ជាញឹកញយអាការៈមុនពេលមករដូវតែងបង្កផលប៉ះពាល់ដល់ស្ត្រីសឹងតែរៀងរាល់ខែពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងចំណោមអាការៈទាំងនោះរួមមានវិលមុខ ឆាប់ឆេវឆាវ ឈឺក្បាល ឃ្លានខ្លាំង ចុករមួលក្នុងពោះ និងអស់កម្លាំង ជាដើម។ អាការៈមុនពេលមករដូវអាចកើតឡើងមុនពេលចាប់ផ្ដើមមករដូវ ហើយក៏បាត់ទៅវិញដោយឯងឯកនៅពេលក្រោយ។ ទោះជាយ៉ាងណាថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរព្យាយាមទទួលទានកំឡុងពេលមករដូវ ៖

១. បន្លែបៃតង

ការទទួលទានបន្លែបៃតងជួយផ្ដល់ឱ្យរាងកាយនូវជាតិរ៉ែចាំបាច់បំផុតមួយកំឡុងពេលមករដូវ គឺជាតិដែក។ បន្លែបៃតងក៏ជា​ប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរផងដែរ។ លើសពីនេះទៅទៀតបន្លែបៃតងមានផ្ទុកសម្បូរទៅដោយកាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលអាចសម្រាលអាការៈចុករមួលក្នុងពោះ។

២. សាច់ក្រហម

ជាតិដែកជាមូលហេតុមួយដែលធ្វើឱ្យសាច់ក្រហមគួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារកំឡុងពេលមករដូវ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់និងញុាំគួបផ្សំជាមួយបន្លែផ្សេងៗ។

៣. គ្រឿងសមុទ្រ

អាស៊ីតខ្លាញ់អូមេហ្កា ៣ អាចជួយសម្រាលអាការៈចុករមួលកំឡុងពេលមករដូវគួរឱ្យកត់សម្គាល់។ ហើយប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតខ្លាញ់នេះរួមមានត្រីសម្បូរខ្លាញ់ដូចជាសាលម៉ុន ព្រមទាំងគ្រឿងសមុទ្រផ្សេងទៀតដូចជាបង្កង បង្គា អយស្ទ័រ មឹក និងក្ដាម។

៤. គ្រាប់ធញ្ញជាតិ

ក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៥. ផ្លែឈើស្រស់ៗ

ទោះបីជាផ្លែឈើមានផ្ទុកជាតិស្ករ ប៉ុន្តែមិនមែនជាស្ករកែច្នៃឡើយ! ដូច្នេះអ្នកមិនគួរបារម្ភពេកទេ។ ក្រៅពីនេះផ្លែឈើមានផ្ទុកសម្បូរទៅដោយវីតាមីននិងជាតិរ៉ែដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាសុខភាពល្អប្រសើរ ពិសេសកំឡុងពេលមករដូវដើម្បីគ្រប់គ្រងតុល្យភាពអ័រម៉ូន៕