ប្រសិនជាអ្នកមិនចង់បំផ្លាញកូន អ្នកមិនគួរធ្វើជាឪពុក៦ប្រភេទខាងក្រោមនេះទេ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរធ្វើជាឪពុកដែលមិនគោរពពាក្យសន្យានោះទេ ព្រោះអាចធ្វើឲ្យកូនស្អប់អ្នក ហើយយកតម្រាប់អ្នក។ ដូចនេះ នៅពេលដែលអ្នកសន្យាធ្វើរឿងអ្វីមួយដល់កូន អ្នកគួរតែធ្វើឲ្យបាន។ ប៉ុន្តែបើអ្នកធ្វើមិនបានទេ អ្នកមិនគួរសន្យានឹងកូនឡើយ ទើបមិនធ្វើឲ្យគេបាត់បង់ទំនុកចិត្ត និងជំនឿចិត្តលើអ្នក។

2.    អ្នកមិនគួរធ្វើជាឪពុកដែលមានចរិតឆេវឆាវនៅចំពោះមុខកូនទេ ព្រោះអាចធ្វើឲ្យកូនរៀនតាមអ្នកបាន។ ដូចនេះ នៅចំពោះមុខកូន អ្នកមិនគួរហាលមាត់និយាយពាក្យមិនសមរម្យ ឬបង្ហាញចរិតក្អេងក្អាងនោះឡើយ ទើបអាចអប់រំកូនឲ្យក្លាយជាមនុស្សសុភាពរាបសារ ចេះគោរពអ្នកដទៃ។

3.    នៅចំពោះមុខកូន អ្នកមិនគួរធ្វើជាឪពុកដែលមិនស្តាប់គំនិតសមាជិកគ្រួសារ ដោយប្រកាន់តែគំនិតខ្លួនជាដាច់ខាតនោះទេ ព្រោះអាចធ្វើឲ្យកូនមិនពេញចិត្តនឹងអ្នកជាខ្លាំង ថែមទាំងប្រឆាំងនឹងអ្នកទៀតផង។ ដូចនេះ ក្នុងនាមជាឪពុកម្នាក់ អ្នកគួរតែចេះទទួលយកគំនិតសមាជិកគ្រួសារមកពិចារណា ទើបអាចអប់រំកូនឲ្យក្លាយជាបុគ្គលដែលចេះស្តាប់គំនិតអ្នកដទៃដូចជាអ្នក។

4.    អ្នកមិនគួរធ្វើជាឪពុកដែលជក់បារីនោះទេ ព្រោះអាចធ្វើឲ្យកូនរៀនជក់តាមអ្នកនៅពេលដែលធំឡើយ។ ជាពិសេស ការជក់បារីនេះ ក៏អាចបំផ្លាញសុខភាពអ្នកផ្ទះផងដែរ។ ដូចនេះ អ្នកគួរតែធ្វើជាឪពុកដែលជាគំរូល្អដល់កូន។

5.    អ្នកមិនគួរតែងតែឈ្លោះគ្នានៅចំពោះមុខកូនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កូនជាខ្លាំង។ ដូចនេះ អ្នកគួរតែរំងាប់អារម្មណ៍អ្នកនៅចំពោះមុខកូន ដើម្បីឲ្យកូនមានចិត្តត្រជាក់ដូចជាអ្នកផងដែរ។

6.    នៅចំពោះមុខកូន អ្នកមិនគួរតែងតែលេងទូរស័ព្ទនោះទេ ព្រោះនេះជាការអប់រំកូនឲ្យខូចបាន។ គេនឹងអាចរៀនតាមអ្នក ដោយកាន់តែទូរស័ព្ទលេង ហើយមិនរៀនសូត្រនោះទេ។ ដូចនេះ អ្នកគួរតែធ្វើជាគំរូល្អដល់កូននៅពេលដែលមកដល់ក្នុងផ្ទះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង