ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់សុខភាព ជាពិសេសហានិភ័យនៃជំងឺទឹកនោមផ្អែម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់អ្វីខ្លះអាចធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសធម្មតា? ថ្ងៃវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីទម្លាប់មួយចំនួនដែលងាយបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ៖

១. ទទួលទានភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត

ប្រសិនបើអ្នកគិតថាភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិតមិនអាចជះឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។

២. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតច្រើនពេក

ចូរកម្រិតការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតប្រសិនបើអ្នកចង់ចៀសផុតបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ នោះក៏ព្រោះតែកាបូអ៊ីដ្រាតនឹងត្រូវបានបំលែងជាជាតិស្ករដោយរាងកាយ។

៣. ទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើន

ការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិស្ករច្រើនប្រាកដជាអាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់មិនខាន។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានរបស់អ្នក។

៤. ទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើន

ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនបណ្ដាលឳ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ ប៉ុន្តែវារួមចំណែកបង្កើនភាពធន់នឹងអាំងស៊ុយលីនរបស់រាងកាយ។ លើសពីនេះទៅទៀតអាហារសម្បូរជាតិខ្លាញ់ត្រូវការពេលយូរដើម្បីរំលាយដែលអាចជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណានេះមិនមែនមានន័យថាអ្នកកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់និងអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញុាំបានក្នុងបរិមាណ ឬកម្រិតសមល្មម។

៥. អសកម្មគ្រប់ពេល ឬមិនធ្វើលំហាត់ប្រាណសោះ

ការមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ថាតើអ្នកធ្លាប់ដឹងទេថាការធ្វើលំហាត់ប្រាណអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងស្ត្រេស? យោងតាម មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរាល់សប្តាហ៍។ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវហាត់ប្រាណជាប្រចាំមិនគួរផ្អាក ឬរំលងលើសពី ២ ថ្ងៃជាប់គ្នាឡើយ។

៦. ជក់បារី

មិនត្រឹមតែជះឥទ្ធិពលខ្លាំងដល់សួតប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីក៏បង្កបញ្ហាជាច្រើនចំពោះសុខភាពរាងកាយពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែសារធាតុនីកូទីនក្នុងបារីអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង