តាមពិតទៅ មិនមែនរបស់ទាំងអស់សុទ្ធតែត្រូវដាក់ក្នុងទូរទឹកកកទេ ព្រោះមានរបស់ខ្លះ បើអ្នកដឹងពីកន្លែងដែលទុកដាក់ នោះអ្នកនឹងអាចសន្សំបានកន្លែងក្នុងទូរទឹកកកខ្លះ។ តើមានរបស់អ្វីខ្លះ ដែលអាចដាក់នៅក្រៅបាន?
1. ប្រសិនជាអ្នកចង់ឲ្យបន្លែបៃតងនៅតែស្រស់ ហើយស្លឹកមិនប្រែជាលឿង អ្នកអាចដាក់ក្នុងថង់ ហើយចងឲ្យជិត រួចយកដាក់ក្នុងទូរទឹកកក នោះវានឹងអាចរក្សាសភាពដើមបាន។
2. ចំណែកប៉េងប៉ោះវិញ អ្នកអាចទុកក្នុងថង់មួយ រួចចងមាត់ឲ្យជិត បន្ទាប់មកទុកនៅកន្លែងដែលគ្មានពន្លឺថ្ងៃ ដោយមួយថ្ងៃបើកមាត់ឲ្យខ្យល់ចូលចំនួន៥នាទី ទើបចងវិញ នោះប៉េងប៉ោះអ្នកនឹងនៅតែស្រស់ ដោយមិនចាំបាច់ទុកក្នុងទូរទឹកកកទេ។ ប៉ុន្តែប៉េងប៉ោះនោះ អ្នកគួរតែជូតទឹកចេញឲ្យស្អាត ទើបមិនងាយខូចពេលទុកក្នុងថង់។
3. បើអ្នកមិនចង់ឲ្យដំឡូងបារាំងឆាប់ខូច អ្នកអាចទុកផ្លែប៉ោមនៅជាមួយដំឡូងបារាំង នោះវានឹងមិនងាយខូចឡើយ។ ដូចនេះ អ្នកនឹងអាចទុកបានយូរ ដោយមិនចាំបាច់ទុកក្នុងទូរទឹកកកទេ។
4. ចំពោះផ្លែត្រប់វិញ បើអ្នកមិនទាន់យកមកចម្អិនម្ហូប អ្នកមិនគួរលាងទឹកនោះទេ ដោយអ្នកអាចយកប្លាស្ទិចសម្រាប់ខ្ចប់អាហារ យកមករុំលើត្រប់នោះ ហើយទុកនៅក្រៅទូរទឹកកកបាន នោះវានឹងមិនងាយខូចឡើយ ថែមទាំងអាចទុកបានយូរទៀតផង។
5. ប្រសិនជាអ្នកទិញមើមឈូករួច អ្នកមិនទាន់ចង់យកមកចម្អិន អ្នកអាចលាងដីនោះឲ្យស្អាត រួចត្រាំក្នុងទឹក ដោយផ្លាស់ប្តូរ២ថ្ងៃម្តង នោះមើមឈូកអ្នកនឹងមិនងាយខូចឡើយ ទោះទុកយូរក៏ដោយ។
6. បើល្ពៅប្រើសល់ អ្នកអាចយកគ្រាប់វាចេញអស់ ទើបដាក់ក្នុងថង់ប្លាស្ទិច នោះល្ពៅមួយនេះមិនងាយខូចឡើយ ដោយមិនចាំបាច់ដាក់ក្នុងទូរទឹកកកដើម្បីក្លាសេនោះទេ។ ដូចនេះ អ្នកអាចសាកល្បងតាមវិធីខាងលើនេះ ដើម្បីអាចសន្សំកន្លែងក្នុងទូរទឹកកកខ្លះ ទោះបីជាគ្មានកន្លែងសម្រាប់ក្លាសេ ក៏បន្លែមិនងាយខូចដែរ៕