របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារនិងភេសជ្ជៈមួយចំនួនមិនល្អសម្រាប់សុខភាពស្បែកឡើយដោយអាចធ្វើឱ្យប្រែជាឆាប់ចាស់ជាងវ័យ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ព្រមទាំងភេសជ្ជៈដែលអ្នកគួរជៀសវាងដើម្បីរក្សាបាននូវស្បែកក្មេងជាងវ័យរយៈពេលយូរ ៖
១. អាហារនិងភេសជ្ជៈផ្អែម
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនពេកអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភមិនត្រឹមតែចំពោះសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែលើសុខភាពរាងកាយទាំងមូល។ ជាតិស្ករក្នុងអាហារនិងភេសជ្ជៈផ្អែមអាចបំបែកកូឡាជែនដ៏សំខាន់ក្នុងស្បែក។ ដូច្នេះដើម្បីចៀសផុតបញ្ហាស្បែកឆាប់ចាស់ជាងវ័យនិងជ្រីវជ្រួញស្រអាប់ចូរព្យាយាមកម្រិតការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗរបស់អ្នក។
២. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។
៣. កាហ្វេ
ជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ ជាលទ្ធផលស្បែកនឹងប្រែជាស្ងួត ហើយបង្កើនការផលិតអ័រម៉ូនស្ត្រេស cortisol ដែលពន្លឿនដំណើរការនៃភាពចាស់តាមវ័យនៃស្បែក។
៤. សាច់កែច្នៃ
សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។
៥. អាហារមានផ្ទុកជាតិខ្លាញ់មិនល្អ
ខ្លាញ់ឆ្អែត saturated fats និងប្រភេទខ្លាញ់ Trans fats អាចបង្កការរលាកក្នុងរាងកាយដែលជាកត្តាមួយធ្វើឱ្យស្បែកឆាប់ចាស់និងគ្មានភាពស្រស់ថ្លា។
៦. អាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែធ្វើឱ្យអ្នកប្រឈមមុខនឹងបញ្ហាសុខភាពគួរឱ្យបារម្ភរួមមានលើសសម្ពាធឈាមជាដើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសុខភាពស្បែកផងដែរ។ នេះក៏ព្រោះអំបិលអាចធ្វើឱ្យជាលិកាប្រែជាហើមនិងបង្កបញ្ហាមុន។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទាន
អំបិលក្នុងកម្រិតមធ្យម៕