តើអ្នកមានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាម្រាមជើងចេះតែរមួលក្រពើ ឬក្កាមកាច់ដែរទេ? អ្នកប្រហែលជាមានអារម្មណ៍ថា ម្រាមជើងនៅសុខៗស្រាប់តែរមួល ឬកាច់ ឬមានការឈឺចាប់ខ្លាំងនៅម្តុំចុងជើង និងលើម្រាមជើងនៅពេលអ្នកធ្វើចលនាវានៅពេលយប់។ តើមកពីហេតុអ្វីទៅ? មែនហើយ បញ្ហានេះច្រើនតែជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែធ្វើអ្វីមួយច្រើនជ្រុល។ អ្វីដែលជាដំណឹងល្អនោះគឺថា វាមានវិធីព្យាបាលដោយខ្លួនឯងច្រើនណាស់ក្នុងការដោះស្រាយបញ្ហានេះ ប៉ុន្តែបើសិនជាវានៅតែមិនបាត់ទៅវិញទេ យកល្អគួរតែទៅជួបពេទ្យដើម្បីព្យាបាលព្រោះវាអាចមានមូលហេតុរបស់វាក្នុងខ្លួនរបស់អ្នក។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនតូចដែលធ្វើឲ្យអ្នកនៅសុខៗស្រាប់តែក្តាមកាច់ម្រាមជើងតែម្តង។
ស្បែកជើងដែលអ្នកពាក់នោះតឹងពេក
បើសិនជាម្រាមជើងស្រាប់តែរមួល ឬក្តាមកាច់ភ្លាមៗ វាអាចដោយសារតែអ្នកកំពុងតែពាក់ស្បែកជើងរឹបតឹងពេក។ ស្បែកជើងដែលអ្នកពាក់នោះអាចនឹងរឹតលំហូរឈាមដែលជាហេតុធ្វើឲ្យប្រអប់ជើងមានការឈឺចាប់។ ដូច្នេះចូរប្រាកដថា ស្បែកជើងដែលអ្នកកំពុងតែពាក់នោះមានខ្យល់ចេញចូល និងធូរល្មមអាចពាក់បាន។
ប្រអប់ជើងជើងធ្វើការច្រើនពេក
វាអាចទៅរួចក្នុងករណីមួយដែលអ្នកប្រើម្រាមជើងច្រើនពេកទោះបីជាអ្នកមិនបានធ្វើការ ឬហាត់ប្រាណអ្វីច្រើនខ្លាំងក៏ដោយ។ តាមពិតទៅ ការហែលទឹក ការលើកទម្ងន់ និងជិះកង់ពិតជាអាចធ្វើឲ្យម្រាមជើងរមួល ឬក្តាមកាច់បាន។ នេះដោយសារតែមានរបត់ឈាមទៅចិញ្ចឹមម្រាមជើងតិច ដែលវាទាក់ទងនឹងការប្រើប្រអប់ជើងច្រើនពេក។
អាយុកាន់តែច្រើន
ហេតុផលផ្សេងមួយទៀតដែលម្រាមជើងទៅជាក្តាមកាច់ភ្លាមៗដោយសារតែអាយុច្រើន។ នេះគឺជារឿងធម្មតាទេ ដោយសារតែសរសៃប្រសាទ និងសាច់ដុំងាយនឹងខូចខាតទៅតាមពេលវេលា។ ជាធម្មតារឿងនេះកើតឡើងនៅពេលដែលអ្នកអាយុខ្ទង់ ៥០ឆ្នាំ ឆ្អឹងនឹងបាត់បង់ជាតិកាលស្យូម បូករួមនឹងសាច់ដុំលែងសូវមានភាពយឺតទៀតក្នុងការរក្សាលំនឹងរាងកាយពេលធ្វើចលនា។ ដូច្នេះនៅពេលដែលអ្នកធ្វើការងារអ្វីច្រើនជ្រុល វាអាចនឹងនាំឲ្យក្តាមកាច់ម្រាមជើងភ្លាមៗបាន។
ការខ្សោះជាតិទឹក
ដំណឹងល្អនោះគឺថា អ្នកកម្តៅសាច់ដុំសិនហើយមុននឹងហាត់ប្រាណ ប៉ុន្តែហេតុអ្វីបានជាម្រាមជើងនៅតែត្រូវក្តាមកាច់ទៀតអ៊ីចឹង? វាអាចមានករណីមួយត្រង់ថា អ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់រយៈពេលច្រើនម៉ោង មានន័យថា អ្នកកំពុងតែខ្សោះជាតិទឹកក្នុងខ្លួន។ រឿងនេះអាចប៉ះពាល់ដល់របត់ឈាមរត់ ដែលជាហេតុនាំឲ្យមានក្តាមកាច់ម្រាមជើង។ ដូច្នេះបើសិនជាអ្នកហាត់ប្រាណ ចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយដើម្បីជំនួសជាតិទឹកដែលបាត់បង់ដោយសារបែកញើស។
ឥរិយាបថនៃការគេងមិនល្អ
ដូចអ្វីដែលបានបញ្ជាក់ពីខាងលើអ៊ីចឹងថា បញ្ហាក្តាមកាច់ម្រាមជើងអាចកើតឡើងនៅពេលដែលអ្នកកំពុងតែគេង ហើយវាក៏អាចបង្កឡើងដោយជំហរមិនត្រឹមត្រូវដែរ។ ការគេងផ្ងាអាចធ្វើឲ្យជើងរួញខ្លីបាន។ ចូរចាំថា ប្រអប់ជើងគឺងាយនឹងបត់ចុះក្រោមណាស់ ដែលរឿងនេះអាចភ្ញោចដល់សរសៃប្រសាទនៅជើងបង្កជាការរមួលបាន៕