វាអាចជារឿងដែលគួរផ្លាស់ប្តូរការនិយាយអំពីការបារម្ភអំពីសុខភាព មកនិយាយធម្មតាអំពីរឿងដែលគួរឲ្យអាម៉ាសវិញ។ យ៉ាងណាមិញ មានរឿងអាថ៌កំបាំងច្រើនណាស់ដែលមនុស្សយើងច្រើនតែជួបប្រទះ ហើយក៏មិនហ៊ាននិយាយវាចេញដែរ ដោយសារតែភាពខ្មាស់អៀន ឬអាចធ្វើឲ្យរងការអាមាសបាន។ ប៉ុន្តែរឿងទាំងនោះអាចជាបញ្ហាសុខភាពដែលបង្ហាញជាលក្ខណៈប្រយោលបែបនេះ ហើយក៏ត្រូវតែដោះស្រាយដែរ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអាការៈដែលស្តាប់ទៅគួរឲ្យអាម៉ាស តែវាគឺជារឿងដែលអ្នកត្រូវខ្វាយខ្វល់អំពីវា៖
លេចនោមដោយមិនដឹងខ្លួន
ម្តងម្កាល វាគឺជារឿងធម្មតាទេ ដែលអ្នកអាចលេចទឹកនោមបន្តិចនៅពេលសើចខ្លាំង ឬមានការថប់អារម្មណ៍ខ្លាំង។ ប៉ុន្តែបើសិនជាវាគឺជារឿងកើតឡើងគ្រប់ពេល វាគឺជាពេលវេលាដែលត្រូវទៅជួបពេទ្យហើយ។ មនុស្សភាគច្រើនគឺពិបាកប្រាប់រឿងនេះឲ្យគេដឹងណាស់។ ជាធម្មតា ការលេចនោមដោយខ្លួនឯងនេះជាសញ្ញាមួយដែលបញ្ជាក់ថាមានបញ្ហាក្នុងសុខភាព ដែលត្រូវការព្យាបាលឲ្យបានលឿន។
រមាស់រន្ធគូថ
បញ្ហាសុខភាពញឹកញាប់បំផុតមួយផ្សេងទៀតគឺម្តៅទៅលើការរមាស់រន្ធគូថតែម្តង។ បើសិនជាអ្នកគិតថា វាអាចដោះស្រាយបានជាមួយនឹងការអនុវត្តន៍អនាម័យល្អ ចូរគិតឡើងវិញ។ មានរឿងច្រើនណាស់ដែលការរមាស់រន្ធគូថបង្កឡើងដោយបញ្ហាធ្ងន់ធ្ងរ។ គ្រូពេទ្យច្រើននិយាយថា វាជាសញ្ញារបស់ជំងឺឬសដូងបាត ហើយខ្លះទៀតក៏អាចជាសញ្ញានៃការបង្ករោគដោយមេរោគផ្សិត ឬប៉ារ៉ាសិតដែរ។
កង្វះចំណង់ផ្លូវភេទ
ក្នុងករណីដែលអ្នកមិនមានចំណង់ផ្លូវភេទសោះ ចូរពិចារណាជួបគ្រូពេទ្យដើម្បីជួយហើយ។ ការមិនមានចំណង់ផ្លូវភេទគឺជារឿងដែលត្រូវយល់ថាធ្ងន់ធ្ងរ។ សម្រាប់ស្រ្តី វាអាចដោយសារតែអតុល្យភាពអ័រម៉ូន ដែលបង្កឡើងដោយជំងឺក្នុងខ្លួនមិនបានព្យាបាល។ សម្រាប់បុរសវិញ វាអាចកើតឡើងដោយសារតែការឆាប់ចេញទឹកកាមពេក និងលិង្គមិនឡើងរឹង។ ការកង្វះចំណង់ផ្លូវភេទក៏បង្កឡើងដោយប្រភពផ្លូវចិត្តដែរ។
ការប្រែប្រួលរបស់ក្បាលសុដន់
បើសិនជាអ្នកសម្គាល់ឃើញការប្រែប្រួលមួយចំនួនទៅលើរូបរាងរបស់ក្បាលសុដន់ ចូរប្រាកដថា អ្នកបានប្រាប់ឲ្យគ្រូពេទ្យដឹងអំពីរឿងនេះលឿនតាមតែអាចធ្វើទៅបាន។ ជាញឹកញាប់ វាច្រើនតែជាសញ្ញាព្រមានរបស់ជំងឺមហារីកសុដន់។ ក្បាលសុដន់ក៏ប្រហែលជាលឹបចូលទៅក្នុង ហើយមានការហូរទឹករំអិលដ៏ចម្លែក។ ពេលខ្លះវាមានឡើងកន្ទួលរមាស់ខុសធម្មតាផងដែរ។
ដុះរោមច្រើន
បើសិនជាអ្នកសង្កេតឃើញថា មានការលូតលាស់សក់កាន់តែច្រើនលើរាងកាយជាងធម្មតា ចូរកុំប្រើឡាមកោអី។ អ្វីដែលអ្នកត្រូវធ្វើជំនួសគឺទៅជួបពេទ្យដើម្បីពិនិត្យ។ គ្រូពេទ្យនិយាយថា ការដែលដុះរោមច្រើនលើមនុស្សស្រីច្រើនតែជាសញ្ញាមួយនៃការអតុល្យភាពអ័រម៉ូនដោយសារតែបញ្ហាធ្ងន់ធ្ងរក្នុងរាងកាយ។ រឿងមួយដែលគេរកឃើញច្រើនបំផុតនោះគឺជំងឺគីសច្រើនក្រោមក្នុងក្រពេញអូវ៉ែ៕