មិនមែនគ្រប់បន្ទប់សណ្ឋាគារទាំងអស់បានធ្វើការសម្អាតនិងសម្លាប់មេរោគត្រឹមត្រូវគ្រប់សព្វឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាចថាជារឿងធម្មតាទេដែលភាគច្រើននៃពួកយើងនៅពេលទៅដល់បន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់ភ្លាមតែងតែក្រឡេករកកន្លែងបញ្ចូលថ្មទូរស័ព្ទនិងឧបករណ៍អេឡិកត្រូនិចផ្សេងៗ ប៉ុន្តែដើម្បីចៀសផុតបញ្ហាណាមួយកើតឡើងមិនថាចំពោះសុខភាព ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួននោះយើងគួរពិនិត្យសំខាន់លើចំណុចមួយចំនួនទៀតក្រៅពីបារម្ភអំពីបញ្ហាទូរសព្ទអស់ថ្ម។
ថាតើនៅពេលចូលដល់ក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់ហើយនោះយើងគួរធ្វើអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹ​ងបង្ហាញឱ្យដឹងពីអ្វីដែលយើងគ្រប់គ្នាគួរតែធ្វើពេលចូលដល់ក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់ ៖

១. ពិនិត្យមើលកំរាលពូក

ភាគច្រើននៃពួកយើងប្រហែលជាគិតថានៅក្នុងបន្ទប់សណ្ឋាគារទំនើបៗគឺស្អាតនិងគ្មានសត្វល្អិតដូចនៅតាមកន្លែងស្នាក់ឬផ្ទះសំណាក់ធម្មតាដែលមានតម្លៃថោកទេ ប៉ុន្តែតាមពិតទៅមិនដូច្នេះទាំងអស់ឡើយ! ទោះបីសណ្ឋាគារថ្លៃប៉ុណ្ណាក៏ដោយ សត្វល្អិតគឺនៅតែអាចមានដោយវាតោងចូលតាមរយៈសំលៀកបំពាក់ឫឧបករណ៍ប្រើប្រាស់របស់ភ្ញៀវដែលគេងនៅទីនោះ។ ដូច្នេះអ្នកគួរចំណាយពេលពិនិត្យមើលគែមៗពូក ឫកម្រាលផ្សេងៗនៅក្នុងបន្ទប់គេងឱ្យបានសព្វជាមុនសិនដើម្បីប្រាកដថាគ្មានសត្វល្អិតចៃគ្រែ ឫស្នាមប្រឡាក់ខ្មៅៗណាមួយដែលអាចបង្កផលប៉ះពាល់ដល់អ្នក។ ប្រសិនបើពិនិត្យឃើញសត្វល្អិត ឬស្នាមប្រឡាក់កខ្វក់ណាមួយគួរប្រញាប់ប្រាប់បុគ្គលិក រឺអ្នកទទួលភ្ញៀវដើម្បីឱ្យគេប្តូរចេញ។

២. រើភួយចេញ

ទោះបីជាអ្នកអនាម័យនៅតាមសណ្ឋាគារ ឬផ្ទះសំណាក់អាចនឹងសម្អាត ហើយផ្លាស់ប្តូរកម្រាលផ្សេងៗជាប្រចាំ ប៉ុន្តែក៏មិនមែនមានន័យថារាល់កម្រាល ឬភួយសុទ្ធតែស្អាតនិងត្រូវបានផ្លាស់ប្តូរត្រឹមត្រូវរហូតដែរ។ ការស្មានឬសន្មត់ថាភួយក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់សុទ្ធតែស្អាត គឺហាក់ដូចជាប្រថុយខ្លាំងណាស់។ ប្រសិនបើអ្នកឧស្សាហ៍ធ្វើដំណើរកំសាន្តអ្នកគួរណាមានភួយ ឫកម្រាលផ្សេងៗយកទៅតាមខ្លួន បើមិនមានទេអ្នកអាចរើភួយចេញតែម្ដងក៏ប្រសើរ។

៣. ប្រើប្រាស់ទឹកសម្លាប់មេរោគ ឫក្រដាសអនាម័យជូតសំអាតតេឡេបញ្ជាទូរទស្សន៍ មា៉ស៊ីនត្រជាក់ ឫវត្ថុត្រូវបានប៉ះពាល់ញឹកញាប់

រឿងសំខាន់ដែលត្រូវធ្វើបន្ទាប់នោះ គឺសម្អាតសម្ភារៈដែលអ្នកឧស្សាហ៍ប៉ះពាល់នៅក្នុងបន្ទប់ដូចជាដៃទ្វារ ប្រដាប់ភ្ជួរខោអាវ តេឡេបញ្ជាទូរទស្សន៍​​ឫម៉ាស៊ីនត្រជាក់។ នេះក៏ព្រោះតែវត្ថុ ឬឧបករណ៍ដែលត្រូវបានប៉ះពាល់ញឹកញាប់ គឺកង្វក់ជាងគេ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរប្រើប្រាស់ក្រដាសអនាម័យ ឫទឹកអាកុលជូតសម្អាតផ្ទៃខាលើនៃឧបករណ៍ទាំងនោះជាមុនសិនសឹមប្រើ។

៤. ត្រូវប្រាកដថាកាតសម្រាប់ចាក់សោរបន្ទប់របស់អ្នកដំណើរការត្រឹមត្រូវ

នៅពេលដែលបុគ្គលិកសណ្ឋាគារជូនអ្នកទៅដល់បន្ទប់រួចភ្លាមអ្នកត្រូវពិនិត្យមើលថាតើកាតសម្រាប់ចូលបន្ទប់នោះដំណើរការត្រឹមត្រូវឫអត់ ហើយត្រូវមើលថាវាដំណើរការយ៉ាងដូចម៉្តេច (ជាធម្មតាតែងតែមានសរសេរសេចក្តីណែនាំនៅលើនោះ) អ្នកត្រូវប្រាកដថាសោរចាក់បានជាប់ត្រឹមត្រូវល្អ។ មនុស្សមួយចំនួនប្រហែលជាគិតថាសោរនោះចាក់ដោយស្វ័យប្រវត្តិ ប៉ុន្តែទោះយ៉ាងណាគួរបង្ការសម្រាប់ភាពមិនប្រក្រតីនានាដែលអាចកើតមានឡើង ហើយកុំភ្លេចចាក់សោរបន្ទប់ទាំងពេលអ្នកនៅក្នុង ឫចេញទៅក្រៅ។

​៥. ដាក់គន្លឹះបង្អួចនិងទ្វារសម្រាប់ចេញទៅយ៉ ឬរានហាលខាងក្រៅឱ្យបានត្រឹមត្រូវ ពិសេសប្រសិនបើអ្នកមានកូនតូច

​វាជាវិធីសាស្រ្តមួយដែលគ្រប់គ្នាគួរតែអនុវត្តដើម្បីសុវត្តិភាព អ្នកត្រូវប្រាកដថាបង្អួចនិងទ្វារបានចាក់សោរឬដាក់គន្លឹះបានត្រឹមត្រូវ។ ការធ្វើដូចនេះមិនត្រឹមតែអាចធានាសុវត្ថិភាពផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាក៏ល្អចំពោះក្មេងតូចៗផងដែរពិសេសប្រសិនបើបន្ទប់របស់អ្នកនៅជាន់ខ្ពស់។ ជាធម្មតាក្មេងៗ គឺរពឹសណាស់និងតែងងឿងឆ្ងល់ជានិច្ចដូច្នេះការប្រុងប្រយ័ត្នខ្ពស់ជាមុនជាវិធីដ៏ប្រសើរបំផុត។ ទោះបីជាគ្មានក្មេងតូច ប៉ុន្តែការដាក់គន្លឹះទ្វារ ឬបង្អួចក៏សំខាន់ដើម្បីធានាបាននូវសុវត្ថិភាពគ្មានជនណាលួចចូលមកបំពាន។

៦. ពិនិត្យមើលថាតើសីតុណ្ហភាពក្នុងបន្ទប់ ឫម៉ាស៊ីនត្រជាក់ដំណើរការត្រឹមត្រូវឬទេ

សីតុណ្ណភាពត្រឹមត្រូវនឹងជួយឱ្យអ្នកគេងបានស្កប់ពេញមួយយប់ ហើយស្នាក់នៅបានស្រួល។ ដូច្នេះនៅពេលចូលដល់បន្ទប់ស្នាក់អ្នកគួរពិនិត្យមើលថាតើសីតុណ្ហភាព ព្រមទាំងប្រព័ន្ធបញ្ជាផ្សេងៗ​ទាំងម៉ាស៊ីនកំដៅនិងម៉ាស៊ីនត្រជាក់ដំណើរការបានល្អឫក៏អត់ ប្រសិនបើមានអ្វីមិនប្រក្រតីត្រូវប្រញាប់ទាក់ទងទៅបុគ្កលិកភ្លាមដើម្បីជួសជុលឬប្តូរបន្ទប់។

៧. ត្រូវប្រាកដថាទូរសព័្ទក្នុងបន្ទប់ដំណើរការប្រក្រតី

ដើម្បីសុវត្ថិភាពអ្នកក៏ត្រូវប្រាកដថារាល់បណ្តាញទាក់ទងនិងទូរស័ព្ទក្នុងបន្ទប់ដំណើរការប្រក្រតីផងដែរ។

៨. សម្អាតកែវឬពែងជាមួយទឹកក្ដៅនិងសាប៊ូមុនពេលប្រើប្រាស់

ទោះបីកែវនិងពែងនៅក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់មើលទៅស្អាតគ្មាននរណាប្រើ ប៉ុន្តែដើម្បីជាការប្រសើរអាចចៀសផុតពីពពួកមេរោគបាក់តេរីនោះមុនពេលប្រើប្រាស់ចូរធ្វើការលាងសម្អាតវាជាមួយទឹកក្ដៅនិងសាប៊ូសិន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង