ពិតណាស់មិនថាជាអ្វីក៏ដោយការទទួលទានច្រើនពេក គឺមិនល្អឡើយ។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះតែបៃតងក៏ដូចគ្នា! ជាពិសេសប្រសិនបើអ្នកប្រតិកម្មនឹងជាតិកាហ្វេអ៊ីននោះការទទួលទានតែបៃតងអាចជះផលប៉ះពាល់គួរឱ្យបារម្ភមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃការទទួលទានតែបៃតងច្រើនពេក ៖

១. បញ្ហាថប់បារម្ភ

ទោះបីជាការទទួលទានតែបៃតងត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាថប់បារម្ភ ប៉ុន្តែក៏ព្រោះភេសជ្ជៈនេះមានផ្ទុកជាតិកាហ្វេអ៊ីននោះការទទួលទានច្រើនពែងពេកក្នុងមួយថ្ងៃ ឬឆុងតែចាស់ពេកអាចបណ្ដាលឱ្យអាការៈនៃបញ្ហាថប់បារម្ភកាន់តែអាក្រក់ឡើង។

២. រាគ

ការទទួលទានតែបៃតងច្រើនក្នុងរយៈពេលខ្លីមួយអាចបណ្ដាលឱ្យរាគបានយ៉ាងងាយ។ វាមិនត្រឹមតែប្រព័ន្ធសសៃប្រសាទប៉ុណ្ណោះទេដែលត្រូវបានរំញោចដោយកាហ្វេអ៊ីនក្នុងតែបៃតង ប៉ុន្តែប្រព័ន្ធរំលាយអាហារក៏ដូចគ្នា។ លើសពីនេះទៅទៀតតែបៃតងមានលក្ខណៈបន្ទន់លាមកដែលធ្វើឱ្យរាវនិងងាយបញ្ចេញ។ អាការៈឈឺក្នុងពោះក៏អាចកើតមានឡើងសម្រាប់អ្នកដែលមិនអាចគ្រប់គ្រងការទទួលទានតែបៃតងច្រើនពេកផងដែរ។

៣. ខ្វះគ្រាប់ឈាមក្រហម

អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ឬអ្នកដែលកំពុងប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺនេះគួរចៀសវាងទទួលទានតែបៃង។ នេះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មដែលតែបៃតងមានផ្ទុកអាចរារាំងការស្រូបយកជាតិដែកដែលចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។

៤. គេងមិនលក់

ការទទួលទានតែបៃតងច្រើនពេក ឬការទទួលទានតែបៃតងមុនពេលចូលគេងអាចបណ្ដាលឱ្យគេងមិនលក់។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនមានឥទ្ធិពលរំញោចសសៃប្រសាទ ហើយអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយពី ៤ ទៅ ៦ ម៉ោងឯណោះ។ ហើយប្រសិនបើអ្នកទទួលទានតែបៃតងច្រើន ឬភេសជ្ជៈកាហ្វេអ៊ីនណាមួយកំឡុងម៉ោងប្រហែល ៣ ថ្ងៃនោះកាហ្វេអ៊ីនអាចស្ថិតនៅក្នុងលំហូរឈាមដល់ម៉ោង ៩ យប់ឯណោះ។

៥. ជំងឺពុកឆ្អឹង

មិនត្រឹមតែជាតិដែកទេដែលតែបៃតងអាចរារាំងការស្រូបយកបានត្រឹមត្រូវ ប៉ុន្តែរួមទាំងជាតិកាល់ស្យូមផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាកាល់ស្យូម គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពឆ្អឹងរឹងមាំ។ នេះហើយជាមូលហេតុដែលការទទួលទានតែបៃតងច្រើនពេក គឺមិនល្អឡើយ ជាពិសេសសម្រាប់អ្នកដែលងាយប្រតិកម្មនឹងភេសជ្ជៈនេះ។ សម្រាប់អ្នកដែលប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺពុកឆ្អឹងដូចជាមនុស្សចាស់និងស្ត្រីអស់រដូវគួរគិតឡើងវិញឱ្យបានច្បាស់មុននឹងទទួលទានតែបៃតងច្រើនពែងក្នុងមួយថ្ងៃ៕