ប្រសិនជាអ្នកចង់ឲ្យកូនអ្នកក្លាយជាមនុស្សពូកែក្នុងថ្ងៃអនាគត អ្នកគួរតែបង្រៀនកូននូវរឿងទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែបង្រៀនកូនឲ្យមានចិត្តអត់ធ្មត់ក្នុងការស្តាប់អ្នកដទៃនិយាយ ដោយមិនគួរទៅកាត់ពាក្យសម្តី ឬមិនយកចិត្តទុកដាក់ស្តាប់ឡើយ ព្រោះជាការមិនគោរពដល់អ្នកដទៃនៅពេលដែលធ្វើការសន្ទនា។

2.    អ្នកគួរតែជួយកូនឲ្យរក្សាបាននូវទម្លាប់អានសៀវភៅឲ្យបានច្រើនតាំងពីតូច ព្រោះការអានសៀវភៅនេះ អាចធ្វើឲ្យកូនមានចំណេះទូលំទូលាយ។ ប៉ុន្តែនៅពេលដែលកូនអានសៀវភៅមួយក្បាលមិនទាន់អស់ អ្នកមិនគួរឲ្យកូនអានមួយក្បាលទៀតទេ ហើយក្រោយពេលដែលគេអានចប់ អ្នកអាចឲ្យគេនិយាយប្រាប់អ្នកពីសាច់រឿងបាន ដើម្បីបង្កើនការចងចាំរបស់កូន។

3.    អ្នកគួរតែបង្រៀនគេពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ទើបអាចជួយគេឲ្យទទួលបានជោគជ័យក្នុងពេលអនាគត។

4.    អ្នកគួរតែវឹកហាត់កូនឲ្យរៀនចេះប្រឈមមុខនឹងបញ្ហា ហើយរៀនដោះស្រាយដោយឯករាជ្យ ទើបនៅពេលដែលគេធំឡើង មិនរំពឹងលើតែអ្នកជួយដោះស្រាយបញ្ហាគ្រប់យ៉ាងដល់គេ។

5.    អ្នកគួរតែបង្រៀនកូនឲ្យចេះគោរពអ្នកដទៃ ទើបទទួលបានការស្រឡាញ់ និងពេញចិត្តពីអ្នកទាំងនោះ។ ដូចនេះ ក្នុងផ្លូវអនាគតរបស់គេ នឹងមានអ្នកជួយពីក្រោយច្រើន ទោះបីឧបសគ្គធំយ៉ាងណាក៏ដោយ។

6.    អ្នកគួរតែបង្រៀនកូនឲ្យមានចរិតម៉ត់ចត់ ទើបអាចជួយធ្វើឲ្យគេងាយសម្រេចបានការងារគ្រប់បែបយ៉ាង ដោយទទួលបានផលល្អទៀតផង។

7.    អ្នកគួរតែបង្រៀនកូនឲ្យរៀនចេះទទួលស្គាល់កំហុសរបស់ខ្លួន ហើយធ្វើការកែប្រែ ដើម្បីជួយកសាងអនាគតដ៏ភ្លឺស្វាងរបស់គេ។

8.    ចុងក្រោយ អ្នកគួរតែធ្វើយ៉ាងណាអប់រំកូនឲ្យមានចំណូលចិត្តក្នុងការរៀនសូត្រ ព្រោះមានតែចំណង់មួយនេះទេ ទើបអាចកែប្រែអនាគតគេឲ្យទៅជាជោគជ័យបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង