ក្រោយពេលដែលប្រឡងបាក់ឌុបរួច ប្អូនៗនឹងចាប់ផ្តើមត្រូវជ្រើសរើសជំនាញក្នុងការបន្តមហាវិទ្យាល័យ ហើយជំនាញដែលប្អូនជ្រើសរើសនេះ ពិតជាសំខាន់ណាស់សម្រាប់អនាគតប្អូន។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញពីវិធីមួយចំនួនក្នុងការជួយប្អូនក្នុងការសម្រេចចិត្ត។ តើមានអ្វីខ្លះទៅ?
1. ដំបូង អ្នកគួរតែគិតថា តើអ្នកចូលចិត្តមុខជំនាញអ្វី ព្រោះចំណង់ចំណូល និងការពេញចិត្តនេះសំខាន់ណាស់ក្នុងការជ្រើសរើសមុខជំនាញក្នុងការសិក្សាក្នុងមហាវិទ្យាល័យ។ ការបង្ខំឲ្យរៀនមុខជំនាញដែលខ្លួនមិនចូលចិត្ត នឹងធ្វើឲ្យគ្មានអារម្មណ៍រៀននោះទេ។
2. បន្ទាប់មក អ្នកគួរតែពិចារណាទៅលើសមត្ថភាពរបស់អ្នក មានន័យថា អ្នកពូកែខាងណា ផ្នែកវិទ្យាសាស្ត្រ ឬសង្គមសាស្ត្រ ព្រោះបើអ្នកដឹងថា អ្នកពូកែខាងណាទេ នឹងពិបាកធ្វើឲ្យអ្នករៀនចេះណាស់។
3. បន្ទាប់មកទៀត អ្នកគួរតែគិតទៅលើការងារដែលអ្នកចង់ធ្វើនៅថ្ងៃអនាគត ទើបអាចជួយអ្នកឲ្យជ្រើសរើសជំនាញដែលត្រូវ ព្រោះបើអ្នកមិនដឹងថា អ្នកចង់ធ្វើអ្វីនៅពេលដែលបញ្ចប់ការសិក្សា នោះអ្នកនឹងអាចជ្រើសរើសជំនាញដែលខុសមួយជាមិនខានឡើយ។
4. អ្នកគួរតែគិតឲ្យបានច្បាស់ថា នៅពេលអនាគត អ្នករំពឹងចង់បានការងារដែលមានប្រាក់ខែប៉ុន្មាន។ នៅពេលដែលអ្នកដឹងច្បាស់ពីគោលបំណងមួយនេះរបស់អ្នក នោះអ្នកនឹងអាចដឹងថា អ្នកគួរតែរៀនផ្នែកវិទ្យាសាស្ត្រ ឬសង្គមសាស្ត្រ ទើបអាចសមតាមបំណងអ្នក។
5. ចុងក្រោយ អ្នកគួរតែដើរតាមក្តីសុបិន្តអ្នក ថាតើអ្នកចង់ក្លាយជាអ្វី អ្នកចង់ក្លាយជាពេទ្យ មេធាវី គណនីករ ឬអ្វីផ្សេងជាច្រើនទៀត។ មានតែគោលបំណងមួយនេះទេ ទើបអាចធ្វើឲ្យអ្នកជ្រើសរើសមុខជំនាញត្រូវ។ ដូចនេះ នៅពេលដែលអ្នកជ្រើសរើសមុខជំនាញ អ្នកគួរតែគិតឲ្យបានច្បាស់ និងរកព័ត៌មានឲ្យបានគ្រប់ ទើបជួយអ្នកឲ្យសម្រេចចិត្តត្រឹមត្រូវ៕