ការកើតពពែឆ្កែគឺជាការឡើងពកក្រហមនៅផ្នែកខាងក្នុងនៃគែមត្របកភ្នែកហើយមានការឈឺចាប់ខ្លាំង។ ថ្វីបើពពែឆ្កែនេះបង្កឡើងដោយការបង្ករោគដោយបាក់តេរីក៏ដោយ តែមានអំណះអំណាងមួយចំនួនបង្ហាញថា វាមានទំនាក់ទំនងមួយរវាងស្រ្តេស និងការប្រឈមនឹងការបង្ករោគខាងលើខ្ពស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះប្រហែលជាអាចពន្យល់បានថាហេតុអ្វីបានជា ការកើតពពែឆ្កែហាក់បីដូចជាឃើញញឹកញាប់លើមនុស្សស្រ្តេសច្រើន។
តើពពែឆ្កែគឺជាអ្វីឲ្យពិតប្រាកដទៅ?
ពាក្យពពែឆ្កែបានមកពីខ្មែរយើងជាអ្នកដាក់ឈ្មោះឲ្យទេ ដោយគេតែងតែសម្គាល់ឃើញថា ឲ្យតែនរណាមើលឆ្កែរួមភេទជាមួយគ្នាដឹងតែកើតជំងឺនេះ ទើបគេឲ្យឈ្មោះវាថាពពែឆ្កែតែម្តងទៅ។ តាមពិតជំងឺពពែឆ្កែនេះបានមកពីពាក្យថា Stye ដែលមានលក្ខណៈដូចគ្នានឹងពកមុនធំមួយ ហើយច្រើនតែមានខ្ទុះនៅខាងក្នុង។ ពពែឆ្កែជាកើតឡើងនៅផ្នែកខាងក្រៅនៃត្របកភ្នែកខាងលើ ឬខាងក្រោម។ ពេលខ្លះវាក៏កើតនៅត្របកភ្នែកខាងក្នុងផងដែរ។ ភាគច្រើនជំងឺនេះកើតឡើងតែលើភ្នែកម្ខាងទេ។ ជំងឺនេះកើតឡើងនៅពេលដែលក្រពេញញើសក្នុងគល់រោមត្របកភ្នែកខាងរងការបង្ករោគ។ យ៉ាងណាមិញក្រពេញញើសទាំងនេះសំខាន់ណាស់ព្រោះវាអាចជួយផ្តល់សំណើម និងការពារភ្នែកបាន។
Staphylococcus គឺជាបាក់តេរីមួយប្រភេទដែលច្រើនតែបង្កជាជំងឺពពែឆ្កែ។ វាអាចប៉ះពាល់ទៅលើត្របកភ្នែកបានបើសិណជាបាក់តេរីនេះជាប់នៅប្រអប់ដៃ ហើយអ្នកប្រើដៃទៅញីភ្នែក។ បាក់តេរីក៏អាចបង្ការជាការបង្ករោគដែរបើសិនជាវាជាប់នៅក្នុង Contact Lense ឬផលិតផលផ្សេងៗទៀតដែលប៉ះពាល់ទៅលើភ្នែក ឬត្របកភ្នែក។
ពេលខ្លះជំងឺពពែឆ្កែច្រឡំគ្នាទៅនឹងជំងឺ Chalazion ដែលជាដុំពកមួយកើតឡើងនៅផ្នែកខាងក្រោយលើត្របកភ្នែក។ Chalazion មើលទៅដូចពពែឆ្កែ តែវាមិនបង្កឡើងដោយបាក់តេរីទេ។ ផ្ទុយទៅវិញវាបង្កឡើងនៅពេលក្រពេញើសស្ទះ។
តើការកើតពពែឆ្កែបង្កឡើងដោយស្រ្តេសមែនទេ?
ថ្មីៗនេះវាមិនមានការសិក្សាបែបវិទ្យាសាស្រ្តណាមួយបង្ហាញទំនាក់ទំនងដោយផ្ទាល់រវាងស្រ្តេស និងការកើតពពែឆ្កែនៅឡើយទេ។ ប៉ុន្តែបើសិនជាអ្នកឧស្សាហ៍កើតពពែឆ្កែ ហើយឃើញថាកើតឡើងក្នុងអំឡុងពេលស្រ្តេស ឬគេងមិនគ្រប់នោះ ដូច្នេះរឿងនេះមិនមែនជាការស្រមើស្រមៃទៀតទេ។ គ្រូពេទ្យជំនាញភ្នែកមួយចំនួននិយាយថា ការគេងមិនគ្រប់គ្រាន់ និងស្រ្តេសធ្វើឲ្យប្រឈមនឹងការកកើតពពែឆ្កែ។ ការពន្យល់មួយសម្រាប់រឿងនេះ គឺអាចដោយសារតែការពិតមួយ ស្រ្តេសអាចធ្វើឲ្យខ្សោយប្រព័ន្ធភាពស៊ាំ។ រឿងនេះអាចធ្វើឲ្យរាងកាយងាយនឹងរងការបង្ករោគខ្លាំង។
តាមការសិក្សាមួយក្នុងឆ្នាំ ២០១៧ ក៏បានបង្ហាញថា ស្រ្តេសអ័រម៉ូនដូចជា Norepinephrine អាចបំលែងទៅជា 3,4-dihydroxymandelic Acid (DHMA) ដែលអាចជួយទាក់ទាញបាក់តេរីទៅកាន់កន្លែងដែលរាងកាយងាយនឹងរងការបង្ករោគជាងគេ។
ផលរំខានមួយផ្សេងទៀតនៃស្រ្តេសគឺថា វាច្រើនតែរំខានដល់ការគេង។ ការស្រាវជ្រាវបានបង្ហាញថា នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ វាអាចធ្វើឲ្យចុះខ្សោយប្រព័ន្ធភាពស៊ាំ ជាពិសេសប៉ះពាល់ទៅលើសមត្ថភាពរបស់កោសិកា T Cell តែម្តង។ ជាមួយគ្នានេះដែរ បើសិនជាអ្នកអស់កម្លាំង អ្នកប្រហែលជាងាយនឹងមានទម្លាប់ថែរក្សាអនាម័យភ្នែកមិនបានល្អដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ឧទាហរណ៍ អ្នកប្រហែលជាមិនព្រមលាងសម្អាតគ្រឿងផាត់មុខបានត្រឹមត្រូវឡើយមុនពេលចូលគេង ឬភ្លេចលាងសម្អាតដៃមុនពេលប៉ះពាល់ទៅលើភ្នែក៕