ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាអាហារមួយចំនួនក៏ជះឥទ្ធិពលលើអារម្មណ៍ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីទប់ទល់បញ្ហាចេះតែមានអារម្មណ៍ក្រៀមក្រំសឹងគ្រប់ពេល ៖

១. ស្ត្របឺរី

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ក៏ដូចជាទប់ទល់នឹងអាការៈនៃបញ្ហាសុខភាពផ្លូវចិត្តនេះផងដែរ។ ដូច្នេះប្រសិនបើអ្នកចេះតែមានអារម្មណ៍ក្រៀមក្រំ ឬចង់លើកកម្ពស់អារម្មណ៍ល្អប្រសើរឡើងវិញ ចូរបន្ថែមស្ត្របឺរីក្នុងរបបអាហារប្រចាំថ្ងៃ។

២. ផ្លែប៉ោម

ការទទួលទានផ្លែប៉ោមជាប្រចាំក៏អាចទប់ស្កាត់ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តគួរឱ្យកត់សម្គាល់។ ក៏មិនខុសពីស្ត្របឺរីដែរ ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ម្យ៉ាងវិញទៀតផ្លែឈើនេះអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមដែលផ្សារភ្ជាប់នឹងបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត។

៣. សណ្ដែកក្រហម

ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយគ្រប់គ្រងការបញ្ចេញជាតិស្ករទៅក្នុងឈាម។ ហើយអ្នកជំនាញជាច្រើនបានឱ្យដឹងថាកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ឬមិនអាចគ្រប់គ្រងបានអាចបង្កហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។

៤. មើមឆៃថាវក្រហម

ការទទួលទានមើមឆៃថាវក្រហមជាប្រចាំក៏ជួយឱ្យអ្នករក្សាបាននូវអារម្មណ៍ល្អប្រសើរផងដែរ។ នេះក៏ព្រោះតែសារធាតុ Folate និងម៉ាញ៉េស្យូមក្នុងមើមឆៃថាវក្រហមជួយប្រយុទ្ធប្រឆាំងជំងឺធ្លាក់ទឹកចិត្ត។

៥. ប៉េងប៉ោះ

ប៉េងប៉ោះក៏ជួយទប់ទល់នឹងជំងឺធ្លាក់ទឹកចិត្តបានផងដែរតាមរយៈសារធាតុ lycopene ដែលមានផ្ទុក។ ក្រៅពីប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត lycopene ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ជំងឺមហារីកគួរឱ្យកត់សម្គាល់។

៦. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍ណាស់ក្នុងការលើកកម្ពស់អារម្មណ៍ល្អទប់ទល់អាការៈនៃជំងឺធ្លាក់ទឹកចិត្តនិងស្ដារថាមពលឡើងវិញ។ ដើម្បីជាការប្រសើរចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់ដូចសាលម៉ុនយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍៕