស់លើលាមកក្រោយពីបន្ទោរបង់រួច
  • រមាស់ ឬរលាកនៅជុំវិញរន្ធគូថ
  • ឃើញមានស្នាមប្រេះនៅស្បែកជុំវិញរន្ធគូថ
  • មានដុំស្បែកតូចមួយនៅស្បែកក្បែលកន្លែងប្រេះក្រសាគូថ

ចូរទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកមានបញ្ហាឈឺចាប់ក្នុងពេលបន្ទោរបង់ ឬឃើញមានឈាមលើលាមកក្រោយពីបន្ទោរបង់រួច។

មូលហេតុ

មូលហេតុដែលនាំអោយមានបញ្ហាប្រេះក្រសាលគូថមានដូចជា៖

  • លាមករឹង
  • ទល់លាមក និងប្រឹងជុះក្នុងពេលបន្ទោរបង់
  • រាគរ៉ាំរ៉ៃ
  • ការរលាកនៅតំបន់រន្ធគូថដែលបណ្តាលមកពីជំងឺ Crohn’s disease ឬការរលាកនៅពោះវៀនផ្សេងៗទៀត។
  • សម្រាលកូន

មូលហេតុដែលមិនសូវកើតមានជាញឹកញាប់

  • មហារីករន្ធគូថ
  • ជំងឺអេដស៍
  • ជំងឺរបេង
  • ជំងឺស្វាយ
  • ជំងឺប៉េស
កត្តាប្រឈមមុខ
  • ទារកទើបនឹងកើត៖ មានទារកទើបនឹងកើតច្រើនណាស់ដែលធ្លាប់មានបញ្ហាប្រេះក្រសាលគូថក្នុងរយៈពេលពួកគេរស់បានមួយឆ្នាំដំបូងនៃជីវិត ហើយអ្នកឯកទេសច្រើនណាស់ក៏មិនដឹងថាបណ្តាលមកពីមូលហេតុអ្វីអោយប្រាកដដែរ។
  • ការចាស់ទៅតាមអាយុ៖ ចំពោះមនុស្សចាស់វិញប្រហែលជាកើតមានបញ្ហាប្រេះក្រសាលគូថដែរដោយសារតែរបត់ឈាមរត់យឺត ជាពិសេសតំបន់រន្ធគូថតែម្តង។
  • ការទល់លាមក៖ ការប្រឹងជុះក្នុងពេលបន្ទោបង់ និងមានលាមករឹងសុទ្ធតែធ្វើអោយប្រឈមកាន់តែខ្លាំងនឹងការរហែក។
  • ការសម្រាលកូន៖ ការប្រេះក្រសាលគូថច្រើនតែកើតមានជាញឹកញាប់លើស្រ្តីក្រោយពីពួកគេសម្រាលកូនរួច។
  • ជំងឺ Crohn’s Disease ជំងឺរលាកពោះវៀនប្រភេទនេះធញវើអោយមានការរលាកស្រួចស្រាវទៅលើពោះវៀន ដូច្នេះក៏អាចប៉ះពាល់ដល់រន្ធគូថដែរ។
ផលវិបាក
  • ក្រសាលគូថដែលរហែកមិនជា៖ ការប្រេះក្រសាលគូថដែលមិនជាវិញក្នុងរយៈពេល ៦សប្តាហ៍ត្រូវបានគេចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ហើយប្រហែលជាត្រូវការការព្យាបាលបន្ថែមដែរ។
  • កើតឡើងម្តងទៀត៖ នៅពេលអ្នកធ្លាប់មានអាការៈប្រេះក្រសាលគូថហើយ អ្នកពិតជាងាយនឹងកើតវាជាលើកទីពីរទៀតណាស់។
  • រហែកដល់សាច់ដុំជុំវិញ៖ ការប្រេះក្រសាលគូថប្រហែលជាអាចធ្វើអោយរហែកដល់សាច់ដុំខ្ជឹបរន្ធគូថ ដែលជាហេតុធ្វើអោយវាកាន់តែពិបាកដល់ការជាឡើងវិញ។ ចំពោះការប្រេះក្រសាលគូថដែលមិនចេះជានោះអាចធ្វើអោយពិបាកក្នុងខ្លួន និងត្រូវការព្យាបាលដោយប្រើថ្នាំ ឬវះកាត់ដើម្បីបន្ថយការឈឺចាប់ និងជួសជុល ឬកាត់ចោលនូវជាលិការដែលប្រេះនោះ។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងសួរអំពីប្រវត្តិជំងឺ និងពិនិត្យលើរាងកាយដូចជា ការមើលទៅលើតំបន់រន្ធគូថតែម្តង ហើយក៏ច្រើនតែមើលឃើញការរហែកក្រសាលគូថផងដែរ។ ជាធម្មតាការពិនិត្យបែបនេះគឺអាចធ្វើរោគវិនិច្ឆ័យការប្រេះក្រសាលគូថបានហើយ។

គ្រូពេទ្យប្រហែលជាអាចធ្វើការពិនិត្យក្នុងរន្ធគូថដោយសូកម្រាមដៃក្នុងរន្ធគូថថែមទៀតដើម្បីវាយតម្លៃទៅលើចុងពោះវៀនធំក្រែងមានជំងឺរលាកពោះវៀនប្រភេទ Crohn’s Disease បើសិនជាសង្ស័យថាអាការៈមួយនេះបណ្តាលមកពីមូលហេតុផ្សេងៗទៀតនោះ គ្រូពេទ្យអាចនឹងធ្វើតេស្តបន្ថែមទៀតដូចជា៖

  • ការថតពោះវៀន Flexible Sigmoidoscopy គឺជាការប្រើបំពង់ដ៏តូចអាចបត់បែនបាន ដែលមានកាំមេរ៉ាដ៏តូចមួយនៅខាងចុងសម្រាប់ឆ្លុះមើលពោះវៀនធំ។ តេស្តនេះប្រហែលជាអាចធ្វើបានបើសិនជាអ្នកមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ព្រមទាំងមិនមានការប្រឈមមុខនឹងជំងឺពោះវៀន ឬមហារីកពោះវៀនធំ។
  • ការថតពោះវៀនធំ៖ បំពង់ដ៏អាចបត់បែនបាននឹងត្រូវសូកបញ្ចូលក្នុងរន្ធគូថដើម្បីវាយតម្លៃទៅលើពោះវៀនធំទាំងមូលតែម្តង។
ការព្យាបាល

ការប្រេះក្រសាលគូថច្រើនតែជាទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍បើសិនជាអ្នកធ្វើអោយលាមកទន់វិញតាមរយៈការបង្កើនការទទួលទានអាហារ ឬផ្លែឈើសម្បូរជាតិសរសៃ។ ការត្រាំទឹកក្តៅឧណ្ហៗរយៈពេល ១០ ទៅ២០នាទីច្រើនដងក្នុងមួយថ្ងៃ ជាពិសេសក្រោយពីបន្ទោរបង់រួចអាចជួយធ្វើអោយសាច់ដុំខ្ជឹបរន្ធគូថធូរ និងជំនួយដល់ការជាឡើងវិញបាន។ បើសិនជារោគសញ្ញាកើតមានជាប់រហូតនោះ អ្នកនឹងត្រូការព្យាបាលបន្ថែមទៀត។

ការព្យាបាលដោយមិនវះកាត់

  • ការលាបសារធាតុ Nitroglycerin លើស្បែកដែលរហែកប្រហែលជាជួយបង្កើនលំហូរឈាម និងជំនួយដល់ការជាឡើងវិញ ហើយក៏ជួយអោយសាច់ដុំខ្ជឹបរន្ធគូថធូរដែរ។ សារធាតុ Nitroglycerin ត្រូវបានគេចាត់ទុកថាជាការព្យាបាលដ៏ល្អមួយ។ ផលរំខានរបស់វាគឺធ្វើអោយឈឺក្បាលបន្តិចបន្តួចដែរ។
  • ក្រែម Steroid អាចជួយបន្ថយអាការៈមិនស្រួលនៅក្រសាលគូថបាន។
  • ការចាក់ថ្នាំ Botox អាចធ្វើអោយស្ពឹកសាច់ដុំខ្ជឹបរន្ធគូថ និងបន្ថយការរឹងជាប់របស់វាបាន។
  • ថ្នាំបញ្ចុះសម្ពាធឈាមអាចជួយបន្ធូរសាច់ដុំខ្ជឹបរន្ធគូថបាន។ ថ្នាំទាំងនេះអាចប្រើដោយលេបតាមមាត់ ឬលាប ហើយវាគួរតែប្រើនៅពេលដែលថ្នាំលាប Nitroglycerin លែងមានប្រសិទ្ធភាព ឬបង្កផលរំខានច្រើន។

ការព្យាបាលដោយវះកាត់

បើសិនជាអ្នកមានបញ្ហាប្រេះក្រសាលគូថដែលព្យាបាលដោយថ្នាំមិនជា ឬរោគសញ្ញាមានលក្ខណៈធ្ងន់ធ្ងរនោះ គ្រូពេទ្យប្រហែលជាណែនាំអោយធ្វើការវះកាត់ហើយ។ ការវះកាត់ច្រើនតែមានការកាត់នៅផ្នែកតូចៗនៃសាច់ដុំខ្ជឹបរន្ធគូថដើម្បីបន្ថយការរឹងជាប់ និងឈឺចាប់ ព្រមទាំងជួយអោយឆាប់ជាវិញ។ ការវះកាត់នេះមានប្រឈមមុខតិចតួចនឹងការលេចលាមកដោយមិនដឹងខ្លួន។

របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង

ការផ្លាស់ប្តូររបៀបរស់នៅប្រហែលជាជួយបន្ថយភាពមិនស្រួលខ្លួន និងជួយអោយការប្រេះ​ក្រសាលគូថ​ឆាប់ជាវិញ ព្រមទាំងកុំអោយកើតឡើងម្តងទៀតបាន៖

  • បន្ថែមអាហារសម្បូរជាតិសរសៃ៖ ការទទួលទានជាតិសរសៃប្រមាណ ២៥ ទៅ៣០ក្រាមក្នុងមួយថ្ងៃអាចជួយអោយលាមកទន់ និងពង្រឹងដល់ការជាសះស្បើយកន្លែងប្រេះបាន។ អាហារសម្បូរជាតិសរសៃមានដូចជា ផ្លែឈោះ, បន្លែ និងគ្រាប់ធញ្ញជាតិ។ អ្នកក៏អាចប្រើថ្នាំបំប៉នជាតិសរសៃបានដែរ។ ការបន្ថែមជាតិសរសៃបែបនេះអាចនឹងធ្វើអោយហើមពោះ និងផោមច្រើន ដូច្នេះអ្នកគួរតែបន្ថែមវាបន្តិចម្តងៗបានហើយ។
  • ទទួលទានទឹកអោយបានច្រើន៖ ទឹកអាចជួយបង្ការការទល់លាមកបាន។
  • ហាត់ប្រាណទៀងទាត់៖ ចូរធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណ ដូចជាការដើរ អោយបាន៣០នាទី រយៈពេលច្រើនថ្ងៃក្នុងមួយសប្តាហ៍។ ការហាត់ប្រាណជួយធ្វើអោយបន្ទោរបង់ទៀងទាត់ និងបង្កើលំហូរឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដូច្នេះក៏ជួយអោយកន្លែងប្រេះនៅក្រសាលគូថឆាប់ជាដែរ។
  • ចៀសវាងការប្រឹងជុះក្នុងពេលបន្ទោរបង់៖ ការប្រឹងជុះនឹងបង្កើតសម្ពាធកាន់តែខ្លាំង ដូច្នេះវាអាចធ្វើអោយមានកន្លែងរហែកផ្សេងទៀតបាន។

បើសិនជាទារកទើបនឹងកើតមានបញ្ហាប្រេះក្រសាលគូថ ចូរប្រាកដថា អ្នកត្រូវឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោម, លាងសម្អាតរន្ធគូថថ្នមៗ និងពិគ្រោះបញ្ហានេះជាមួយពេទ្យជំនាញខាងរោគកុមារ។

ការបង្ការ

អ្នកប្រហែលជាអាចបង្ការបញ្ហាប្រេះក្រសាលគូថបានតាមរយៈការបង្ការកុំអោយមានការទល់លាមក។ចូរញ៉ាំអាហារសម្បូរជាតិសរសៃ, ផឹកទឹក និងហាត់ប្រាណជាទៀងទាត់ដើម្បីកុំអោយមានការប្រឹង​ជុះក្នុងពេលបន្ទោរ​បង់ទៀត។