មនុស្សខ្លះកើតមកក្នុងពិភពលោកមួយនេះគឺមានជំងឺទឹកនោមផ្អែមស្រាប់ហើយ។ បើសិនជាអ្នកមិនមែនជាមនុស្សបែបនេះទេ មិនមែនមានន័យថា អ្នកនឹងមិនអាចកើតជំងឺនេះឡើយ។ វាមានទម្រងជំងឺទឹកនោមផ្អែមមួយប្រភេទដែលអាចកើតឡើងដោយសារតែរបបអាហារមិនល្អ និងរបៀបរស់នៅដែលមិនផ្តល់សុខភាព នោះគឺជំងឺទឹកនោមផ្អែមប្រភេទទី២។ ម៉្យាងវិញទៀត មនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺទឹកនោមផ្អែមបានទាំងអស់។ 

យ៉ាងណាមិញខាងក្រោមនេះអ្នកនឹងទទួលដឹងអំពីទម្លាប់ជាច្រើនដែលត្រូវបានវិទ្យាសាស្រ្តអះអាងថា អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២បាន។ ដូច្នេះបើសិនជាអ្នកដឹងហើយ យកល្អគួរតែព្យាយាមកាន់តែបន្ថយរឿងទាំងនេះឲ្យបានច្រើនផង។ 

គេងយប់ៗពេក

តាមការសិក្សារបស់ប្រទេសកូរ៉េបានឲ្យដឹងថា អ្នកដែលក្រចូលគេងមានការប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ខណៈពេលដែលមនុស្សយើងគួរតែគេងពី ៧ ទៅ៩ម៉ោងក្នុងមួយយប់។ អ្នកជំនាញនិយាយថា រឿងនេះដោយសារតែការប៉ះពាល់នឹងពន្លឺសិប្បនិមិត្តពីទូរទស្សន៍ កុំព្យូទ័រ ថាប្លេត និងទូរស័ព្ទឆ្លាតវៃ។ ការប៉ះពាល់នឹងពន្លឺទាំងនេះគឺជារឿងដែលធ្វើឲ្យរាងកាយលែងស៊ាំនឹងអាំងស៊ុយលីន ដែលជាហេតុនាំឲ្យកើនឡើងជាតិស្ករក្នុងឈាមកាន់តែច្រើន។ 

មិនប៉ះពាល់នឹងពន្លឺព្រះអាទិត្យសោះ

ដោយសារតែវាត្រូវបានគេដឹងថា ពន្លឺព្រះអាទិត្យអាចបង្កើនការប្រឈមនឹងស្បែកឆាប់ចាស់ និងមហារីកស្បែក ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវចៀសវាងវារហូតនោះទេ។ តើអ្នកមានដឹងទេថា ព្រះអាទិត្យជាប្រភពនៃវីតាមីន D។ អ្នកជំនាញជឿជាក់ថា វីតាមីន D គឺជាជីវជាតិដ៏សំខាន់សម្រាប់ថែរក្សាសុខភាពលំពែង។ លំពែងដែលមានសុខភាពល្អ គឺសំខាន់សម្រាប់ការផលិតអាំងស៊ុយលីនដ៏ត្រឹមត្រូវ។ ដើម្បីលំពែងទទួលបានវីតាមីន D បាន វាទាល់តែស្បែកប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ប៉ុន្តែអ្នកគួរចៀសវាងពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង ៤ល្ងាច។ 

មិនបានញ៉ាំអាហារពេលព្រឹក

អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ ជាពិសេសអ្នកដែលកំពុងតែព្យាយាមសម្រកទំ្ងន់។ តើអ្នកមានដឹងទេថា អ្នកក៏គួរតែបន្តញ៉ាំអាហារពេលព្រឹកថែមទៀតបើសិនជាអ្នកកំពុងតែព្យាយាមមិនឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំនាញខាងអាហារូបត្ថម្ភនិយាយថា ការតមអាហារពេលព្រឹកអាចធ្វើឲ្យរាងកាយកាន់តែពិបាកសម្របសម្រួលជាតិស្ករក្នុងឈាម។ ដូច្នេះចូរចាប់ផ្តើមថ្ងៃថ្មីជាមួយអាហារពេលព្រឹកណាដែលមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ 

មិនចេះដោះស្រាយបញ្ហាតានតឹង

នាពេលបច្ចុប្បន្ន និងអាយុកាន់តែច្រើន វាតែងតែធ្វើឲ្យជីវិតរស់នៅពោរពេញទៅដោយភាពតានតឹង ជាពីសេសក្នុងពេលដែលជួបបញ្ហាពិបាកៗ។ នេះគឺជាហេតុផលពិតប្រាកដមួយដែលធ្វើឲ្យមនុស្សកាន់តែច្រើនកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ មែនហើយ គ្រូពេទ្យនិយាយថា វាមានទំនាក់ទំនងដ៏ខ្លាំងក្លាមួយរវាងការស្រ្តេសខ្លាំង និងជំងឺទឹកនោមផ្អែមប្រភេទទី២។ 

ការដែលស្រ្តេសគ្រប់ពេល អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់បាន។ ជាមួយគ្នានេះដែរ វាក៏ជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ញ៉ាំច្រើនៗ ជាពិសេសអាហារ ឬភេសជ្ជៈដែលមានជាតិផ្អែមៗតែម្តង៕