អង្គែស្បែកក្បាលមាន ២ ប្រភេទ គឺមួយកើតឡើងដោយសារការផលិតជាតិប្រេងច្រើនលើសនិងភាពស្ងួតពេកនៃស្បែកក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបញ្ហាអង្គែក៏បណ្ដាលមកពីការមិនកក់សក់ទៀងទាត់ ការប្រើប្រាស់សាប៊ូខុស និងការទទួលទានចំណីអាហារផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីដ៏ងាយបំផុតកម្ចាត់អង្គែចេញពីស្បែកក្បាល ដោយចំណាយអស់តិចតែមានប្រសិទ្ធិភាពខ្ពស់ ៖
១. ប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមប្រេងដើមតែពី ២ ទៅ ៣ ដំណក់ក្នុងសាប៊ូកក់សក់ ហើយកក់សម្អាតសក់ជាមួយសាប៊ូនេះដូចពេលធម្មតា។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយទឹកធម្មតាចំនួន ២ ពែងជាមួយទឹកខ្មេះផ្លែប៉ោម ២ ពែង។ កូរឱ្យសព្វ សឹមចាក់ល្បាយចូលដបស្ព្រៃយ៍ ឬដបដែលមានក្បាលបាញ់។ បន្ទាប់មកចាប់ផ្ដើមបាញ់ឱ្យពេញគល់នៃសក់របស់អ្នក។ ចងសក់ឡើង ហើយយករុំសក់ជាមួយថង់ផ្លាស្ទិក។ ទុកចោលបែបនេះសម្រាប់រយៈពេលពី ១៥ នាទី ទៅ ១ ម៉ោង អាស្រ័យលើប្រភេទនៃសក់របស់អ្នកវែង ឬខ្លី ក្រាស់ ឬស្ដើង។ ចុងក្រោយគ្រាន់តែកក់សម្អាតសក់ជាមួយសាប៊ូកក់សក់និងក្រែមបន្ទន់ដូចធម្មតាជាការស្រេច។ គួរអនុវត្តឱ្យបានពី ២ ទៅ ៣ ដងរាល់សប្តាហ៍។
៣. ម្រេចខ្មៅ
លាយម្រេចខ្មៅម៉ដ្ឋចំនួន ១ភាគ៤ នៃស្លាព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយ និងប្រេងអូលីវសុទ្ធ ៤ ស្លាបព្រាបាយ។ កូរលាយឱ្យសព្វនិងទុកចោលសម្រាប់រយៈពេលពេញមួយយប់សិន សឹមប្រើប្រាស់លាបម៉ាស្សាល្បាយលើស្បែកក្បាល។ លាងសម្អាតចេញរយៈពេលកន្លះម៉ោងក្រោយ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងលើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ១ ម៉ោងសឹមកក់សម្អាតសក់ចេញជាការស្រេច។
៥. ប្រេងដូង និងទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយប្រេងដូងចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឲ្យសព្វ សឹមលាបល្បាយលើសក់ និងស្បែកក្បាល។ ម៉ាស្សាឲ្យពេញក្បាលសម្រាប់រយៈពេល ២ ទៅ ៣ នាទី រួចទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមកក់សក់ចេញជាមួយសាប៊ូជាការស្រេច៕