ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានសណ្ដែកបណ្ដុះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានសណ្ដែកបណ្ដុះ ៖

១. ជម្រុញការលូតលាស់សក់

នេះក៏ព្រោះតែសណ្ដែកបណ្ដុះជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C។ ការទទួលទានសណ្ដែកបណ្ដុះអាចប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលតែងបណ្ដាលឱ្យសក់បែកចុង ផុយស្រួយ ខ្សោយ និងស្ដើង។

២. បង្កើនការដុតរំលាយអាហារក្នុងរាងកាយ

អត្ថប្រយោជន៍ដ៏ល្អមួយទៀតនៃការទទួលទានសណ្ដែកបណ្ដុះ គឺវាអាចជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយតាមរយៈបរិមាណអង់ស៊ីមដែលមានផ្ទុក។ នេះមានន័យថារាងកាយនឹងអាចកម្ចាត់ជាតិខ្លាញ់ដែលលើសបានកាន់តែប្រសើរ។

៣. ជួយឱ្យស្រកទម្ងន់

ប្រសិនបើអ្នកកំពុងសម្រកទម្ងន់ ចូរកុំភ្លេចរួមបញ្ចូលសណ្ដែកបណ្ដុះក្នុងរបបអាហារ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែកាឡូរីទាប។ បរិមាណនៃជាតិសសៃក្នុងសណ្ដែកបណ្ដុះក៏ជួយឱ្យឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរផងដែរ។

៤. រក្សាសំណើមស្បែក

នេះក៏ព្រោះតែសណ្ដែកបណ្ដុះជាប្រភពដ៏ប្រសើរនៃវីតាមីន B ដែលជួយគ្រប់គ្រងការផលិតជាតិប្រេងក្នុងស្បែក។

៥. ពង្រឹងសុខភាពបេះដូង

សណ្ដែកបណ្ដុះក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយពង្រឹងសុខភាពបេះដូង។ ការទទួលទានសណ្ដែកបណ្ដុះក៏ជួយប្រយុទ្ធប្រឆាំងការរលាកដែលជួយការពារសសៃឈាមបេះដូងផងដែរ។ លើសពីនេះទៅទៀតសណ្ដែកបណ្ដុះក៏មានផ្ទុកប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមគួរឱ្យកត់សម្គាល់។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

បរិមាណខ្ពស់នៃវីតាមីន C និងវីតាមីន A ក្នុងសណ្ដែកបណ្ដុះជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៕