ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការបរិភោគដើម្បីអាចបណ្តេញសម្ពាធទាំងឡាយចេញពីអ្នក។ តើមានអ្វីខ្លះទៅ?

1.    គ្រាប់ធញ្ញជាតិ អាចធ្វើឲ្យអារម្មណ៍អ្នកស្ងប់បាន។ ដូចនេះ អ្នកអាចប្តូរពីអង្ករ មកញ៉ាំជាអង្ករសម្រូបវិញ ហើយប្តូរពីការពិសារនំបុ័ងស មកជានំបុ័ងដែលធ្វើពីស្រូវសាលីវិញ ទើបជាតិស្ករក្នុងរាងកាយអ្នកមិសូវឡើងខ្ពស់ ដោយអាចធ្វើឲ្យអ្នកមិនសូវប្រឈមមុខនឹងសម្ពាធអារម្មណ៍នោះទេ។

2.    អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ដោយក្នុងរបបអាហារ៣ពេលរបស់អ្នក គួរតែបន្ថែមបន្លែចូលឲ្យច្រើនជាងសាច់។ ប្រសិនជាអ្នកឃ្លានមុនពេលដល់អាហារ៣ពេល អ្នកអាចញ៉ាំផ្លែឈើជំនួសអាហារសម្រន់ផ្សេងៗ ដើម្បីអាចកាត់សម្ពាធក្នុងអារម្មណ៍អ្នក។

3.    អាហារពេលល្ងាចរបស់អ្នក គួរតែកុំឲ្យមានសាច់ និងខ្លាញ់ច្រើន ដោយអ្នកគួរតែពិសារដោយសាមញ្ញ ហើយមិនឆ្អែតខ្លាំងពេក ទើបអាចធ្វើឲ្យអ្នកគេងលក់ស្រួល។ ម្យ៉ាងទៀត អ្នកអាចញ៉ាំល្ងខ្មៅ សណ្តែកសៀង សណ្តែកខ្មៅ និងគ្រាប់ល្ពៅជាដើម ព្រោះវាសុទ្ធតែជាអាហារដែលអាចធ្វើឲ្យអារម្មណ៍អ្នកមិនសូវតានតឹងនោះទេ។

4.    អ្នកអាចផ្លាស់ប្តូរពីការពិសារកាហ្វេ មកញ៉ាំតែក្រហមវិញ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយបាន។ ប្រសិនជាអ្នកត្រូវតែញ៉ាំកាហ្វេ ដោយខានមិនបាន អ្នកគួរតែញ៉ាំក្នុងចន្លោះម៉ោង៧ ដល់ម៉ោង៩ព្រឹក ព្រោះក្នុងចន្លោះម៉ោងនេះ វានឹងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខភាពអ្នកឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង