មានហេតុផលច្រើនណាស់ដែលអ្នកអាចនឹងមានបញ្ហាប្រេះ ឬស្ងួតកែងជើង។ ករណីខ្លះ វាអាចជាសញ្ញាមយយនៃការកង្វះវីតាមីនក្នុងខ្លួនដែរ។ ការប្រេះកែងជើងច្រើនតែមិនមែនជាជំងឺធ្ងន់ធ្ងរទេ។ សម្រាប់មនុស្សភាគច្រើន ការប្រេះកែងជើងគ្រាន់តែកើតឡើងទៅលើស្រទាប់ស្បែកខាងលើគេ និងបង្កជាការឈឺចាប់ប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែនៅពេលការប្រេះកែងជើងនេះស៊ីជ្រៅដល់ស្រទាប់ជ្រៅៗនៃស្បែកហើយ វាពិតជាឈឺចាប់ខ្លាំងណាស់។ ករណីខ្លះ កែងជើងអ្នកប្រហែលជាចាប់ផ្តើមហូរឈាមថែមទៀត។ ខាងក្រោមនេះគឺជាវិធីតាមីន សំខាន់ដែលដើរតួនាទីក្នុងការថែរក្សាសុខភាពស្បែក និងចិញ្ចឹមស្បែក៖
វីតាមីន E
វីតាមីន E ដើរតួនាទីជាអង់ទីអុកស៊ីដង់មួយជួយការពារកោសិកា និងជួយឲ្យវារស់នៅបានកាន់តែយូរ។ វាក៏ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំផងដែរ។ របបអាហារមានវីតាមីន E នឹងជួយការពារកូឡាជែនក្នុងស្បែកដើម្បីបង្ការភាពចាស់របស់ស្បែក និងស្ងួតស្បែកផងដែរ។ ស្បែកកាន់តែស្ងួតអាចធ្វើឲ្យប្រឈមខ្ពស់នឹងការប្រេះកែងជើងដែរ។ វីតាមីន E អាចរកបានក្នុងប្រេងធម្មជាតិដូចជា ប្រេងផ្លែអាលម៉ុន ប្រេងផ្កាឈូករ័ត្ន គ្រាប់ផ្កាឈូករ័ត្ន ត្រីសាលម៉ុន ផ្លែប័រ និងស្វាយជាដើម។ ការកង្វះវីតាមីន E គឺជារឿងកម្រណាស់ តែបើវាកើតមានលុះត្រាតែអ្នកមានជំងឺនៅផ្លូវរំលាយអាហារដូចជា Crohn’s ឬ Cystic Fibrosis ដោយសារតែវាមិនអាចបឺតស្រូបជីវជាតិនេះបាន។
វីតាមីន B3
វីតាមីន B3 សំខាន់ក្នុងការបង្កើតជាថាមពល។ បើគ្មានវីតាមីននេះទេ អ្នកននឹងមិនមានថាមលប្រើប្រាស់ឡើយ។ ក្រៅពីនេះវីតាមីន B3 មាននាទីទប់ស្កាត់រ៉ាឌីកាលសេរីក្នុងរាងកាយកុំឲ្យមានច្រើនពេក។ ករណីដែលមិនមានវិតាមីន B3គ្រប់គ្រាន់ អ្នកត្រូវប្រឈមខ្ពស់នឹងជំងឺ Pellagra ដែលអាការៈវាជាការស្ងួតស្បែក ឬស្បែករបក ជាពិសេសនៅកែងជើងផងដែរ។ ប្រភពល្អៗនៃវីតាមីន B3 មានដូចជា សាច់បក្សីជាពិសេសសាច់ទ្រូង សាច់គោ និងថ្លើមគោ អាហារសមុទ្រ អង្ករសម្រូប ផ្លែប័រ ឬសណ្តែក។
វីតាមីន C
វីតាមីន C ក៏មាននាទីជាអង់ទីអុកស៊ីដង់ដែរ ដែលអាចជួយបង្ការការខូចខាតរបស់កោសិកាបាន។ វីតាមីន C ជួយរាងកាយក្នុងការបង្កើតកូឡាជែន ដែលជាប្រូតេអ៊ីនសម្រាប់បង្កើតស្រទាប់ស្បែករហូតដល់ ៧៥ភាគរយឯណោះ។ រាងកាយរក្សាវីតាមិន C នេះច្រើនក្នុងកោសិកាស្បែកដើម្បីការពារស្បែកពីមជ្ឈដ្ឋានខូចខាត។ ការស្រាវជ្រាវបានបង្ហាញថា កម្រិតវីតាមីន C ងាយនឹងចុះទាបនៅពេលស្បែកអាយុកាន់តែច្រើន ឬស្បែកប៉ះពាល់នឹងព្រះអាទិត្យច្រើន។ ដោយសារតែវីតាមីន C ជួយស្បែកឲ្យមានសំណើម ដូច្នេះការដែលមិនទទួលបានវាគ្រប់គ្រាន់តែ វានឹងនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួន និងកោសិកាស្បែកស្ងួតរួមទាំងនៅកែងជើងផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប្រភពដ៏ល្អនៃវីតាមីន C មានដូចជា៖ ម្ទេសប្លោកក្រហម បៃតង ត្របែក គីវី ប្រូខូលី ស្ត្របឺរី ក្រូចជាដើម៕