​យោង​ទៅ​តាម​គេហទំព័រ Sky News បាន​និយាយថា សូកូឡា និង​ស្រាក្រហម​អាច​កំចាត់​ជំងឺ​ទឹកនោម​ផ្អែម​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​មួយ​ដែល​បាន​ពិនិត្យ​ទៅលើ​សារធាតុ​ពិសេស​មួយ​ឈ្មោះថា Flavonoids ដែល​មាន​ក្នុង​ស្រា​ក្រហម និង​សូកូឡា​។

​ការសិក្សា​បាន​រកឃើញថា ស្ត្រី​ដែល​មាន​របប​អាហារ​សម្បូរ​សារធាតុ Flavonoids ច្រើន​គឺ​មិនសូវ​ជា​មាន​សញ្ញា​ច្រើន​ដែល​បញ្ជាក់ថា​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ទេ ជាពិសេស​វា​អាច​បន្ថយ​ភាព​មិន​ទទួល​របស់​អាំង​ស៊ុយ​លីន​ច្រើនជាង​អ្នក​ដែល​មាន​របប​អាហារ​ប្រភេទ​នេះ​ទាប​។ យ៉ាងណាមិញ Flavonoids មិន​គ្រាន់តែ​ត្រូវបាន​គេ​រកឃើញ​ក្នុង​ស្រាក្រហម និង​សូកូឡា​ទេ តែ​វា​ក៏​ត្រូវបាន​គេ​រកឃើញ​ក្នុង​រុក្ខជាតិ តែ និង​ផ្លែ​បឺរី​ដែរ​។

​ដោយសារតែ​ការ​សិក្សា​នេះ​គឺជា​លក្ខណៈ​កាត់​ទទឹង ដូច្នេះ​មានន័យថា វា​មិន​អាច​អះអាងថា សារធាតុ Flavonoids អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ឡើយ​។ វា​អាច​ត្រង់​ថា ស្ត្រី​ដែល​មាន​របប​អាហារ Flavonoids ខ្ពស់​មាន​និន្នាការ​សម្រប​ខ្លួន​នឹង​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ​ដូចជា ហាត់ប្រាណ​ទៀងទាត់​។

​ជាមួយគ្នានេះដែរ ការសិក្សា​នេះ​គឺ​ផ្អែក​តែ​ទៅលើ​សញ្ញា​នៃ​ភាពស៊ាំ​របស់​អាំង​ស៊ុយ​លីន​ជាង​ការកំណត់​រោគវិនិច្ឆ័យ​ជំងឺ​ទឹកនោម​ផ្អែម​។ ដោយសារតែ​មិន​មាន​ស្ត្រី​ទាំងអស់​មាន​សញ្ញា​ទាំងនេះ​ដែល​នឹង​ត្រូវ​កើត​ជំងឺ​ទឹកនោម​ផ្អែម​នោះ ដូច្នេះ​វា​អាច​ផ្តល់​នូវ​លទ្ធផល​នៃ​ការសិក្សា​ដ៏​ខ្សោយ​មួយ​ក្នុង​ការជឿជាក់​។​

​ការសិក្សា​នេះ​ក៏​មិន​បាន​ផ្តល់​នូវ​ភ្លើង​ខៀវ​ថា​គួ​រញ៉ាំ​ស្រា​ក្រហម​ទៅឲ្យ​លើស​ពី​ការណែនាំ ឬ​ញ៉ាំ​សូកូឡា​ញឹកញាប់​ដែរ ព្រោះ​វា​អាច​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​របស់​ផ្អែម​ច្រើន ខ្លាញ់​ច្រើន និង​គ្រឿង​ស្រវឹង​ច្រើន អាច​ធ្វើឲ្យ​កើត​ជា​ជំងឺថ្លើម ជំងឺ​បេះដូង​សរសៃឈាម ដាច់​សរសៃឈាម​ខួរក្បាល និង​មហារីក​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង