កង្វះជាតិដែកកើតឡើងនៅពេលណាដែលរាងកាយមិនមានផ្ទុកជាតិដែកគ្រប់គ្រាន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាតិដែកទទួលទានខុសត្រូវចំពោះការផលិតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយក្នុងកោសិកាឈាមក្រហមដើម្បីដឹកនាំអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើអ្នកមិនអើពើ បញ្ហានៃកង្វះជាតិដែកអាចនឹងប្រែជាជំងឺខ្វះគ្រាប់ឈាម ហើយបង្កផលប៉ះពាល់គួរអោយព្រួយបារម្ភ។ ជាតិដែកអាចបាត់បង់ពីរាងកាយតាមរបៀបជាច្រើនដែលយើងស្មានមិនដល់។ ដូច្នេះការដឹងពីវិធីទប់ស្កាត់ និងព្យាបាលបញ្ហាសុខភាពនេះ គឺចាំបាច់ណាស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរោគសញ្ញា ឬអាការៈនៃបញ្ហាកង្វះជាតិដែកដើម្បីអាចដោះស្រាយទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបានទាន់ពេល ៖
១. អស់កម្លាំងនិងឆាប់ហត់ខុសធម្មតា
អស់កម្លាំងល្ហិតល្ហៃ ឬឆាប់ហត់ គឺជារោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាខ្វះជាតិដែក។ នោះក៏ព្រោះតែរាងកាយខ្វះជាតិដែកក្នុងការផលិតប្រូតេអ៊ីនអេម៉ូក្លូប៊ីនក្នុងកោសិកាឈាមក្រហមដែលទទួលខុសត្រូវលើការដឹកនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ហើយនៅពេលរាងកាយខ្វះអេម៉ូក្លូប៊ីនវានឹងមិនអាចបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សាច់ដុំនិងជាលិកាដែលជាហេតុនាំអោយអ្នកអស់កម្លាំងល្ហិតល្ហៃខុសធម្មតា។
២. ភាពខ្លីនៃដង្ហើម
ភាពខ្លីនៃដង្ហើម ឬឈឺទ្រូង ជាពិសេសនៅពេលរាល់ពេលធ្វើសកម្មភាព គឺជារោគសញ្ញាផ្សេងទៀតនៃកង្វះជាតិដែក។ នោះក៏ព្រោះតែអេម៉ូក្លូប៊ីន គឺមានកម្រិតនៅក្នុងកោសិកាគ្រាប់ឈាមក្រហមដែលនឹងនាំឱ្យអុកស៊ីសែនមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅកាន់គ្រប់ផ្នែកនៃរាងកាយដូច្នេះរាងកាយក៏ព្យាយាមកម្រិត និងបង្កើតអុកស៊ីសែនបន្ថែមសម្រាប់សរីរាង្គផ្សេងៗដើម្បីការមុខងារបានត្រឹមត្រូវជាហេតុនាំអោយអ្នកដកដង្ហើមបានខ្លីៗ។
៣. បេះដូងលោតញាប់ខុសធម្មតា
ចង្វាក់បេះដូងលោតខុសធម្មតាក៏ជារោគសញ្ញាមួយនៃបញ្ហាខ្វះជាតិដែកផងដែរ។ នេះក៏ព្រោះតែរាងកាយមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយបេះដូងត្រូវធ្វើការខ្លាំងជាងមុនដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ជាលទ្ធផលនៃបញ្ហាបេះដូងលោតញាប់ខុសធម្មតា។ បន្ទុកខ្លាំងហួសលើបេះដូង គឺមិនល្អសោះឡើយជាពិសេសសម្រាប់អ្នកដែលមានបញ្ហាបេះដូងណាមួយស្រាប់។
៤. ស្បែកស្លេកស្លាំង
នៅពេលកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ ស្បែកនឹងប្រែជាមានភាពស្លេកស្លាំងខុសធម្មតា។ នេះក៏ព្រោះតែអេម៉ូក្លូប៊ីននៅក្នុងកោសិកាគ្រាប់ឈាមក្រហម គឺជាអ្វីដែលផ្ដល់អោយស្បែកនូវសុខភាពល្អនិងពណ៌ផ្កាឈូក ឬក្រហមព្រឿងៗ។ កង្វះជាតិដែកនោះរាងកាយនឹងមិនអាចផលិតអេម៉ូក្លូប៊ីនគ្រប់គ្រាន់សម្រាប់កោសិកាគ្រាប់ឈាមក្រហមដើម្បីរួមចំណែករក្សាសុខភាព និងនៃស្បែកជាហេតុនាំអោយស្បែកប្រែជាស្លេកស្លាំង។មិនថាពណ៌ស្បែករបស់អ្នកបែបណាទេ ប្រសិនបើខាងក្នុងនៃបបូរមាត់ អញ្ចាញធ្មេញ ក្រចកម្រាមដៃ និងក្នុងផ្នែកខាងក្រោមនៃត្របកភ្នែកមានសភាពស្លេកស្លាំងនោះប្រហែលជាបណ្ដាលមកពីកង្វះជាតិដែកក្នុងរាងកាយហើយ។ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។
៥. ឈឺក្បាលខ្លាំងញឹកញាប់
កង្វះជាតិដែកក្នុងរាងកាយក៏អាចបង្កបញ្ហាឈឺក្បាល ឬឈឺប្រកាំងផងដែរ។នោះក៏ព្រោះតែអុកស៊ីសែនមិនត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់ទៅដល់ខួរក្បាលដែលបណ្ដាលសសៃឈាមឡើងប៉ោងបង្កជាសម្ពាធនាំអោយឈឺក្បាល ឬឈឺប្រកាំង។លើសពីនេះទៅទៀតអ្នកដែលមានបញ្ហាខ្វះជាតិដែកច្រើនជួបប្រទះអាការៈឈឺក្បាលធីងធោងនិងវិលមុខក៏ព្រោះតែកង្វះអុកស៊ីសែន។
៦. ឧស្សាហ៍ផ្ដាសាយ ឬគ្រុនផ្ដាសាយ
ជាតិដែកក៏ដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ដូច្នេះប្រសិនបើរាងកាយមិនទទួលបានជាតិដែកគ្រប់គ្រាន់ទេនោះប្រព័ន្ធភាពស៊ាំក៏ទទួលរងឥទ្ធិពល។ ហើយប្រព័ន្ធភាពស៊ាំខ្សោយងាយឱ្យអ្នកឆ្លងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយណាស់។
៧. សុខភាពស្បែកនិងសក់ធ្លាក់ចុះ
កង្វះជាតិដែលអាចបណ្ដាលឱ្យសក់និងស្បែកប្រែជាស្ងួតនិងបែកចុងកាន់តែច្រើន។ កង្វះប្រូតេអ៊ីន ferritin ក៏ជាមូលហេតុចម្បងមួយនៃបញ្ហាទាំងនេះដោយសារតែវាចាំបាច់សម្រាប់ដំណើរការនៃការរក្សាទុកនិងបញ្ចេញជាតិដែកទៅកាន់តែគ្រប់ផ្នែកនៃរាងកាយ។ ការស្តុកទុកជាតិដែកមិនបានគ្រប់គ្រាន់បង្កើនហានិភ័យនៃបញ្ហាជ្រុះសក់ ជាពិសេសចំពោះស្ត្រីអស់រដូវ៕