ជំងឺផ្ដាសាយអាចបង្កភាពរំខាននិងអាការៈមិនស្រួលជាច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការលេបថ្នាំមិនមែនជាជម្រើសដ៏ល្អដើម្បីទប់ទល់នឹងអាការៈនៃជំងឺនេះឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈនៃជំងឺផ្ដាសាយបានយ៉ាងឆាប់រហ័ស ៖

១. ទទួលទានវីតាមីន C ឱ្យបានគ្រប់គ្រាន់

នៅពេលប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយនោះយើងងាយនឹងប្រឈមមុខជាមួយបញ្ហាសុខភាពជាច្រើន ពិសេស គឺជំងឺផ្ដាសាយ។ ដូច្នេះកំឡុងពេលជួបប្រទះ ឬដើម្បីទប់ស្កាត់ជំងឺផ្ដាសាយ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។ នេះក៏ព្រោះតែវីតាមីន C គឺដើរតួនាទីយ៉ាងចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យរឹងមាំ។

២. ញើសសំបោរថ្នមៗ

ជំងឺផ្ដាសាយអាចបណ្ដាលឱ្យតឹងច្រមុះជាមូលហេតុដែលអ្នកតែងញើសសំបោរញឹកញាប់។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកញើសសំបោរថ្នមៗចៀសវាងបង្កផលប៉ះពាល់ដល់ច្រមុះនិងអាចធ្វើឱ្យឈឺដល់ត្រចៀកថែមទៀត។

៣. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ

នៅពេលផ្ដាសាយអ្នកចាំបាច់ត្រូវរក្សាសំណើម ឬជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយដើម្បីឆាប់ជាសះស្បើយ។ នេះក៏ព្រោះតែរាងកាយងាយជួបប្រទះបញ្ហាខ្វះជាតិទឹកណាស់ ជាពិសេសបើជំងឺផ្ដាសាយមានអមមកជាមួយនឹងអាការៈក្អួត ឬរាគ។ ម្យ៉ាងវិញទៀតប្រសិនបើខ្វះជាតិទឹករាងកាយនឹងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយពពួកវីរុសឡើយ។ ការទទួលទានទឹកពី ៨ ទៅ ១០ កែវ ឬច្រើនជាងនេះអាចជួយឱ្យអ្នកឆាប់ជាសះស្បើយពីជំងឺផ្ដាសាយ។

៤. ខ្ពុរមាត់ជាមួយទឹកអំបិល

ប្រសិនបើជំងឺផ្ដាសាយធ្វើឱ្យអ្នកឈឺបំពង់កដែរនោះការខ្ពុរមាត់ជាមួយទឹកអំបិល គឺប្រសើរណាស់ដើម្បីបំបាត់ការរលាកក្នុងបំពង់ក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបាន ៤ ដងក្នុងមួយថ្ងៃ។

៥. សម្រាកឱ្យបានច្រើនគ្រប់គ្រាន់

ប្រសិនបើអ្នកមិនផ្ដល់ពេលឱ្យរាងកាយបានសម្រាកគ្រប់គ្រាន់ទេនោះជំងឺផ្ដាសាយអាចនឹងមិនបាត់ទៅវិញក្នុងរយៈពេលតិចជាង ១ សប្តាហ៍ឡើយ។ ដូច្នេះដើម្បីឆាប់ជាសះស្បើយចូរព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង