សាច់ដុះលយលើស្បែកគឺជាជាលិកាស្បែកតូចៗនិងជាសាច់ស្លូត ព្រមទាំងមិនបង្កការឈឺចាប់អ្វីឡើយ។ ជាធម្មតាវាកើតឡើងនៅកន្លែងជាច្រើននៃរាងកាយជាពិសេសស្បែកដែលរងការកកិតគ្នាច្រើនដូចជា ក គ្រលាន ឃ្លៀក ឬត្របកភ្នែក។ អ្នកមិនអាចបង្ការបញ្ហានេះបានទាំងស្រុងឡើយ ព្រោះវាងាយនឹងកើតឡើងនៅពេលអាយុច្រើន និងមិនដឹងមូលហេតុច្បាស់លាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកអាចសិក្សាដឹងអំពីកត្តាប្រឈមមុខមួយចំនួនដែលវាអាចទំនងជាការពារកុំឲ្យងាយនឹងមានឱកាសកើតសាច់បែបនេះលើស្បែកបានដូចជា៖
កាត់បន្ថយការកកិតលើស្បែក
ខណៈពេលដែលមូលហេតុច្បាស់លាស់នៃសាច់ដុះលយលើស្បែកមិនត្រូវបានគេដឹងនៅឡើយ តែវាងាយនឹងកើតឡើងលើកន្លែងដែលស្បែកកកិតគ្នាណាស់។ ដើម្បីបន្ថយការកកិត ចូរស្លៀកពាក់ខោអាវដែលស្អាត និងមានខ្យល់ដកដង្ហើមច្រើនជាពិសេសតំបន់ដែលកកិតតែម្តងដូចជា គ្រលាន និងឃ្លៀក។ ការបង្កើតនូវរបាំងការពារនៅចន្លោះស្បែកកកិតគ្នាក៏អាចជួយបន្ថយការកកិនបានដែរ។
សម្រកទម្ងន់ខ្លះជាពិសេសកន្លែងដែលមានផ្នត់ៗស្បែកតែម្តង
អ្នកដែលធាត់ៗទំនងជាងាយនឹងមានសាច់ដុះលយលើស្បែកណាស់។ នេះដោយសារតែពួកគេមានផ្នត់ស្បែកច្រើនក្នុងការបង្កើតជាភាពកកិតលើស្បែក។ បើសិនជាអ្នកបារម្ភអំពីសាច់ដុះលយលើស្បែកបែបនេះ អ្នកអាចសាកល្បងសម្រកទម្ងន់ ដូច្នេះស្បែកដែលមានផ្នត់ក៏កាត់បន្ថយដែរ។ ការសម្រកទម្ងន់ដែលជោគជ័យច្រើនតែកើតឡើងលើអ្នកញ៉ាំអាហារផ្តល់សុខភាព និងបង្កើនការហាត់ប្រាណ។
បង្ការជំងឺទឹកនោមផ្អែម
បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ឱកាសកើតសាច់ដុះលយលើស្បែកនឹងមានខ្ពស់ ដោយសារតែកើនចំនួនអាំងស៊ុយលីនក្នុងឈាម។ ដើម្បីបន្ថយការប្រឈមមុខ ចូរធ្វើយ៉ាងណាចៀសវាងការកើតជំងឺនេះ។ វិធីសាស្រ្តដ៏ល្អក្នុងការបង្ការជំងឺទឹកនោមផ្អែមគឺញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណទៀងទាត់។ បើសិនជាអ្នកត្រូវបានគ្រូពេទ្យណែនាំថាត្រៀមកើតជំងឺទឹកនោមផ្អែមហើយ យកល្អគួរតែសហការណ៍ជាមួយគ្រូពេទ្យឲ្យបានល្អក្នុងការការពារខ្លួន។
ស្រាវជ្រាវថាគ្រួសារអ្នកមានកើតសាច់ដុះលយលើស្បែកបែបនេះឬអត់
មានអំណះអំណាងខ្លះនិយាយថា ការកើតសាច់ដុះលយលើស្បែកអាចជារឿងដំណរពូជ។ បើសិនជាអ្នកចង់ដឹងថាអ្នកទំនងជាអាចកើតបញ្ហានេះនៅថ្ងៃអនាគត់ឬអត់នោះ ចូរសួរឪពុកម្តាយ ឬសាច់ញាតិអ្នកថាតើពួកគេធ្លាប់កើតសាច់ដុះលយលើស្បែកឬអត់។ បើសិនជាពួកគេកើតមែន នោះអ្នកទំនងជាកើតវានៅថ្ងៃអនាគត់ដែរ។
ពិភាក្សាបញ្ហាសាច់ដុះលយលើស្បែកជាមួយអ្នកជំនាញរោគសើស្បែក
បើសិនជាអ្នកបារម្ភអំពីសាច់ដុះលយលើស្បែក អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញខាងរោគសើស្បែក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រូពេទ្យជំនាញនេះអាចប្រាប់អ្នកទាំងអស់អំពីវិធីព្យាបាល ក៏ដូចជាការការពារបន្ថែមទៀត៕