របៀបរស់នៅដែលសកម្ម និងផ្តល់សុខភាព ដើរតួនាទីដ៏សំខាន់មួយក្នុងការសម្រកទំ្ងន់។ សម្រាប់គ្រប់គ្នាដែលចង់សម្រកទម្ងន់ ពួកគេត្រូវតែប្រាកដថា ត្រូវរស់នៅឲ្យមានសុខភាពល្អ ដោយមិនត្រូវផ្តោតសំខាន់តែលើទម្ងន់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការដែឡមិនអាចរស់នៅប្រកបដោយសុខភាពល្អនឹងមិនអាចជួយអ្នកថែរក្សាទម្ងន់បានឡើយ ទោះបីជាអ្នកស្រកទម្ងន់បានសម្រេចហើយក៏ដោយ។
ការគោរពវិន័យ និងការញ៉ាំអាហារតាមពេលវេលាត្រឹមត្រូវ ក៏ជាផ្នែកមួយនាំឲ្យរបៀបរស់នៅមានសុខភាពល្អដែរ។ ចាប់តាំងពីរាងកាយរបស់យើងធ្វើការដោយខ្លួនវា ហើយសរីរាង្គខុសៗគ្នាជាច្រើនធ្វើការខុសពេលវេលាគ្នា អាហារដែលយើងញ៉ាំ ឬភេសជ្ជៈដែលយើងផឹកប្រហែលជាផ្លាស់ប្តូរមុខងារទាំងនេះបាន ឬប្រហែលជាមិនមានប្រសិទ្ធភាពឡើយនៅពេលញ៉ាំខុសពេលវេលា។
តែបៃតង និងអត្ថប្រយោជន៍របស់វាត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោក ហើយក៏ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដ៏ល្អបំផុតដែលអាចជួយច្រោះជាតិពុលពីក្នុងខ្លួន និងសម្រកទម្ងន់បាន។ តែបៃតងក៏ផ្តល់សុខភាពល្អដល់ស្បែក និងបន្ថយបញ្ហាលើស្បែកដូចជា មុន និងឡើងខ្មៅៗលើស្បែក។ ប៉ុន្តែតើតែបៃតងអាចញ៉ាំបានគ្រប់ពេលមែនទេ? មនុស្សភាគច្រើនដែលចង់ញ៉ាំតែបៃតងដើម្បីសម្រកទម្ងន់ច្រើនតែយល់ថាខ្លួនឯងវង្វេងច្រើនអំពីពេលវេលាដែលពួកគេគួរញ៉ាំ។
ខណៈពេលដែលតែបៃតងត្រូវបានអះអាងថា ផ្តល់សុខភាពដល់រាងកាយ ពេលវេលាដែលអ្នកញ៉ាំតែបៃតងអាចកំណត់អំពីប្រសិទ្ធភាពរបស់វាចំពោះរាងកាយបាន ជាពិសេសសម្រាប់ការសម្រកទម្ងន់តែម្តង។ ការញ៉ាំតែបៃតងលឿនពេកនៅពេលព្រឹក ពេលពោះទទេ មិនត្រូវបានគេចាត់ទុកថាផ្តល់សុខភាពឡើយ។ អ្នកជំនាញជាច្រើនជឿថា ការញ៉ាំតែបៃតងពេលពោះទទេអាចបង្កគ្រោះថ្នាក់ដល់ថ្លើម និងអាចខូចខាតដល់សរីរាង្គសំខាន់ៗក្នុងពោះទៀតផង។
តែបៃតងត្រូវបានចាត់ទុកថាផ្តល់សុខភាពនៅពេលញ៉ាំចន្លោះពេលញ៉ាំអាហារ។ វាអាចជួយដល់ការរំលាយអាហារ បន្ថយការហើមពោះ និងពង្រឹងដល់ការបឺតស្រូបជីវជាតិដែលមានក្នុងអាហារដែលអ្នកបានញ៉ាំ។ ប៉ុន្តែការញ៉ាំតែបៃតងក្នុងពេលបាយអាចបន្ថយការបឺតស្រូបជីវជាតិ ហើយក៏មិនត្រូវបានគេណែនាំឲ្យធ្វើបែបនេះដែរ។ តែបៃតងក៏ត្រូវបានចាត់ទុកថាជាភេសជ្ជៈត្រៀមហាត់ប្រាណដ៏ល្អដោយសារតែជាតិកាហ្វេរបស់វាអាចផ្តល់ជាថាមពលក្នុងពេលហាត់ប្រាណបាន។
តែបៃតងដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់អាចបន្ថយសកម្មភាពរ៉ាឌីកាលសេរីក្នុងរាងកាយនៅពេលញ៉ាំពេលយប់ និងជំរុញដល់ការមានសុខភាពល្អ ព្រមទាំងគេងលក់ស្រួលទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែវាមិនគួរណាញ៉ាំពេលជិតគេងពេកឡើយដោយសារតែវាមានជាតិកាហ្វេអ៊ីន។ អ្នកដែលមានបញ្ហាគេង និងគេងមិនលក់គួរតែចៀសវាងការញ៉ាំតែបៃតងនៅពេលជិតគេង៕