អាការៈទឹកភ្លោះចូលក្នុងចរន្តឈាមគឺជាជំងឺដ៏កម្រមួយ ប៉ុន្តែធ្ងន់ធ្ងរ ដែលវាកើតឡើងក្នុងពេលសម្រាលកូន។ អាការៈជំងឺបែបនេះពិបាកនឹងធ្វើរោគវិនិច្ឆ័យដឹងណាស់។ បើសិនជាគ្រូពេទ្យសង្ស័យថាអ្នកប្រហែលជាមានជំងឺនេះហើយ អ្នកនឹងត្រូវបានព្យាបាលភ្លាមៗដើម្បីបង្ការកុំអោយមានផលវិបាកដែលអាចគំរាមហែងដល់អាយុជីវិតបាន។

រោគសញ្ញា

រោគសញ្ញានៃអាការៈទឹកភ្លោះចូលក្នុងសរសៃឈាមអាចមានដូចជា៖

  • ដង្ហក់ភ្លាមៗ
  • មានទឹកក្នុងសួតច្រើន (ហើមសួត)
  • សម្ពាធឈាមថយចុះភ្លាមៗ
  • របត់ឈាមរត់ឈប់ធ្វើការភ្លាមៗ
  • បញ្ហាគំរាមកំហែងដល់ជីវិតជាមួយនឹងការកកឈាម
  • ប្រែប្រួលអារម្មណ៍ដូចជាថប់អារម្មណ៍ជាដើម
  • ក្អួត ឬចង្អោរ
  • គ្រុនញាក់
  • ចង្វាក់បេះដូងដើរញ៉ាប់ ឬចង្វាក់បេះដូងមានបញ្ហា
  • គំរាមហែងដល់កូនក្នុងផ្ទៃ ដូចជាចង្វាក់បេះដូងលោតយឺត
  • ប្រកាច់
  • សន្លប់
មូលហេតុ

អាការៈទឹកភ្លោះចូលសរសៃឈាមកើតឡើងនៅពេលដែលទឹកភ្លោះ ឬសរីរាង្គរបស់កូនក្នុងផ្ទៃចូលទៅក្នុងចរន្តឈាមរបស់ម្តាយបានតាមរយៈការរហែកក្នុងភ្នាសណាមួយរបស់កូន។ រឿងនេះទំនងជា ទឹកភ្លោះដែលផ្ទុកទៅដោយសារធាតុជាច្រើននោះធ្វើអោយមានប្រតិកម្មរលាក និងបង្កអោយ​មាន​ការកកឈាមក្នុងសួត និងសរសៃឈាមរបស់ម្តាយ។

ទោះបីជាយ៉ាងណាក៏ដោយ អាការៈទឹកភ្លោះចូលសរសៃឈាមគឺកម្រនឹងកើតមានណាស់ ហើយរឿងដែល​ទំនងនោះគឺថា ទឹកភ្លោះមួយចំនួនក៏អាចចូលទៅក្នុងសរសៃឈាមរបស់ម្តាយក្នុងពេលសម្រាលដែរ តែគ្មាន​បញ្ហាអ្វីនោះទេ។ រឿងនេះដូចជាមិនច្បាស់សោះដែលថាហេតុអ្វីបានជាមានករណីខ្លះវាធ្វើអោយមានទឹកភ្លោះចូលទៅក្នុងសរសៃឈាមបង្កជំងឺធ្ងន់ធ្ងរកើត ដូច្នេះហើយគួរតែមានការសិក្សាស្រាវជ្រាវបន្ថែមទៀត។

កត្តាប្រឈមមុខ

អាការៈទឹកភ្លោះចូលសរសៃឈាមគឺជារឿងកម្រមួយ ដូច្នេះវាក៏ពិបាកនឹងកំណត់ថាមានអ្វីជាកត្តាប្រឈមមុខរបស់វាដែរ។ ការស្រាវជ្រាវបានអោយដឹងថា មានកត្តាច្រើនណាស់ដែលមានទំនាក់ទំនងនឹងអាការៈទឹកភ្លោះចូលសរសៃឈាមដូចជា៖

  • ម្តាយអាយុច្រើន៖ បើសិនជាអ្នកមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅទើបតែមានកូន អ្នកប្រហែលជាប្រឈមមុខកាន់តែខ្លាំងនឹងអាការៈទឹកភ្លោះចូលសរសៃឈាមបាន។
  • បញ្ហាសុក៖ បើសិនជាមានភាពមិនធម្មតាក្នុងសុក អ្នកប្រហែលជាប្រឈមមុខកាន់តែខ្ពស់ទៅនឹងអាការៈទឹកភ្លោះចូលសរសៃឈាមបាន។ ភាពមិនធម្មតានោះមានដូចជា សុកបាំងមាត់ស្បូន ឬរបើកសុកមុនពេលសម្រាល។
  • ត្រៀមក្រឡាភ្លើង៖ បើសិនជាអ្នកមានអាការៈត្រៀមក្រឡាភ្លើង (សម្ពាធឈាមឡើងខ្ពស់ និងប្រូតេអ៊ីនក្នុងទឹកនោមច្រើនក្រោយពីគក៌អាយុបាន ២០សប្តាហ៍) អ្នកប្រហែលជាប្រឈមកាន់តែខ្លាំងនឹងបញ្ហាទឹកភ្លោះចូលសរសៃឈាមបាន។
  • ការប្រើវិធីជំរុញអោយឈឺពោះសម្រាល៖ តាមការស្រាវជ្រាវបានអោយដឹងថា ការប្រើវិធីសាស្រ្តជំរុញអោយឈឺពោះសម្រាលមានទំនាក់ទំនងនឹងការប្រឈមមុខកាន់តែខ្លាំងនឹងបញ្ហាទឹកភ្លោះចូលក្នុងសរសៃឈាម។ ប៉ុន្តែការស្រាវជ្រាវមួយនេះនៅមានការខ្វែងគំនិតគ្នានៅឡើយទេ។
  • ការសម្រាលកូនដោយការវះកាត់៖ ការសម្រាលកូនដោយវះកាត់ ឬសម្រាលកូនដោយបូមប្រហែលជាធ្វើអោយអ្នកប្រឈមមុខកាន់តែខ្លាំងនឹងអាការៈទឹកភ្លោះចូលក្នុងសរសៃឈាម។ ដំណើរការទាំងនេះអាចនឹងរំខានដល់កន្លែងការពាររាងកាយរវាងកូន និងអ្នកបាន។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនច្បាស់លាស់នៅឡើយថា ការសម្រាលកូនដោយវះកាត់មានការប្រឈមមុខពិតប្រាកដឬយ៉ាងណានោះទេ។
  • ហ្សែន៖ អ្នកឯកទេសមួយចំនួនជឿជាក់ថា ហ្សែនប្រហែលជាដើរតួនាទីមួយក្នុងការកំណត់ទៅលើការប្រឈមមុខនឹងអាការៈទឹកភ្លោះចូលក្នុងសរសៃឈាមបាន។
ផលវិបាក

អាការៈទឹកភ្លោះចូលក្នុងសរសៃឈាមអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរចំពោះម្តាយ និងកូន។ បើសិនជាអ្នកមានបញ្ហាបែបនេះមែន អ្នកនឹងប្រឈមមុខកាន់តែខ្លាំង៖

  • របួសខួរក្បាល៖ អុកស៊ីសែនទៅខួរក្បាលចុះទាបរហូតដែលជាហេតុនាំអោយខូចសរសៃប្រសាទធ្ងន់ធ្ងរ ឬស្លាប់ខួរក្បាលបាន។
  • ត្រូវនៅក្នុងមន្ទីរពេទ្យយូរ៖ ស្រ្តីដែលមានជីវិតពីអាការៈទឹកភ្លោះចូលសរសៃឈាមច្រើនតែត្រូវការព្យាបាលក្នុងបន្ទប់សង្គ្រោះកម្រិតធ្ងន់ (អាស្រ័យទៅតាមផលវិបាកដែលកើតមានដែរ) រយៈពេលចាប់ពីច្រើនសប្តាហ៍ រហូតដល់ច្រើនខែ។

បើសិនជាអ្នកមានបញ្ហានេះមែន កូនដែលមិនទាន់កើតក៏ប្រឈមមុខខ្ពស់នឹងការគ្រោះថ្នាក់ក្នុងខួរក្បាលដែរដោយសារតែកង្វះអុកស៊ីសែន។ ដូច្នេះវានឹងអាចធ្វើអោយទារកស្លាប់បាន។

តេស្ត និងការធ្វើរោគវិនិច្ឆ័យ

មិនមានតេស្តនៅមន្ទីរពិសោធន៍ណាអាចកំណត់រោគវិនិច្ឆ័យអាការៈទឹកភ្លោះចូលក្នុងសរសៃឈាមបានទេ។ ការធ្វើរោគវិនិច្ឆ័យច្រើនតែធ្វើឡើងក្រោយពីជំងឺផ្សេងៗទៀតត្រូវបានទាត់ចោលហើយ។ ករណីខ្លះ រោគវិនិច្ឆ័យគ្រាន់តែអាចធ្វើបានក្រោយពីម្តាយស្លាប់ហើយប៉ុណ្ណោះ។

ការព្យាបាល

អាការៈទឹកភ្លោះចូលសរសៃឈាមទាមទារអោយមានការព្យាបាលលឿនដើម្បីដឹងថាអុកស៊ីសែនក្នុងឈាមទាប និងសម្ពាធឈាមចុះទាប។ ការព្យាបាលបន្ទាន់មានដូចជា៖

  • ចាក់ម្ជុលក្នុងសរសៃឈាម៖ ក្រុមគ្រូពេទ្យនឹងចាក់ម្ជុលចូលក្នុងសរសៃឈាមអាកទែរអ្នកដើម្បីតាមដានសម្ពាធឈាម។ អ្នកក៏ត្រូវចាក់ម្ជុលមួយទៀតតាមសរសៃវ៉ែននៅទ្រូងដែរ (Central Venous Catheter) ដើម្បីអាចបញ្ចូលជាតិទឹក, ថ្នាំ, ឈាម ព្រមទាំងបូមឈាម។
  • អុកស៊ីសែន៖ អ្នកប្រហែលជាត្រូវការដាក់បំពង់អុកស៊ីសែននៅផ្លូវដង្ហើមដើម្បីជាជំនួយដល់ការដកដង្ហើម។
  • ការប្រើថ្នាំ៖ គ្រូពេទ្យប្រហែលជាអោយអ្នកប្រើថ្នាំដើម្បីពង្រឹង និងទ្រទ្រង់មុខងាររបស់បេះដូង។ ថ្នាំផ្សេងៗទៀតអាចនឹងប្រើសម្រាប់បន្ថយសម្ពាធដែលបណ្តាលមកពីជាតិទឹកចូលក្នុងបេះដូង និងសួតច្រើន។
  • ការបញ្ចូលឈាម៖ បើសិនជាអ្នកមានបញ្ហាហូរឈាមមិនឈប់ អ្នកនឹងត្រូវបញ្ចូលឈាម, ផលិតផលឈាម និងជាតិទឹកជំនួសការបាត់បង់ឈាមវិញ។

បើសិនជាអ្នកមានអាការៈទឹកភ្លោះចូលសរសៃឈាមមុនពេលសម្រាល គ្រូពេទ្យនឹងព្យាបាលអ្នកដោយយកចិត្តទុកដាក់ដើម្បីអាចសម្រាលកូនបានយ៉ាងមានសុវត្ថិភាព និងលឿនតាមតែអាចធ្វើទៅបាន។ ដូច្នេះត្រូវធ្វើការសម្រាលដោយវះកាត់ជាបន្ទាន់។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង