យោងទៅតាមសារព័ត៌មាន The Sun បានឲ្យដឹងថា វាគឺជាជំនឿមិនត្រឹមត្រូវមួយរបស់អាស៊ីតខ្លាញ់មួយនេះ ខណៈពេលដែលសារព័ត៌មាន Daily Telegraph បានលើកទឹកចិត្តឲ្យមនុស្សយើងព្យាយាមញ៉ាំបន្លែឲ្យបានច្រើនចៀសជាងការទិញថ្នាំបំប៉នប្រភេទ Omega-3 ដើម្បីពង្រឹងដល់សុខភាពបេះដូង។ 

អាស៊ីតខ្លាញ់អូមេហ្គាបី ចង់សម្តៅទៅលើអាស៊ីតខ្លាញ់បីប្រភេទដែលមានក្នុងត្រី និងរុក្ខជាតិមួយចំនួន។ មានគេនិយាយថា ការញ៉ាំថ្នាំបំប៉នប្រភេទអូមេហ្គាបី អាចបន្ថយការប្រឈមនឹងការកើតជំងឺធ្ងន់ធ្ងរមួយចំនួនបានដូចជា ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ថ្វីបើមានអំណះអំណាងតិចតួចអំពីរឿងនេះក៏ដោយ តែទីផ្សាអន្តរជាតិចំពោះថ្នាំបំប៉នអូមេហ្គាបីឥឡូវនេះ បានប៉ាន់ស្មានឃើញថា វាមានតម្លៃប្រហែល ៣៣ពាន់លានដូល្លាឯណោះ។ 

ការប្រើប្រាស់ទិន្នន័យដែលបានមកពីប្រជាជនច្រើនជាង ១០០០០០នាក់ អ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញថា វាមានអំណះអំណាងតិចតួច ឬស្ទើរតែគ្មានសោះថា ការញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីកាន់តែច្រើន កាន់តែមានប្រយោជន៍ចំពោះសុខភាពបេះដូង។ 

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿថា ការញ៉ាំត្រីសម្បូរខ្លាញ់ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលវាជាផ្នែកដ៏ល្អមួយនៃរបបអាហារផ្តល់សុខភាព នៅតែជារឿងល្អសម្រាប់បេះដូង និងសុខភាពទូទៅទាំងមូល៕