របបអាហារត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់សុខភាពស្បែកល្អប្រសើរស្រស់ស្អាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះល្អចំពោះស្បែក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានប្រសិនបើចង់បានស្បែកស្រស់ស្អាត ៖
១. សូកូឡាខ្មៅ
នោះក៏ព្រោះតែសូកូឡាខ្មៅមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម flavonols ខ្ពស់ដែលជួយផ្ដល់សំណើមដល់ស្បែករក្សាភាពតឹងណែននិងទន់រលោង។ ទោះជាយ៉ាងណាមិនគួរទទួលទានសូកូឡាខ្មៅលើសពី ២ ទៅ ៣ ជ្រុងក្នុងមួយថ្ងៃឡើយ ហើយត្រូវប្រាកដថាអ្នកជ្រើសរើសសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ។
២. ប៉េងប៉ោះ
ការទទួលទានប៉េងប៉ោះក៏ជួយទប់ស្កាត់ការកើតមុនផងដែរតាមរយៈបរិមាណនៃសារធាតុ lycopene ដែលមានផ្ទុក។ សារធាតុ lycopene ក៏ជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញពីពន្លឺព្រះអាទិត្យ ឬកាំរស្មីយូវីផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃ។
៣. ផ្លែទទឹម
នោះក៏ព្រោះតែផ្លែទទឹមមានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយសម្រួលចរន្តឈាមឱ្យកាន់តែមានលក្ខណៈប្រសើរឡើងហូរផ្ដល់ឱ្យស្បែកនូវពណ៌ស៊ីជម្ពូរស្រស់ស្អាត។ ការទទួលទានផ្លែទទឹម ឬទឹកទទឹមស្រស់ម្ដងក្នុងមួយថ្ងៃអាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យចាប់អារម្មណ៍ជាច្រើនចំពោះសុខភាពស្បែក។
៤. ប្រេងអូលីវ
មានផ្ទុកជាតិខ្លាញ់សុខភាពល្អ monounsaturated ដែលអាចជួយរក្សាភាពក្មេងជាតិវ័យនៃស្បែក។ លើសពីនេះទៅទៀតសារធាតុប្រឆាំងអុកស៊ីតកម្មនៃប្រេងអូលីវក៏ជួយទប់ស្កាត់ការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរីផងដែរ។
៥. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញងាយនឹងលេចឡើងចំពោះស្បែកស្ងួត។ លើសពីនេះទៅទៀត ជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ៕