កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទ ដែលមនុស្សយើងតែងតែញ៉ាំវាច្រើនបំផុតចំណាត់ថ្នាក់ទីពីរបន្ទាប់ពីទឹក។ ក្រៅពីជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំង ជាតិកាហ្វេអ៊ីនក្នុងកាហ្វេប្រហែលជាពង្រឹងដល់អារម្មណ៍ល្អ មុខងារខួរក្បាល និងការហាត់ប្រាណផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ប្រហែលជាបង្កើនការស្រកទម្ងន់ និងទប់ស្កាត់ជំងឺជាច្រើនដូចជា ទឹកនោមផ្អែមប្រភេទទី២ ភ្លេចភ្លាំងពេលចាស់ជរា និងបេះដូង។ 

មនុស្សជាច្រើនចូលចិត្តញ៉ាំកាហ្វេមុនគេនៅពេលព្រឹក។ ប៉ុន្តែមនុស្សមួយចំនួនយល់ថា ការញ៉ាំកាហ្វេពេលពោះទទេអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន តើវាពិតមែនឬអត់?

តើការញ៉ាំកាហ្វេពេលពោះទទេធ្វើឲ្យឈឺក្រពះដែរទេ?

ការស្រាវជ្រាវបង្ហាញថា ភាពល្វីងរបស់កាហ្វេប្រហែលជាភ្ញោចទៅលើការផលិតរបស់អាស៊ីតក្រពះ។ បែបនេះហើយធ្វើឲ្យមនុស្សជាច្រើនជឿថា កាហ្វេធ្វើឲ្យរលាកដល់ក្រពះ បង្កអាការៈបញ្ហាក្រពះពោះវៀនកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យក្រហាយដើមទ្រូង ដំបៅក្រពះ ចង្អោ និងក្រពះមិនកិនអាហារ។ អ្នកខ្លះទៀតនិយាយថា ការញ៉ាំកាហ្វេពេលពោះទទេ គឺជាមានគ្រោះថ្នាក់ជាពិសេសតែម្តងដោយសារតែមិនទាន់មានអាហារផ្សេងជួយការពារអាស៊ីតក្រពះកុំឲ្យបំផ្លាញភ្នាស់ក្រពះ។ មែនហើយ ការស្រាវជ្រាវមិនបានរកឃើញទំនាក់ទំនងច្បាស់លាស់រវាកាហ្វេ និងបញ្ហាក្រពះពោះវៀននៅឡើយទេជាពិសេសញ៉ាំពេលពោះទទេតែម្តង។ 

ខណៈពេលដែលមានសមាមាត្រប្រជាជនតិចតួចមានប្រតិកម្មខ្លាំងនឹងកាហ្វេ និងជួបបញ្ហាក្រហាយដើមទ្រូង ក្អយត ឬក្រពះមិនកិនជាទៀងទាត់ ភាពញឹកញាប់ និងធ្ងន់ធ្ងរនៃអាការៈទាំងនេះនៅតែកើតឡើងជាប់ដោយមិនគិតថា ពួកគេញ៉ាំទាំងពោះមានអាហារ ឬអត់នោះទេ។ 

ជាមួយគ្នានេះដែរ យកល្អគួរតែយកចិត្តទុកដាក់ទៅលើរបៀបដែលរាងកាយមានប្រតិកម្មផង។ បើសិនជាអ្នកធ្លាប់មានបញ្ហាក្រពះពោះវៀនក្រោយញ៉ាំកាហ្វេពេលពោះទទេ តែមិនអីពេលញ៉ាំជាមួយអាហារ យកល្អគួរតែផ្លាស់ប្តូរទម្លាប់នេះវិញទៅ។ 

តើវានឹងបង្កើនស្រ្តេសអ័រម៉ូនក្នុងខ្លួនដែរទេ?

ការខ្វែងមតិគ្នាមួយផ្សេងទៀតគឺថា ការញ៉ាំកាហ្វេពេលពោះទទេប្រហែលជាបង្កើនចំនួនស្រ្តេសអ័រម៉ូនឈ្មោះថា Cortisol ដែលវាត្រូវបានផលិតចេញពីក្រពេញលើតម្រងនោម និងជួយសម្រួលដល់ការរំលាយអាហារ សម្ពាធឈាម និងជាតិស្ករក្នុងឈាម។ ការដែលមានចំនួនអ័រម៉ូនមួយនេះខ្លាំងជាលក្ខណៈរ៉ាំរ៉ៃអាចប៉ះពាល់ដល់សុខភាពរួមទាមងពុកឆ្អឹង លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺបេះដូង។ 

កម្រិតអ័រម៉ូន Cortisol ជាធម្មតានឹងឡើងខ្ពស់ពេលភ្ញាក់ពីគេង ហើយក៏ចុះវិញ ព្រមទាំងឡើងខ្ពស់ម្តងទៀតក្នុងដំណាក់កាលភ្លាមៗនៃការគេង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា កាហ្វេនឹងទៅភ្ញោចដល់ការផលិតរបស់អ័រម៉ូន Cortisol ដូច្នេះអ្នកខ្លះដែលនិយាយថា ការញ៉ាំកាហ្វេដំបូងគេនៅពេលព្រឹកនោះអាចជារឿងគ្រោះថ្នាក់គឺជារឿងត្រឹមត្រូវហើយ ដោយសារតែអ័រម៉ូន Cortisol ឡើងខ្ពស់ស្រាប់ហើយ។ 

ទោះបីជាយ៉ាងណាក៏ដោយ ការផលិតរបស់អ័រម៉ូន Cortisol ក្នុងការឆ្លើយតបនឹងវត្តមានរបស់កាហ្វេ គឺមានចំនួនតិចតួចទេលើអ្នកដែលញ៉ាំកាហ្វេទៀងតាត់ ហើយការសិក្សាខ្លះបង្ហាញថា វាក៏មិនបានបង្កើនចំនួនអ័រម៉ូននេះសោះតែម្តងដែរ។ ជាមួយគ្នានេះដែរ មានអំណះអំណាងតិចតួចណាស់ដែលបញ្ជាក់ថា ការញ៉ាំកាហ្វេពេលឆ្អែតហើយអាចបន្ថយការឆ្លើយតបបែបនេះផង។ 

និយាយឲ្យខ្លីទៅ ឥទ្ធិពលអវិជ្ជមាននៃការឡើងខ្ពស់របស់អ័រម៉ូនស្រ្តេសរ៉ាំរ៉ៃទំនងជាកើតឡើងច្រើនលើអ្នកដែលមានបញ្ហាសុខភាពដូចជា Cushing’s Syndrome ជាងកាហ្វេខ្លួនឯងទៅវិញទេ។ 

ផលរំខានធ្ងន់ធ្ងរផ្សេងៗទៀត

កាហ្វេក៏ប្រហែលជាមានឥទ្ធិពលអវិជ្ជមានតិចតួចដោយដែរដោយមិនខ្វល់ថាអ្នកអ្នកញ៉ាំវាទាំងពោះទទេឬអត់ឡើយ។ ឧទាហរណ៍ កាហ្វេអ៊ីនអាចធ្វើឲ្យញៀន ហើយហ្សែនរបស់មនុស្សខ្លះប្រហែលជាមានប្រតិកម្មនឹងរឿងនេះជាពិសេសតែម្តង។ នេះដោយសារតែការញ៉ាំកាហ្វេទៀងទាត់អាចផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាល ដែលជាតហេតុធ្វើឲ្យត្រូវការញ៉ាំជាតិកាហ្វេអ៊ីនកាន់តែច្រើនជាងមុនដើម្បីផលិតឥទ្ធិពលបានដូចដើមវិញ។ 

ការញ៉ាំកាហ្វេច្រើនៗពេកប្រហែលជានាំឲ្យថប់អារម្មណ៍ គេងមិនលក់ ញ័រទ្រូង និងធ្វើឲ្យភាពភ័យខ្លាចកាន់តែខ្លាំជាងមុនទៀត។ វាប្រហែលជាបណ្តាលឲ្យឈឺក្បាល ឈឺក្បាលបែបប្រកាំង និងលើសសម្ពាធឈាមលើមនុស្សមួយចំនួន។ ហេតុដូច្នេះហើយ អ្នកជំនាញភាគច្រើនយល់ស្របថា អ្នកគួរតែញ៉ាំកាហ្វេត្រឹម ៤០០មីលីក្រាមក្នុងមួយថ្ងៃទៅ០៩៩ ទៅ ១.១២លីត្រក្នុងមួយថ្ងៃបានហើយ។ ចាប់តាំងពីឥទ្ធិពលរបស់វាមានរយៈពេលយូររហូតដល់ ៧ម៉ោងលើមនុស្សពេញវ័យ តែវាក៏អាចរំខានដល់ការគេង ដែរជាពិសេសបើសិនជាញ៉ាំនៅពេលមុនចូលគេង។ 

ជាតិកាហ្វេអ៊ីនអាចឆ្លងចូលទៅក្នុងសុកបានយ៉ាងងាយ ហើយឥទ្ធិពលរបស់វាអាចមានយូររហូតដល់ ១៦ម៉ោងឡើងទៅចំពោះស្រ្តីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ ដូច្នេះស្រ្តីមានផ្ទៃពោះត្រូវកាត់បន្ថយញ៉ាំត្រឹម ២៤០ ទៅ៤៨០មីលីលីត្រក្នុងមួយថ្ងៃបានហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរចាំថា ការញ៉ាំកាហ្វេពេលពោះទទេមិនមានអ្វីប៉ះពាល់ដល់ភាពខ្លាំង ឬញឹកញាប់នៃឥទ្ធិពលទាំងនេះឡើយ៕