ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងបានដឹងអំពីអត្ថប្រយោជន៍ដល់ប្រសើរនៃប្រេងអូលីវចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ថាផ្លែអូលីវក៏អាចផ្ដល់ផលល្អៗស្មានមិនដល់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែអូលីវល្អយ៉ាងណាខ្លះ? ខាងក្រោមវេបសាយសុខភាព​​​ Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការទទួលទានផ្លែអូលីវ ៖ 

១. សុខភាពសសៃឈាមបេះដូង

ផ្លែអូលីវជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុ polyphenols វីតាមីន E និងជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរនិងមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ព្រមទាំងការរលាករ៉ាំរ៉ៃដែលអាចបង្កការខូចខាតដល់សសៃឈាម ហើយទប់ស្កាត់ជំងឺស្ទះសសៃឈាមបេះដូង ជំងឺគាំងបេះដូង ក៏ដូចជាដាច់សសៃឈាមខួរក្បាលបានយ៉ាងប្រសើរ។

២. ទប់ស្កាត់ជំងឺមហារីក

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការរលាករ៉ាំរ៉ៃជាកត្តាចម្បងមួយនៃជំងឺមហារីក។ ផ្លែអូលីវអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានតាមរយៈការផ្ដល់ឱ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក។

៣. ជួយឱ្យស្រកទម្ងន់

ផ្លែអូលីវជាប្រភពដ៏ប្រសើរនៃខ្លាញ់ល្អ monounsaturated ដែលជួយគ្រប់គ្រងទម្ងន់និងធ្វើឱ្យស្រកទម្ងន់ផងដែរ។

៤. សុខភាពប្រព័ន្ធរំលាយអាហារ

អាស៊ីត maslinic ដែលមានផ្ទុកក្នុងផ្លែអូលីវជួយប្រយុទ្ធប្រឆាំងកោសិកាមហារីកពិសេសមហារីកពោះវៀនធំ។ ម្យ៉ាងវិញទៀតអូលីវក៏ជាប្រភពល្អមួយនៃជាតិសសៃដែលចាំបាច់សម្រាប់រក្សាសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។

៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

នោះក៏ព្រោះតែអូលីវមានផ្ទុកសម្បូរទៅដោយជាតិដែកដែលចាំបាច់ណាស់ក្នុងការជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម។ កង្វះជាតិដែកបណ្ដាលឱ្យរាងកាយមិនអាចបង្កើតកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់បង្កជាជំងឺខ្វះគ្រាប់ឈាមក្រហម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង