គ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺសុទ្ធតែត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវជៀសវាងបញ្ហាសុខភាពផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិសេសក្នុងខែក្ដៅការរក្សាបានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺកាន់តែចាំបាច់បំផុត។ ថាតើអាហារអ្វីខ្លះជួយទប់ទល់នឹងអាកាសធាតុក្ដៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃផ្លែឈើដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ៖
១. ទឹកដូង
កំឡុងពេលរដូវក្ដៅទឹកដូង គឺជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនិងត្រជាក់។ ភេសជ្ជៈធម្មជាតិនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបំពេញអេឡិចត្រូលីត្រក្នុងរាងកាយក្រោយបាត់បង់ពេលបែកញើស ហើយបញ្ចុះកម្ដៅបានយ៉ាងប្រសើរ។
២. ឪឡឹក
ជាប្រភពដ៏ប្រសើរនៃជាតិទឹកដែលជួយកាត់បន្ថយកម្ដៅរាងកាយបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតឪឡឹកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលការពារស្បែកប្រឆាំងនឹងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ជាតិសសៃនៃផ្លែឪឡឹកក៏ជួយរក្សាក្បាលពោះរាបស្មើនិងសម្រួលដល់ការរំលាយអាហារគួរឱ្យកត់សម្គាល់។
៣. ផ្លែទទឹម
ផ្លែឈើរសជាតិជូរអែមនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយរាងកាយមិនឱ្យឡើងកម្ដៅខ្ពស់ខុសប្រក្រតី។
៤. ត្រសក់
មានផ្ទុកសម្បូរទៅដោយជាតិទឹក ត្រសក់ជួយបន្ថយកម្ដៅរាងកាយ។ វាជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។
៥. ឆៃថាវ
ជាប្រភពដ៏ប្រសើរនៃជាតិទឹកនិងវីតាមីន C។ លក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ភាពស្ត្រេស ឈឺសន្លាក់ និងឈឺសាច់ដុំដោយសារកម្ដៅខ្លាំង។
៦. ស្លឹកជីអង្កាម
ដើម្បីបន្ថយកម្ដៅរាងកាយពីខាងក្នុង ចូរបន្ថែមស្លឹកជីអង្កាមក្នុងអាហារនិងភេសជ្ជៈ។ ជីអង្កាមមានផ្ទុកសារធាតុ menthol ដែលផ្ដល់ភាពត្រជាក់។
៧. ត្រសក់ស្រូវ
គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ៕