នៅថ្ងៃមុនចូលឆ្នាំចិន ជនជាតិចិនមានទម្លាប់មួយគឺបោសសម្អាតផ្ទះឲ្យស្អាតដើម្បីចូលឆ្នាំថ្មី នោះវានឹងអាចនាំសំណាងល្អមកឲ្យគេ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីបោសសម្អាតផ្ទះដែលលឿន ហើយស្អាតទៀតផង។ តើមានវិធីណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិធីកំចាត់ធូលី
នៅពេលដែលអ្នកបោសសម្អាតផ្ទះទាំងមូល នោះក្នុងផ្ទះអ្នកនឹងពោរពេញទៅដោយធូលី ហើយប្រសិនជាអ្នកយកអំបោសបោស នោះវានឹងហុយធូលីពេញផ្ទះ ដូចនេះអ្នកអាចយកក្រដាសកាសែតជ្រលក់ទឹក បន្ទាប់មកហែកវាជាដុំតូចៗ រួចបាចពេញផ្ទះ នោះវានឹងអាចស្រូបយកធូលីទាំងនោះអស់ ឬអ្នកអាចយកស្លឹកតែដែលអ្នកឆុងរួច យកមកបាចនៅក្នុងផ្ទះក៏បានដែរ វាអាចស្រូបយកធូលីទាំងនោះដូចគ្នា ដូចនេះវានឹងជួយអ្នកឲ្យងាយស្រួលក្នុងការបោសសម្អាតជាមិនខាន។
កញ្ចក់
នៅពេលដែលអ្នកជូតកញ្ចក់ ក្រៅពីយកក្រដាសកាសែតមកជូត អ្នកក៏អាចយកខ្ទឹមបារាំងមកជូតដែរ ដោយអ្នកអាចចិតវាជាពីរ បន្ទាប់មកយកមកជូតកញ្ចក់អ្នក ហើយនៅពេលដែលទឹកវានៅលើកញ្ចក់នោះមិនទាន់ស្ងួត អ្នកអាចយកក្រណាត់ស្ងួតមួយមកជូតវាបាន ឬអ្នកអាចយកក្រណាត់សើមជ្រលក់ស្រាសបន្តិចមកជូតក៏បានដែរ នោះវានឹងធ្វើឲ្យកញ្ចក់អ្នកមានលក្ខណៈស្អាត និងភ្លឺទៀតផង។
ជញ្ជាំនៃផ្ទះបាយ
នៅពេលដែលអ្នកធ្វើម្ហូបម្តងៗ ផ្សែង និងសារធាតុខ្លាញ់ផ្សេងៗអាចធ្វើឲ្យជញ្ជាំងអ្នកប្រលាក់ ហើយប្រែជាពណ៌លឿង ដូចនេះអ្នកអាចប្រើវិធីមួយដោយគ្រាន់តែយកនំបុ័ងផ្នែកដែលទន់យកមកជូតលើជញ្ជាំងនោះជាការស្រេច វានឹងមានលក្ខណៈភ្លឺ ហើយប្រែជាពណ៌ដើមវិញ។
កម្រាលព្រំ
នៅពេលដែលកម្រាលព្រំអ្នកកង្វក់ អ្នកអាចយកទឹកមកធ្វើឲ្យវាសើមជាមុនសិន បន្ទាប់មកទើបយកក្រណាត់មកជូតវាឲ្យស្ងួត រួចយកអំបិលមកបាចលើកន្លែងដែលកង្វក់នោះ បន្ទាប់មកទើបយកម៉ាស៊ីនប៊ឺតធូលីមកប៊ឺតអំបិលនោះចេញជាការស្រេច។
គ្រឿងសង្ហារឹមឈើ
នៅពេលដែលគ្រឿងសង្ហារឹមឈើរបស់អ្នកប្រលាក់ អ្នកអាចយកក្រណាត់ជ្រលក់ទឹកដោះគោដែលហួសកំណត់ ហើយយកមកជូត បន្ទាប់មកទើបយកក្រណាត់ជ្រលក់ទឹកមកជូតវិញ នោះវានឹងប្រែជាភ្លឺ។
កម្រាលពូក និងវាំងនងពណ៌ស
នៅពេលដែលវាំងនងអ្នក និងកម្រាលពូកពណ៌សប្រែជាពណ៌លឿងនៅពេលដែលអ្នកប្រើយូរ អ្នកអាចយកវាទៅត្រាំក្នុងទឹកលាងអង្ករចំនួនមួយថ្ងៃ ដោយលាយជាមួយអំបិលបន្តិច ហើយទើបយកវាមកលាងជាមួយសាប៊ូ នោះវានឹងប្រែជាពណ៌សវិញហើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)