តែសម្បកឈើអ៊ែមគឺជាភេសជ្ជៈដ៏គួរឲ្យចាប់អារម្មណ៍មួយដែលវាប្រហែលជាផ្តល់ជាប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើន។ ដោយយើងអាចប្រើវាជាសម្បកឈើក៏បាន ឬជាម្សៅសម្បកឈើនេះក៏បានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តែសម្បកឈើអ៊ែមពោរពេញទៅដោយសារធាតុមានប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖
ពោរពេញទៅដោយអង់ទីអុកស៊ីដង់
តែសម្បកឈើអ៊ែមផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើន ដែលមានប្រយោជន៍ក្នុងការជួយថែរក្សាសុខភាព។ អង់ទីអុកស៊ីដង់នឹងទៅបំបាត់ការធ្វើអុកស៊ីតកម្មបង្កឡើងដោយរ៉ាឌីកាលសេរីដែលជាមូលេគុលបំផ្លាញកោសិកាមនុស្សយើង ហើយក៏នាំឲ្យកើតជំងឺជាច្រើនដែរដូចជា ទឹកនោមផ្អែម មហារីក និងជំងឺបេះដូង។ សម្បកឈើអ៊ែមសម្បូរទៅដោយអង់ទីអុកស៊ីដង់ Polyphenol ជាពិសេស។ ការស្រាវជ្រាវបានបង្ហាញថា តែសម្បកឈើអ៊ែមអាចបង្កើនសមត្ថភាពអង់ទីអុកស៊ីដង់សរុបបានក្នុងការបំបាត់រ៉ាឌីកាលសេរីក្នុងខ្លួន។
បន្ថយការរលាក និងពង្រឹងដល់សុខភាពបេះដូង
ការសិក្សាក្នុងបំពង់តេស្តបានបញ្ជាក់ថា សារធាតុជាច្រើនក្នុងសម្បកឈើអ៊ែមប្រហែលជាបន្ថយសារធាតុសម្គាល់ការរលាកក្នុងខ្លួន ដែលរឿងនេះក៏អាចបន្ថយដើមហេតុដែលនាំឲ្យមានជំងឺរ៉ាំរ៉ៃជាច្រើនដែរ រួមទាំងជំងឺបេះដូងទៀត។ សម្បកឈើអ៊ែមប្រហែលជាបន្ថយសម្ពាធឈាម ព្រមទាំងខ្លាញ់ Triglyceride និងខ្លាញ់ LDL លើមនុស្សមួយចំនួន ខណៈពេលដែលវាក៏បង្កើនកូឡេស្តេរ៉ុលល្អសម្រាប់ពង្រឹងដល់សុខភាពបេះដូងថែមទៀត។ សម្បកឈើអ៊ែមប្រភេទ Cassia ផ្ទុកទៅដោយចំនួនសារធាតុ Coumarins ធម្មជាតិដ៏ខ្ពស់ ដែលវាអាចជួយបង្ការការរួមតូចរបស់សរសៃឈាម និងផ្តល់ការការពារកុំឲ្យមានកំណកឈាមថែមទៀត។ ប៉ុន្តែការញ៉ាំ Coumarins ច្រើនពេកអាចបន្ថយមុខងារថ្លើម និងបង្កើនការហូរឈាមវិញ ដូច្នេះចូរប្រាកដថា អ្នកញ៉ាំសម្បកឈើអ៊ែមនេះក្នុងកម្រិតមធ្យមបានហើយ។
ជួយបញ្ចុះជាតិស្ករក្នុងឈាម
សម្បកឈើអ៊ែមប្រហែលជាផ្តល់ឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែមដ៏ខ្លាំង តាមរយៈការបន្ថយជាតិស្ករក្នុងឈាម។ របស់មួយនេះដើរតួនាទីស្រដៀងគ្នានឹងអាំងស៊ុយលីនដែរ។ ក្រៅពីនេះ សារធាតុជាច្រើនដែលមានក្នុងសម្បកឈើអ៊ែមប្រហែលជាជំរុញដល់ការចុះជាតិស្ករក្នុងឈាម តាមរយៈការបន្ថយភាពខូចរបស់អាំងស៊ុយលីន ឬបង្កើនភាពមានប្រសិទ្ធភាពរបស់អាំងស៊ុយលីន។ សម្បកឈើអ៊ែមក៏ជួយបន្ថយការបំបែកកាបូអ៊ីដ្រាតក្នុងពោះវៀនដែរ ដូច្នេះក្រោយបាយរួចជាតិស្ករក្នុងឈាមនឹងមិនឡើងខ្ពស់បានឡើយ។
ជំរុញដល់ការសម្រកទម្ងន់
តែសម្បកឈើអ៊ែមច្រើនតែអាចជួយដល់ការសម្រកទម្ងន់បាន ហើយការសិក្សាជាច្រើនក៏បញ្ជាក់ថាអាចជួយបន្ថយរង្វាស់ចង្កេះថែមទៀត។ ប៉ុន្តែក្នុងចំណោមការសិក្សាទាំងនេះមានតិចតួចណាស់ដែលមានការគ្រប់គ្រងការញ៉ាំបានយ៉ាងល្អនោះ ហើយភាគច្រើនគឺមិនអាចគ្រប់គ្រងបានទេ។ រឿងនេះអាចនឹងពិបាកក្នុងការបញ្ជាក់ថាសម្បកឈើអ៊ែមតែមួយមុខអាចជួយដល់ការសម្រកទម្ងន់បាន។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនសម្បកឈើអ៊ែមដ៏ច្រើនប្រហែលជាមានចំនួនសារធាតុ Coumarin ខ្ពស់រហូតដល់គ្រោះថ្នាក់បាន។ នៅពេលញ៉ាំច្រើនពេក វាអាចធ្វើឲ្យហូរឈាម និងធ្វើឲ្យកើតជំងឺថ្លើមបាន។
សម្លាប់បាក់តេរី និងមេរោគផ្សិត
សម្បកឈើអ៊ែមមានសមត្ថភាពសម្លាប់បាក់តេរី និងមេរោគផ្សិត។ តាមការសិក្សាទៅលើបំពង់ពិសោធន៍បានបង្ហាញថា សារធាតុ Cinnamaldehyde ដែលជាសមាសធាតុសំខាន់ក្នុងសម្បកឈើអ៊ែម អាចការពារការលូតលាស់របស់បាក់តេរី និងមេរោគផ្សិតជាច្រើនបាន។ រឿងនេះរួមទាំង Staphylococcus, Salmonella និង E.col ដែលធ្វើឲ្យមនុស្សយើងមានជំងឺ។ ក្រៅពីនេះឥទ្ធិពលសម្លាប់បាក់តេរីរបស់សម្បកឈើអ៊ែមប្រហែលជាជួយបន្ថយក្លិនមាត់អាក្រក់ និងបង្ការបញ្ហាពុកធ្មេញបានទៀត។
បន្ថយការឈឺចាប់ពេលមករដូវ និងអាការៈពេលមករដូវផ្សេងៗទៀត
តែសម្បកឈើអ៊ែមប្រហែលជាធ្វើឲ្យស្រ្តីដែលជួបបញ្ហាឈឺចាប់ពេលមករដូវអាចស៊ូទ្រាំនឹងអាការៈទាំងនេះបាន។ ស្រ្តីដែលញ៉ាំសម្បកឈើអ៊ែម ៣ក្រាមក្នុងមួយថ្ងៃសម្រាប់បីថ្ងៃដំបូងនៃការមករដូវរបស់ពួកគេ ឃើញថាមិនសូវមានការឈឺចាប់ជាងស្រ្តីដែលមិនបានញ៉ាំឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ ការព្យាបាលដោយប្រើសម្បកឈើអ៊ែមមិនមានប្រសិទ្ធភាពដូចថ្នាំបំបាត់ការឈឺចាប់ឡើយ។ វាក៏មានអំណះអំណាងមួយទៀតនិយាយថា សម្បកឈើអ៊ែមប្រហែលជាបន្ថយការធ្លាក់ឈាមរដូវ ក្អួតញឹកញាប់ និងភាពធ្ងន់ធ្ងរនៃការចង្អោលើស្រ្តីកំពុងតែមករដូវដែរ៕