ការផ្ដល់អោយកូនរបស់លោកអ្នកនូវអាហារត្រឹមត្រូវកំឡុងពេលពួកគេស្ថិតក្នុងដំណាក់កាលធំធាត់ឡើងនោះ គឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះគួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់កុមារ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់សុខភាពកូនតូចរបស់លោកអ្នក ៖
១. ចេក
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតដែលមិនត្រឹមតែផ្ដល់ឱ្យក្មេងតូចនូវថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយសម្រួលដល់ការរំលាយអាហារផងដែរ។ សម្រាប់យក្មេងតូចកាន់តែស្រួលញ៊ាំអ្នកអាចកិនចេកទុំឱ្យរាងម៉ដ្ឋបន្តិចដើម្បីងាយរំលាយ។ ចំពោះកុមារក៏អ្នកអាចហាន់ ឬកាន់ចេកជាចំណិតតូចៗ។ ទោះជាយ៉ាងណាត្រូវប្រាកដថាឱ្យកូនញ៊ាំចេកទុំទើបពួកគេស្រួលទំពារ។
២. ផ្កាខាត់ណាខៀវ
អ្នកអាចចំហុយ ឬស្ងោរផ្កាខាត់ណាខៀវសម្រាប់កូនតូចរបស់អ្នកដើម្បីឱ្យរាងកាយពួកគេអាចទទួលបានសារធាតុ folate ក៏ដូចជាជាតិសសៃសម្រាប់ការរំលាយអាហារ។ បន្លែនេះក៏ជួយឱ្យក្មេងទទួលបានសារធាតុចិញ្ចឹមនិងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលអាចប្រយុទ្ធប្រឆាំងកោសិកាមហារីកផងដែរ។
៣. ដំឡូងផ្អែម
ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូម ជាតិសសៃ និងវីតាមីន C ព្រមទាំង beta-carotene ដែលជួយកម្ចាត់រ៉ាឌីកាល់សេរី ក៏ដូចជាកោសិកាមហារីក។ ក្មេងតូចៗភាគច្រើនចូលចិត្តញ៊ាំដំឡូងផ្អែមជាងបន្លែផ្សេងៗទៀតព្រោះរសជាតិឆ្ងាញ់នៃដំឡូងនេះ។ ដូច្នេះកុំភ្លេចស្ងោរដំឡូងរួចកិនឱ្យរាងម៉ដ្ឋឱ្យកូនតូចរបស់អ្នកញ៊ាំ។
៤. ផ្លែបឺរ
ផ្លែឈើមួយប្រភេទទៀតដែលសាកសមសម្រាប់ក្មេងតូច គឺផ្លែបឺរ។ ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងខ្លាញ់ល្អ monounsaturated។ ទោះជាយ៉ាងណាត្រូវឱ្យកូនញ៊ាំផ្លែបឺរទុំដោយកុំភ្លេចចិតសំបកចេញនិងកិនឱ្យរាងម៉ដ្ឋផង។
៥. ក្រូច
ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយចូរឱ្យកូនញ៊ាំផ្លែក្រូច។ ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃវីតាមីន C។ ចូរជ្រើសរើសផ្លែក្រូចដែលមិនសូវជូរខ្លាំងទើបក្មេងតូចអាចញ៊ាំបាន។
៦. ស៊ុត
មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន A វីតាមីន D វីតាមីន b12 វីតាមីន E និងស័ង្កសី។ ផ្នែកពណ៌លឿងនៃស៊ុតក៏មានផ្ទុកសារធាតុ choline ដែលចាំបាច់សម្រាប់សុខភាពខួរក្បាលល្អប្រសើរ៕