ការដកដង្ហើមគឺជាវិធីដែលរាងកាយធ្វើដើម្បីទទួលបានអុកស៊ីសែនទៅចិញ្ចឹមរាងកាយទាំងមូល។ ដូច្នេះហើយវាគឺជាហេតុផលដ៏សំខាន់មួយដែលអ្នកត្រូវការថែរក្សាសុខភាពសួត និងមុខងាររបស់វាកាន់តែល្អ។ ក្រៅពីផ្គត់ផ្គង់អុកស៊ីសែនដល់កោសិកា ជាលិកា និងសរីរាង្គគ្រប់កន្លែងក្នុងរាងកាយ ការដកដង្ហើមក៏អាចធ្វើឲ្យអ្នកអាចនិយាយ សើច និងច្រៀងបានដែរ។ 

បើសិនជាការដកដង្ហើមមិនប្រព្រឹត្តទៅបានល្អទេ បញ្ហាខុសៗគ្នាជាច្រើនប្រហែលជាអាចកើតឡើងជាមិនខានដូចជា មានអារម្មណ៍អស់កម្លាំង និងល្ហិតល្ហៃគ្រប់ពេល។ អ្នកក៏ប្រហែលជាធ្លាប់មានបញ្ហាវិលមុខជាប់រហូត បបូរមាត់ ក្រចក និងស្បែកអាចទៅជាពណ៌ស្វាយបានដែរ។ មានអាហារច្រើនណាស់ដែលអ្នកអាចញ៉ាំបានដើម្បីជួយពង្រឹដល់ការដកដង្ហើមដូចជា៖

ខ្ញី

ដោយសារតែខ្ញីផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក វាអាចនឹងជួយថែរក្សាផ្លូវដង្ហើមកុំឲ្យមានការស្ទះបាន។ ការញ៉ាំខ្ញីអាចជារឿងងាយស្រួល ជាពិសេសបើសិនជាអ្នកកំពុងតែមានការបង្ករោគស្រាប់នៅផ្លូវដង្ហើមខាងលើ។ អ្នកក៏អាចប្រើវាដើម្បីសម្រួលដល់ការដកដង្ហើមជាមួយនឹងការញ៉ាំតែខ្ញី ឬស៊ុបខ្ញី។ 

រមៀត

រមៀតត្រូវបានគេដឹងថា ជាអាហារផ្តល់ការការពារដល់សួតដ៏គួរឲ្យចាប់អារម្មណ៍មួយ។ វាមាននាទីបន្ថយការរលាក និងជម្រុញដល់សមត្ថភាពរបស់ប្រព័ន្ធផ្លូវដង្ហើមដើម្បីសម្លាប់មេរោគ។ អ្នកវិទ្យាសាស្រ្តនិយាយថា វាក៏ប្រហែលជាបន្ថយការប្រឈមនឹងជំងឺមហារីកសួតបាន។ 

ប្រូខូលី

អ្វីដែលធ្វើឲ្យប្រូខូលីមានប្រយោជន៍សម្រាប់សួតនោះគឺថា វាអាចផ្តល់នូវសារធាតុជាច្រើនក្នុងការបន្ថយការប្រឈមនឹងជំងឺមហារីកក្នុងសួត។ ក្រៅពីនេះ ប្រូខូលីសម្បូរទៅដោយវីតាមីន C ដែលជាជីវជាតិដ៏សំខាន់សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។ 

ស្ពៃក្តោប

ស្ពៃក្តោបល្អបំផុតក្នុងការបន្ថយការប្រឈមនឹងជំងឺមហារីកសួត និងពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ។ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល។ ក្រៅពីនេះ អ្នកក៏អាចមានការដកដង្ហើមដែលស្រួលបានដែរនៅពេលញ៉ាំបន្លែក្នុងត្រកូលដូចគ្នាដូចជា ផ្កាខាត់ណាជាដើម។ 

ផ្លែប៉ោម

ជឿអត់ថា ផ្លែប៉ោមគឺជាផ្លែឈើដែលងាយស្រួលរក ហើយក៏ជួយសម្រួលដល់ការដកដង្ហើមបានច្រើនទៀត។ ផ្លែប៉ោមមានសារធាតុ Flavonoids ដែលអាចជួយការពារសួតពីការខូចខាតបាន។ វីតាមីន C និង E ក៏មានក្នុងផ្លែប៉ោមដែរ ហើយវាទាំងពីរនេះសុទ្ធតែមានប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារទាំងមូល។ 

ការ៉ុត

មនុស្សគ្រប់គ្នាដឹងថា មឺមការ៉ុតល្អចំពោះសុខភាពភ្នែកដោយសារតែវត្តមាន Beta-carotene របស់វា។ ប៉ុន្តែតើអ្នកមានដឹងទេថា បន្លែពណ៌ទឹកក្រូចមួយនេះក៏ជួយឲ្យអ្នកញ៉ាំទទួលបានសួតប្រកបដោយសុខភាពល្អដែរទេ? អ្នកវិទ្យាសាស្រ្តនិយាយថា សារធាតុ Beta-carotene គឺជាអង់ទីអុកស៊ីដង់ដែលជួយការពារសួតពីការខូចខាតដោយសាររ៉ាឌីកាលសេរី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង