ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានបន្លែនិងផ្លែឈើស្រស់ៗអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទឹកបន្លែនិងផ្លែឈើមួយចំនួនដូចខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគទៀតផង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទឹកបន្លែនិងផ្លែឈើស្រស់ៗដែលមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖

១. ទឹកការ៉ុត

ជាបន្លែដ៏ប្រសើរជួយក្នុងការទប់ស្កាត់ជំងឺផ្ដាសាយធំនិងគ្រុនផ្ដាសាយ។ វាមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ ប្រសិនបើឧស្សាហ៍ទទួលទានទឹកការ៉ុតស្រស់ៗ។

២. ទឹកដូង

អ្នកអាចជៀសផុតពីជំងឺដោយគ្រាន់តែទទួលទានទឹកដូងជាប្រចាំ។ នោះក៏ព្រោះតែទឹកដូងជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយបានយ៉ាងប្រសើរដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស។ វាមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញនិងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូងក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។

៣. ទឹកក្រូចឆ្មារ

វីតាមីន C ក្នុងទឹកក្រូចឆ្មារធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

៤. ទឹកផ្លែប៉ោមស្រស់

ក្រៅពីវីតាមីននិងជាតិរ៉ែហើយនោះផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។ ជាតិសសៃនេះជួយបណ្ដេញជាតិពុលតាមពោះវៀន។ នៅពេលជាតិពុលត្រូវបានកម្ចាត់នោះប្រព័ន្ធភាពស៊ាំរាងកាយនឹងមានលក្ខណៈកាន់តែប្រសើរឡើង។

៥. ទឹកផ្លែគីវីស្រស់

គីវីជាផ្លែឈើមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C វីតាមីន A និងវីតាមីន E ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពប្រព័ន្ធភាពស៊ាំរឹងមាំ។ ជាតិសសៃនិងប៉ូតាស្យូមនៃផ្លែគីវីក៏ល្អសម្រាប់សុខភាពសសៃឈាមបេះដូងផងដែរ។

៦. ទឹកបន្លែផ្កាខាត់ណាខៀវ

ខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene និងវីតាមីន C។ ដូច្នេះការរួមបញ្ចូលផ្កាខាត់ណាខៀវ ឬទឹកបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អបំផុតសម្រាប់រក្សាក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំឡើង៕