ក្រៅពីស្ត្រេស ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាផលិតផលលេងម៉ូដសក់មួយចំនួន ព្រមទាំងទម្លាប់នៃការទទួលទានអាហារក៏ជះឥទ្ធិពលមិនល្អលើសុខភាពសក់ដែលនាំឱ្យស្ដើងជាងមុនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភបញ្ហាសក់ស្ដើងមិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានឥទ្ធិពលលើការលូតលាស់នៃសក់ ៖
១. ត្រីសាលម៉ុន
អាស៊ីតខ្លាញ់អូមេហ្កា ៣ នៃត្រីសាលម៉ុនមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពស្បែកក្បាលដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់។ ម្យ៉ាងវិញទៀតត្រីសាលម៉ុនក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន D និងអាស៊ីតអាមីណូដែលមានឥទ្ធិពលជួយឱ្យសក់លូតលាស់បានឆាប់រហ័សផងដែរ។
២. ផ្លែបឺរ
ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងវីតាមីន E ផងដែរ។ អាស៊ីតខ្លាញ់ល្អអាចជួយចិញ្ចឹមសក់ ហើយបង្កើនការលូតលាស់ធ្វើឱ្យសក់ដុះលឿនឆាប់ក្រាស់។ ក្រៅពីទទួលទានហើយនោះ អ្នក៏អាចលាបផ្លែបឺរដោយផ្ទាល់លើសក់និងស្បែកក្បាលដើម្បីជម្រុញការផលិតកូឡាជែននិងអេឡាស្ទីនដែលជាប្រូតេអ៊ីនចាំបាច់សម្រាប់សុខភាពស្បែកក្បាលល្អប្រសើរ។
៣. ផ្នែកពណ៌លឿងនៃស៊ុត
ដើម្បីបង្កើនការលូតលាស់នៃសក់ ចូរព្យាយាមទទួលទានផ្នែកពណ៌លឿងនៃស៊ុតច្រើនជាងផ្នែកពណ៌ស! នេះក៏ព្រោះតែផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ និងបាយអូទីន។
៤. គ្រាប់អាល់ម៉ុន
ក៏ដូចទៅនឹងផ្នែកពណ៌លឿងនៃស៊ុតដែរ! គ្រាប់អាល់ម៉ុនមានផ្ទុកបាយអូទីនដែលចាំបាច់សម្រាប់ការលូតលាស់សក់។
៥. ម្ទេសផ្លោកពណ៌លឿង
ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន C ដែលចាំបាច់សម្រាប់ភាពរឹងមាំនៃសក់ ព្រមទាំងឬសនៃសក់។
៦. អយស្ទ័រ
កង្វះជាតិស័ង្កសីជាមូលហេតុចម្បងមួយដែលបណ្ដាលឱ្យជ្រុះសក់។ ដូច្នេះត្រូវប្រាកដថារាងកាយមានផ្ទុកជាតិស័ង្កសីគ្រប់គ្រាន់។ ហើយប្រភពដ៏ល្អបំផុតមួយនៃជាតិស័ង្កសី គឺអយស្ទ័រ៕