សក់ស្កូវអាចជាបញ្ហាគួរឱ្យរំខានមួយ ជាពិសេសប្រសិនបើវាកើតឡើងក្នុងពេលយើងមានវ័យក្មេងនៅឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាសក់ស្កូវមុនវ័យអាចបណ្ដាលមកពីបរិមាណនៃមេឡានីនដែលផលិតដោយឬសសក់ធ្លាក់ចុះទាប។ ជួនកាលសារធាតុគីមីដែលអ្នកបានប្រើប្រាស់លើសក់ក៏ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយទប់ស្កាត់បញ្ហាសក់ឆាប់ស្កូវ ៖

១. ផ្លែបឺរី

ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទដែលចាំបាច់សម្រាប់សុខភាពស្បែកនិងសក់។ វីតាមីន C ជួយបង្កើនការផលិតកូឡាជែនក៏ដូចជាកម្ចាត់រ៉ាឌីកាល់សេរីដែលពន្លឿនដំណើរការនៃភាពចាស់តាមវ័យ ឬបង្កបញ្ហាសក់ឆាប់ស្កូវផងដែរ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាសក់ស្កូវមុនវ័យចូរព្យាយាមទទួលទានផ្លែបឺរី។

២. បន្លែបៃតង

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាបន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសសៃ រួមទាំងវីតាមីន B ដែលចាំបាច់សម្រាប់រក្សាសុខភាពស្បែកក្បាល។ ហើយស្បែកក្បាលមានសុខភាពល្អ ក៏ដូចជាទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ជួយទប់ស្កាត់បញ្ហាសក់គ្រប់ប្រភេទ រួមទាំងសក់ស្កូវ។ វីតាមីន B12 ក្នុងបន្លែបៃតងក៏ចាំបាច់សម្រាប់ការផលិតអ័រម៉ូនសុខភាពល្អដែលជួយទប់ស្កាត់បញ្ហាសក់ឆាប់ស្កូវផងដែរ។

៣. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ព្រមទាំងសេលេញ៉ូមដែលជាជាតិរ៉ែចាំបាច់សម្រាប់ការផលិតអ័រម៉ូនបានត្រឹមត្រូវក្នុងរាងកាយនិងរក្សាសុខភាពសក់ល្អប្រសើរ។ លើសពីនេះទៅទៀតសេលេញ៉ូមថែមទាំងជួយការពាររាល់កោសិកាពីសកម្មភាពនៃរ៉ាឌីកាល់សេរីទៀតផង។

៤. សូកូឡា

ទង់ដែងជាជាតិរ៉ែមួយមានសមត្ថភាពជួយជម្រុញការផលិតមេឡានីនដែលផ្ដល់ពណ៌ឱ្យសក់និងស្បែក។ ដូច្នេះការទទួលសូកូឡាក្នុងកម្រិតមធ្យមអាចជួយទប់ស្កាត់បញ្ហាសក់ឆាប់ស្កូវបានយ៉ាងប្រសើរ។

៥. គ្រាប់អាល់ម៉ុន

ក៏ដូចទៅនឹងសូកូឡាដែរ គ្រាប់អាល់ម៉ុនមានផ្ទុកជាតិទង់ដែងដែលចាំបាច់សម្រាប់ការផលិតជាតិមេឡានីន។ ម្យ៉ាងវិញទៀតគ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលចាំបាច់សម្រាប់ការលូតលាស់និងរក្សាសុខភាពស្បែក ក្រចក ព្រមទាំងសក់រឹងមាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង