ជំងឺធ្លាក់ទឹកចិត្តមិនមែនជាបញ្ហាធម្មតាឡើយ ក៏ព្រោះជំងឺនេះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនខ្វាយខ្វល់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនជួយទប់ទល់ជំងឺធ្លាក់ទឹកចិត្តមិនឱ្យកាន់តែធ្ងន់ធ្ងរឡើង ៖

១. របបអាហារត្រឹមត្រូវ

របបអាហារក៏ជះឥទ្ធិពលខ្លាំងក្លាដល់អារម្មណ៍របស់មនុស្សម្នាក់ៗផងដែរ។ ដូច្នេះហើយទើបអ្នកមានបញ្ហាធ្លាក់ទឹកចិត្តគួរប្រកាន់ខ្ជាប់នូវរបបអាហារមានត្រឹមត្រូវដើម្បីបង្កើនអារម្មណ៍ល្អប្រសើរ។ ព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ខ្លាញ់សុខភាពល្អដទៃទៀត និងអាហារសម្បូរសារធាតុចិញ្ចឹម។ ឧទាហរណ៍ត្រី គ្រាប់ធញ្ញជាតិ ស៊ុត ចេក និងផ្លែឈើរីសុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងអាស៊ីតខ្លាញ់ល្អដែលជួយធ្វើឱ្យអារម្មណ៍ប្រសើរឡើង។

២. រួមបញ្ចូលអាហារមានផ្ទុកជាតិស័ង្កសីក្នុងរបបអាហារប្រចាំថ្ងៃ

ភាគច្រើននៃអ្នកដែលជួបប្រទះបញ្ហាធ្លាក់ទឹកចិត្ត គឺរាងកាយមានផ្ទុកកម្រិតនៃជាតិស័ង្កសីទាបជាងធម្មតា។ នេះហើយជាមូលហេតុដែលអ្នកគួររួមបញ្ចូលអាហារសម្បូរទៅដោយជាតិស័ង្កសីក្នុងរបបអាហារប្រចាំថ្ងៃ។ ចាប់ផ្ដើមទទួលទានត្រី ឬអាហារសមុទ្រដូចជាអយស្ទ័រដែលមានផ្ទុកជាតិស័ង្កសីយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍។

៣. ធ្វើសមាធិ

ការធ្វើសមាធិក៏ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហានៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ អ្វីដែលសំខាន់ គឺអ្នកត្រូវហ្វឹកហាត់គ្រប់គ្រងចិត្តឱ្យស្ងប់ ហើយសម្រួលអារម្មណ៍។ ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០​ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។

៤. ទទួលទានតែរុក្ខជាតិមួយចំនួន

ដូចជាតែរមៀតនិងតែផ្កា Chamomile។ តែរមៀត មិនត្រឹមតែប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់ និងច្រាលទឹកអាស៊ីតក្រពះប៉ុណ្ណោះទេ ប៉ុន្តែតែរុក្ខជាតិមួយនេះក៏ជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាជំងឺធ្លាក់ទឹកចិត្តផងដែរ។ លក្ខណៈសម្បត្តិ​​​ប្រឆាំងការរលាកនៃតែរមៀតជួយរក្សាតុល្យភាពនៃអ័រម៉ូន ហើយក្នុងករណីមួយចំនួន ជំងឺធ្លាក់ទឹកចិត្តបណ្ដាលមកពីបញ្ហាអតុល្យភាពនៃអ័រម៉ូន។ រីឯតែផ្កា Chamomile វិញ គឺប្រសើរណាស់ក្នុងការកាត់បន្ថយ ឬទប់ទល់នឹងអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាថប់បារម្ភ ដោយវាផ្ដល់ឱ្យអ្នកនូវអារម្មណ៍ធូរស្រាល ហើយស្ងប់។ ការទទួលទានតែផ្កា chamomile មួយពែងយ៉ាងហោចណាស់ ៣០ នាទីមុនពេលចូលគេងនឹងជួយឱ្យអ្នកគេងលក់បានស្កប់។

៥. ចាប់ផ្ដើមធ្វើលំហាត់ប្រាណ

វិធីសាស្ត្រដ៏ល្អមួយទៀតដើម្បីទប់ទល់នឹងភាពស្ត្រេសតានតឹង គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ នៅមានមូលហេតុមួយទៀតដែលអ្នកគួរហាត់ប្រាណរាល់ថ្ងៃនោះ គឺលំហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ដោយវាជួយជម្រុញនូវអ័រម៉ូនរីករាយក្នុងខួរក្បាល។ មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដោះស្រាយនូវបញ្ហាឈឺចាប់រ៉ាំរ៉ៃដែលជាអាការៈមួយនៃជំងឺធ្លាក់ទឹកចិត្តផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង