យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បានឲ្យដឹងថា ការ​ញ៉ាំ​សាច់​បៃជាន់ សាច់ក្រក និង​សាច់​កៃ​ឆ្នៃ​ផ្សេងៗ​ទៀត​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់នឹង​ជំងឺមហារីក​សុដ​ន់លើ​មនុស្ស​ស្រី​វ័យ​ចំណាស់​បាន​។ ការសិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​បាន​រកឃើញថា សាច់​កៃ​ឆ្នៃ តែ​មិនមែន​សាច់​ក្រហម​ដែល​មិន​បាន​កៃ​ឆ្នៃ​ទេ គឺ​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់​ក្រោយពី​ស្ត្រី​រ៉ាំ​ង​រដូវ​រួច​។

​សាច់​កៃ​ឆ្នៃ​មានដូចជា សាច់​ប្រឡាក់ សាច់​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​រក្សា​គុណភាព​បាន​យូរ​។ សាច់​កៃ​ឆ្នៃ​នៅ​ស្រុក​យើង​អាច​មាន​ដូចជា សាច់​បី​ជាន់ សាច់ក្រក និង​សាច់​ហែម​ជាដើម​។ សាច់​កៃ​ឆ្នៃ​ត្រូវបាន​គេ​ចាត់ទុកថា​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ដោយសារតែ​សារធាតុ​មួយចំនួន​ដែល​គេ​ប្រើ​ដើម្បី​ពង្រឹង​ដល់​ពណ៌ និង​រសជាតិ​របស់​វា ហើយ​វា​ក៏​ប្រហែល​ជា​បង្កើតបាន​នូវ​សារធាតុ​បង្ក​ជំងឺមហារីក​ផងដែរ​។

​ទំនាក់ទំនង​រវាង​សាច់​កៃ​ឆ្នៃ និង​មហារីក​ជាច្រើន​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​បាន​គេ​ដឹង​ខ្លះៗ​ដែរ​ហើយ​។ អ្វី​ដែល​មិន​ទាន់​ច្បាស់​នោះ​គឺថា តើ​វា​មាន​ទំនាក់ទំនង​ខ្លាំង​ឬ​អត់​រវាង​សាច់​កៃ​ឆ្នៃ និង​មហារីក​សុដន់​ឬ​អត់​។ ការសិក្សា​នេះ បាន​ផ្សំ​ចូល​គ្នា​នូវ​ការសិក្សា​ថ្មី​មួយ​ទៅ​លើ​ស្ត្រី​ជនជាតិ​អង់គ្លេស ២៦២១៩៥​នាក់ ជាមួយ​នឹង​លទ្ធផល​បាន​មកពី​ការស្រាវជ្រាវ​មុន​។ លទ្ធផល​នៃ​ការ​ច្របាច់​ចូល​គ្នា​នេះ​បានបង្ហាញ​ថា ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច ហើយ​ញ៉ាំ​សាច់​កៃ​ឆ្នៃ​គឺ​មាន​ឱកាស​កើត​ជំងឺ​មហារីក​សុដន់​ខ្ពស់ជាង​ស្ត្រី​ដែល​មិន​បាន​ញ៉ាំ​សាច់​កៃ​ឆ្នៃ ៩​ភាគរយ​។ ការសិក្សា​ថ្មី​របស់​អង់គ្លេស​ទៅលើ​រឿង​នេះ​បាន​បង្ហាញថា ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​ដែល​បាន​ញ៉ាំ​សាច់​កៃ​ឆ្នៃ​ច្រើន ឬ​ច្រើន​ជាង ៩​ក្រាម​ក្នុង​មួយថ្ងៃ មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​សុដន់​ជាង​ស្ត្រី​មិនបាន​ញ៉ាំ ២១​ភាគរយ​។​

​ដោយសារ​តែ​ប្រភេទ​នៃ​ការសិក្សា​មួយ​នេះ យើង​មិន​អាច​ច្បាស់​ថា សាច់​កៃ​ឆ្នៃ​ពិតជា​ធ្វើឲ្យ​កើត​ជំងឺមហារីក​សុដន់​ដោយ​ផ្ទាល់​នោះ​ទេ​។ ប៉ុន្តែ​ការ​តម​អាហារ​បែបនេះ និង​ញ៉ាំ​វា​ម្តងម្កាល អាច​នឹង​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​វិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

– ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង