របៀបរបបនៃការរស់នៅ ព្រមទាំងរបបអាហារអាហារអាចជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូល ក៏ដូចជាពោះវៀន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាពេលខ្លះការឈឺពោះជារឿងធម្មតាដែលនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែក៏នៅមានអាការៈមួយចំនួនដែលអ្នកមិនគួរមើលរំលងឡើយចៀសវាងបញ្ហាធ្ងន់ធ្ងរកើតឡើង។ ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈមួយចំនួនដែលអាចកើតឡើងដោយសារបញ្ហាពោះវៀន ៖
១. ឈឺចាប់ក្នុងពោះ
ជាញឹកញយការឈឺក្នុងពោះអាចបណ្ដាលមកពីអ្នកអាហារ ឬភេសជ្ជៈដែលអ្នកទទួលទាន។ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ឈឺក្នុងពោះ ហើយការឈឺចាប់កើនឡើងនៅត្រង់ផ្នែកខាងក្រោមនៃពោះនោះវាអាចជាអាការៈនៃបញ្ហានៃជំងឺរលាកពោះវៀនប្រភេទណាមួយ ឬសូម្បីតែជំងឺមហារីកពោះវៀន។
២. ឧស្សាហ៍ទល់លាមក
ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈទល់លាមកនិងមានអារម្មណ៍ឈឺចាប់កំឡុងពេលបត់ជើងធំនោះវាអាចជារោគសញ្ញានៃបញ្ហាពោះវៀនហើយ។ ពេលខ្លះរបបអាហារត្រឹមត្រូវអាចព្យាបាលបំបាត់បញ្ហានេះ ប៉ុន្តែប្រសិនបើមិនអើពើរយៈពេលយូរទៅវាអាចនឹងត្រូវការការវះកាត់ដើម្បីជាសះស្បើយ។
៣. រាគញឹកញាប់
ឧស្សាហ៍រាគក៏អាចជាអាការៈដែលបញ្ជាក់ថាពោះវៀនដំណើរការមិនប្រក្រតីផងដែរ។ ប្រសិនបើរាគមិនបាត់សោះលើសពី ២៤ ម៉ោង អ្នកគួរប្រញាប់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញហើយ។
៤. ឈាមក្នុងលាមក
ប្រសិនបើអាការៈនេះលេចឡើង កុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាមៗ។
៥. ផោមញឹកពេកនិងមានក្លិនស្អុយខ្លាំង
ការផោមច្រើនពេកនិងមានក្លិនស្អុយខ្លាំងអាចមានន័យថាពោះវៀនមិនបានរំលាយឬស្រូបយកអ្វីមួយ។ វាអាចបណ្ដាលមកពីកង្វះនៃពពួកបាក់តេរីល្អៗ ការរលាក ឬចលនាពោះវៀនមិនប្រក្រតី។ វាជាការសំខាន់ដែលអ្នកគួរកត់សម្គាល់ថាតើអាការៈនេះវាបណ្ដាលមកពីការទទួលទានអាហារមួយចំនួនដូជជាសណ្ដែក ស្ពៃក្ដោប ធញ្ញជាតិគ្រាប់ពេញ ឈីស ផ្លែព្រូន ផ្លែសេរ៊ី ឬជារោគសញ្ញាមួយនៃជំងឺពោះវៀន។
៦. ខ្វះថាមពលរាងកាយ
ប្រសិនបើពោះវៀនដំណើរការមិនប្រក្រតី នោះយើងនឹងជួបប្រទះបញ្ហាអស់កម្លាំងខ្វះថាមពលបានយ៉ាងងាយដោយសារកង្វះសារធាតុចិញ្ចឹមសំខាន់ៗ ជាតិរ៉ែ និងវីតាមីន។ ប្រសិនបើភ្លាមៗអ្នកស្រាប់តែមានអារម្មណ៍ហត់នឿយអស់កម្លាំងខ្លាំងទាំងមិនបានធ្វើអ្វីច្រើនហួសធម្មតាសោះនោះវាអាចបណ្ដាលមកពីបញ្ហានៃជំងឺពោះវៀនប្រភេទណាមួយហើយ ឬសូម្បីតែជំងឺមហារីក។
សម្គាល់៖ ដើម្បីថែរក្សាសុខភាពពោះវៀនល្អប្រសើរ ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃពីបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ហើយកាត់បន្ថយការទទួលទានសាច់ក្រហម អាហារចៀនបំពង ស្ករ គ្រឿងស្រវឹង និងកាហ្វេ។ អ្នកក៏គួរផ្ដាច់បារីនិងចាប់ផ្ដើមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំផងដែរ។ ត្រូវយកចិត្តទុកដាក់លើអាការៈមិនប្រក្រតីណាមួយដូចបង្ហាញខាងលើ ប្រសិនបើវាលេចឡើងអ្នកមិនត្រូវស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឡើយ៕