ខណៈពេលដែលមិនទាន់មាននរណាបានដឹងច្បាស់អំពីមូលហេតុជាក់លាក់នៃការរលាកខ្នែងពោះវៀននៅឡើយ តែវាអាចធ្វើឲ្យជីវិតរបស់មនុស្សយើងស្ថិតក្នុងសភាពគ្រោះថ្នាក់បានបើសិនជាវាស្រាប់តែរលាកនោះ។ ដោយសារតែវាអាចបែក ដូច្នេះវាអាចនឹងបញ្ចេញមេរោគ និងលាមកចូលទៅក្នុងស្រោមពោះបាន។ ដូច្នេះហើយ មិនខ្វល់ថាវាស្ថិតក្នុងករណីណាក៏ដោយ ការរលាកខ្នែងពោះវៀនគឺជារឿងដែលត្រូវការការព្យាបាលដោយវះកាត់ជាបន្ទាន់។ យកល្អគួរតែស្វែងយល់អំពីអាការៈញឹកញាប់បំផុតរបស់ជំងឺនេះដូចខាងក្រោម៖
ឈឺពោះ
អាការៈមួយ និងញឹកញាប់បំផុតរបស់ជំងឺរលាកខ្នែងពោះវៀនគឺការឈឺពោះនេះឯង។ ក្នុងចំណោមអ្នកជំងឺរលាកខ្នែងពោះវៀនទាំងអស់មាន ៥០ភាគរយហើយដែលមានអាការៈឈឺចាប់នៅជុំវិញផ្សិត បន្ទាប់មកវានឹងចាក់ទៅផ្នែកខាងក្រោម និងខាងស្តាំនៃពោះ។ ខណៈពេលដែលមានជំងឺជាច្រើនដែលបង្កជាអាការៈឈឺចាប់នៅតំបន់នេះដែរក៏ដោយ តែការឈឺចាប់របស់វាមិនដូចគ្នាឡើយ។ ម៉្យាងវិញទៀត ការឈឺចាប់ដោយសាររលាកខ្នែងពោះវៀនងាយនឹងកាន់តែធ្ងន់ធ្ងរទៅៗក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ទល់លាមក ឬរាករូស
អ្នកប្រហែលជាធ្លាប់មានការប្រែប្រួលទម្លាប់នៃការបន្ទោបង់ភ្លាមៗបើសិនជាអ្នកកំពុងតែមានជំងឺរលាកខ្នែងពោះវៀន។ ពេលខ្លះវាអាចជាការទល់លាមក ប៉ុន្តែខ្លះទៀតអាចជាការរាករូស។ គ្រូពេទ្យពន្យល់ថា វាអាចជារឿងខុសគ្នាសម្រាប់មនុស្សម្នាក់ៗ។ អ្នកខ្លះមានជំងឺរលាកខ្នែងពោះវៀនបែរជាមានអាការៈនោមញឹក និងឈឺពេលនោមទៅវិញ។
ការក្អួត និងចង្អោ
កាលណាអ្នកមានការឈឺក្នុងពោះហើយ អ្នកខ្លះទៀតអាចនឹងមានអាការៈចង្អោខ្លាំងមកជាមួយ។ ថ្វីបើការក្អួត និងចង្អោមានមូលហេតុរបស់វាច្រើនក៏ដោយ តែវាក៏អាចបញ្ជាក់ថាជាការរលាកខ្នែងពោះវៀនដែរបើសិនជាវាកើតឡើងជាមួយនឹងការឈឺពោះផ្នែកខាងក្រោមនិងខាងស្តាំ។
មានបញ្ហានឹងចលនារាងកាយ
ដោយសារតែជំងឺរលាកខ្នែងពោះវៀនអាចធ្វើឲ្យឈឺចាប់ខ្លាំងនៅពោះ វាក៏ទំនងជាធ្វើឲ្យអ្នកមិនអាចធ្វើចលនាអ្វីបានច្រើនដែរ ដោយសារតែកាលណាអ្នកធ្វើចលនាកាន់តែច្រើន ការឈឺចាប់កើតឡើងកាន់តែខ្លាំងថែមទៀត។ ក្រៅពីនេះ គ្រាន់តែក្អក ឬកណ្តាសក៏គ្រប់គ្រាន់នឹងធ្វើឲ្យឈឺចាប់ខ្លាំងបានដែរ។
ផោមច្រើន
យើងទាំងអស់គ្នាដឹងហើយថា ការញ៉ាំអាហារសម្បូរជាតិហ្គាសដូចជាសណ្តែក និងផលិតផលធ្វើពីទឹកដោះគោសុទ្ធតែអាចធ្វើឲ្យពោះវៀនផលិតឧស្ម័នកាន់តែច្រើន ដែលជាហេតុនាំឲ្យផោមច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលផោមច្រើនហើយមានអាការៈរាករូស ឬទល់លាមកមកជាមួយទៀត ប្រហែលជាមិនអាចធ្វើឲ្យអ្នកស្រួលក្នុងពោះទេ តែវាអាចជាសញ្ញានៃការរលាកខ្នែងពោះវៀនវិញ។ ដូច្នេះបើសិនជាអ្នកកំពុងតែមានការផោមច្រើន បូករួមនឹងឈឺពោះខ្លាំង និងអាការៈមួយចំនួនដែលបានរៀបរាប់ខាងលើ យកល្អគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៕