អាហារមួយចំនួនអាចបណ្ដាលអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើងនោះការដឹងពីអ្វីដែលគួរ ឬមិនគួរទទួលទានគឺចាំបាច់ណាស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដឹងទេថាអ្នកគួរចៀសវាងអាហារអ្វីខ្លះនៅពេលជួបប្រទះបញ្ហាឈឺបំពង់ក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាងកំឡុងពេលឈឺបំពង់ក រួមជាមួយរូបមន្តធម្មជាតិដើម្បីព្យាបាល៖

១. ផ្លែឈើរសជាតិជូរ

ពិតណាស់បើទោះជាផ្លែឈើមានរសជាតិជូរជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប៉ុន្តែអ្នកគួរផ្អាកទទួលទានសិនខណៈពេលជួយប្រទះបញ្ហាឈឺបំពង់ក។ នោះក៏ព្រោះតែផ្លែឈើរសជាតិជូរ ពិសេសផ្លែម្នាស់ ស្ត្របឺរី ស្វាយ ក្រូច ទំពាំងបាយជូរ គឺមានផ្ទុកជាតិអាស៊ីតខ្ពស់ដែលអាចនឹងធ្វើអោយបំពង់ករមាស់ឈឺកាន់តែខ្លាំង។

២. ប៉េងប៉ោះ

ប៉េងបោះក៏មានផ្ទុកជាតិអាស៊ីតខ្ពស់ដែលមិនល្អសម្រាប់បំពង់កដែលកំពុងឈឺផងដែរ។

៣. អាហារហឹរ

ការទទួលទានអាហារហឹរកំឡុងពេលឈឺបំពង់កនឹងធ្វើអោយអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើង។ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារប្រភេទនេះមួយរយៈសិន។

៤. អាហាររឹង ឬស្រួយ

អាហាររឹង ឬស្រួយអាចធ្វើអោយការឈឺចាប់កាន់តែកើនឡើងខណៈដែលវាបង្កការកកិតខ្លាំងនឹងបំពង់ក។ការទទួលទានអាហារប្រភេទនេះក៏ធ្វើឱ្យអាការៈឈឺបំពង់កយូរជាសះស្បើយផងដែរ។

៥. កាហ្វេនិងគ្រឿងស្រវឹង

ភេសជ្ជៈទាំងពីរនេះមិនត្រឹមតែអាចបង្កការរលាកបន្ថែមលើបំពង់ក ប៉ុន្តែក៏ធ្វើឱ្យរាងកាយខ្វះជាតិទឹកដែលនឹងបណ្ដាលឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ដើម្បីជាការប្រសើរចូរចៀសវាងទទួលទានមួយរយៈសិន។

  • រូបមន្តបែបធម្មជាតិព្យាបាលអាការៈឈឺបំពង់ក

១. ខ្ពុរមាត់ជាមួយទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង រួចកូរអោយសព្វជាមុនសិន សឹមខ្ពុរមាត់របស់អ្នកជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ អ្នកអាចអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ប្រសិនបើបំពង់កនៅឈឺ។

២. ទទួលទានទឹកអោយបានច្រើន

ដើម្បីឆាប់ជាសះស្បើយ ការរក្សាជាតិសំណើមក្នុងបំពង់ក គឺពិតជាសំខាន់ណាស់។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់។

៣. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលេប ឬទទួលទានទឹកឃ្មុំ ១ ស្លាបព្រាពេញជាការស្រេច។ វិធីនេះមានប្រសិទ្ធិភាពខ្ពស់បំផុត ជាពិសេសចំពោះកុមារ។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិនៃទឹកឃ្មុំ អ្នកអាចលាយវាជាមួយតែក្ដៅឧណ្ហៗ ឬទឹកក្ដៅឧណ្ហៗក៏បាន។

៤. ទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំ

លាយទឹកឃ្មុំ ១ ស្លាបព្រាពេញ និងទឹកក្រូចឆ្មារស្រស់ជាមួយទឹកក្ដៅឧណ្ហ ១ កែវ កូរអោយសព្វ សឹមទទួលទានអោយបានញឹកញាប់រហូតដល់អាការៈធូរស្បើយ។

៥. ខ្ពុរមាត់ជាមួយទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោម កន្លះពែង ជាមួយអំបិល ១ ស្លាបព្រាកាហ្វេ។ កូររហូតដល់អំបិលរលាយ សឹមបន្ថែមទឹកក្ដៅឧណ្ហៗ ១ ពែងចូល។ កូរអោយសព្វម្ដងទៀត សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះរៀងរាល់ ១៥ នាទី ម្ដង។

សម្គាល់ ៖ ទោះជាយ៉ាងណាអ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ ប្រសិនបើការឈឺបំពង់កមានអមមកជាមួយនូវអាការៈក្ដៅខ្លួនខ្លាំង, ឡើងរោលកន្ទួលក្រហមលើមាត់, មិនធូរស្បើយក្នុងរយៈពេលយូរជាងពី ២ ទៅ ៣ ថ្ងៃ រួមទាំងអាការៈខុសប្រក្រតីគួរអោយព្រួយបារម្ភមួយចំនួនផ្សេងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង