ភាគច្រើននៃពួកយើងប្រហែលជាដឹងហើយថាសណ្ដែកសៀងអាចត្រូវបានយកមកធ្វើជាអាហារនិងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ដូចជាតៅហ៊ូ ព្រមទាំងទឹកសណ្ដែក ប៉ុន្តែទោះបីស្គាល់និងឧស្សាហ៍ទទួលទានក៏មិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើសណ្ដែកសៀងអាចផ្ដល់ផលល្អយ៉ាងណាខ្លះចំពោះសុខភាពរាងកាយ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលសណ្ដែកសៀងក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ
សណ្ដែកសៀងមានផ្ទុកសារធាតុ isoflavones និងជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយទប់ស្កាត់កាត់បន្ថយអាការៈនៃការរលាកក្នុងរាងកាយ។
២. ល្អសម្រាប់សុខភាពសាច់ដុំ
សណ្ដែកសៀងផ្ដល់ឱ្យរាងកាយនូវជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់រក្សាសុខភាពសាច់ដុំរឹងមាំប្រសើរ។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
នេះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកអាស៊ីតខ្លាញ់ល្អ monounsaturated និង polyunsaturated ដែលជួយបង្អាក់ការដឹកជញ្ជូនកូឡេស្តេរ៉ូលទៅក្នុងឈាម។ ម្យ៉ាងវិញទៀតសណ្ដែកសៀងគ្មានផ្ទុកកូឡេស្តេរ៉ូលមិនល្អដែលបង្កបញ្ហាស្ទះសសៃឈាមឡើយ។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នេះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកសមាសធាតុម្យ៉ាងហៅថា saponins ដែលមានប្រសិទ្ធភាពពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៥. ទប់ស្កាត់ជំងឺមហារីក
សណ្ដែកសៀងមានផ្ទុកសារធាតុ Isoflavones ជាតិសសៃ និងសមាសធាតុម្យ៉ាងហៅថា phytoestrogens ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងជំងឺមហារីក។ ការរួមបញ្ចូលសណ្ដែកសៀងក្នុងរបបអាហារប្រចាំថ្ងៃអាចជួយប្រយុទ្ធប្រឆាំងការលូតលាស់នៃដុំសាច់មហារីកក្នុងកោសិកាក្រពេញប្រូស្តាត កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ មហារីកស្បែក និងមហារីកសុដន់។
៦. សុខភាពឆ្អឹងរឹងមាំ
សណ្ដែកសៀងជាប្រភពដ៏ប្រសើរបំផុតមួយនៃកាល់ស្យូមដែលចាំបាច់ណាស់សម្រាប់សុខភាពឆ្អឹងរឹងមាំ។ ម្យ៉ាងវិញទៀតសារធាតុ phytoestrogen នៃសណ្ដែកសៀងជួយពន្លឿនក៏ដូចជាបង្កើនការស្រូបជាតិកាល់ស្យូមដោយរាងកាយនិងទប់ស្កាត់ការបាត់បង់ម៉ាសនៃឆ្អឹង។ ដូច្នេះអ្នកអាចនឹងចៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹងជាមិនខាន៕