ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្ន ទើបមិនប៉ះពាល់ដល់មនោសញ្ចេតនាអ្នក និងមិត្តភក្តិ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកទិញរបស់ថ្មី អ្នកមិនគួរអួតនៅចំពោះមុខមិត្តសម្លាញ់អ្នកទេ ព្រោះអាចធ្វើឲ្យអ្នកទាំងនោះមានអារម្មណ៍មិនស្រួល ថែមទាំងអាចច្រណែនអ្នកទៀតផង។ ជាហេតុដែលធ្វើឲ្យមិត្តអ្នកចាប់ផ្តើមមិនចូលចិត្តនិយាយជាមួយអ្នកនោះទេ។
2. អ្នកមិនគួរតែងតែសួរនាំពីរឿងផ្ទាល់ខ្លួនរបស់មិត្តអ្នកទេ ព្រោះវាជារឿងមួយដែលអាចចាត់ទុកបានថា ជាការមិនគោរពចំពោះមិត្តអ្នក។
3. អ្នកមិនគួរនិយាយ ឬមានទំនាក់ទំនងច្រើនជាមួយនឹងសង្សារមិត្តអ្នកឡើយ ព្រោះអាចធ្វើឲ្យមិត្តអ្នកយល់ច្រឡំ ដោយអាចបំផ្លាញមនោសញ្ចេតនាអ្នកទាំងពីរបានយ៉ាងងាយជាទីបំផុត ទោះបីជាអ្នករាប់អានជាមួយគ្នាយូរប៉ុណ្ណាក៏ដោយ។
4. នៅពេលដែលអ្នកចេញទៅក្រៅញ៉ាំអីជាមួយគ្នា អ្នកមិនគួរឲ្យមិត្តអ្នកចេញលុយតែម្នាក់ឯងនោះទេ ដោយអ្នកគួរតែជួយចេញ ទើបមិនធ្វើឲ្យចិត្តមិត្តអ្នកនៅមិនស្ងប់ ហើយគិតថាអ្នកឆ្លាត ដោយមិនហ៊ានដើរលេងជាមួយអ្នកទៀតទេ។
5. ចំពោះបញ្ហាប្រាក់ ប្រសិនជាមិនចាំបាច់ខ្លាំង អ្នកមិនគួរឲ្យមិត្តអ្នកខ្ចីឡើយ ព្រោះអាចបំផ្លាញមនោសញ្ចេតនាអ្នកដោយមិនដឹងខ្លួន។ មិនថាអ្នករាប់អានស្និទ្ធយ៉ាងណាក៏ដោយ នៅពេលដែលមានបញ្ហាទាក់ទងនឹងប្រាក់ អ្នកទាំងពីរនឹងមើលមុខគ្នាមិនចំនោះទេ។
6. មិនថាសង្សាររបស់មិត្តអ្នកល្អ ឬមិនល្អទេ អ្នកក៏មិនគួរនិយាយអាក្រក់ពីគេនៅចំពោះមិត្តអ្នកដែរ ព្រោះនេះជារឿងរបស់មិត្តអ្នក។ បើអ្នកចេះលូកដៃ នោះនឹងធ្វើឲ្យមិត្តអ្នកមិនពេញចិត្តជាខ្លាំង។ ដូចនេះ បើអ្នកចង់រក្សាមនោសញ្ចេតនាអ្នក និងមិត្ត អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ទើបមិនងាយមានបញ្ហា៕