ស្ត្រី​គឺ​មាន​លក្ខណៈ​ដូចៗ​គ្នា​ស្ទើរតែ​ទាំងអស់​នៅពេល​មាន​អារម្មណ៍​ឈឺចាប់ ជាពិសេស​ការឈឺចាប់​ខ្លាំង​នៅ​សុដន់​ដែល​បង្ក​ការលំបាក​ដល់​ពួកគេ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​។ គ្មាន​អាវទ្រនាប់ ថ្នាំ ឬ​របៀប​គេង​ណាស់​ដែល​ស្រួល​ដើម្បី​បន្ថយ​ការឈឺចាប់​ឡើយ​។ ប៉ុន្តែ​តើ​វា​អាច​មាន​អ្វីមួយ​ដែល​អ្នក​គួរ​បារម្ភ​ដែរ​ទេ​?

​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ស្ត្រី​គ្រប់រូប​មាន​ការឈឺចាប់​នៅ​សុដន់​៖

​ស្ថិតក្នុង​ស្ថានភាព​ត្រៀម​មក​រដូវ 
​ការត្រៀម​មក​រដូវ​នឹង​ធ្វើឲ្យ​ស្ត្រី​មាន​អារម្មណ៍មិនល្អ ឈឺចាប់​បែប​រមួលៗ​ក្នុង​ពោះ និង​ឈឺ​សុដន់​។ ការឈឺចាប់​ជាប់​ទាក់ទង​នឹង​ភាព​តឹងៗ​ក្នុង​សុដន់ ហើយ​ក៏​ច្រើន​តែ​កើតឡើង​នៅ​ពាក់កណ្តាល​ចុងក្រោយ​នៃ​វដ្ត​រដូវ​ដែរ​។ ការឈឺចាប់​នេះ​ច្រើន​តែ​ឈឺ​បែប​ងំ និង​អាច​មាន​បាត់ៗ​។ នៅពេលនេះ អ្នក​អាច​មាន​អារម្មណ៍​ថា សុដន់​គឺ​រឹង​ខ្លាំង​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ដែល​ធ្វើឲ្យ​សុដន់​ស្ត្រី​ហើ​មតឹង​បែបនេះ​។​

​មិន​មាន​ការ​ទ្រទ្រង់​គ្រប់គ្រាន់​
​បើសិន​ជា​អ្នក​មាន​សុដន់​ដែល​ធំ ដូច្នេះ​អាវទ្រនាប់​ប្រហែលជា​មិន​អាច​ផ្តល់​ការ​ទ្រទ្រង់​គ្រប់គ្រាន់​ឡើយ​។ រឿងនេះ​ភាគច្រើន​បណ្តាល​មកពី​ទម្ងន់​របស់​សុដន់​ធ្វើឲ្យ​យា​រដល់​សារស​សៃ​ចង និង​ជាលិកា​ក្នុង​សុដន់ និង​ធ្វើឲ្យ​មាន​ការឈឺចាប់​។ ការឈឺចាប់​នេះ​មិន​ត្រឹមតែ​កើតឡើង​លើ​សុដន់​ទេ វា​ក៏​អាច​ធ្វើឲ្យ​ឈឺ​ដល់ក និង​ខ្នង​ទៀតផង​។ យក​ល្អ​គួរតែ​ស្វែងរក​អាវទ្រនាប់​ណា​ដែល​មាន​ទំហំ​ត្រូវ​នឹង​ប្រភេទ​សុដន់​របស់​អ្នកផង​។

​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​
​បើសិន​ជា​អ្នក​ចូលចិត្ត​ហាត់ប្រាណ មានន័យ​ថា​អ្នក​កំពុងតែ​ធ្វើឲ្យ​ខ្លួនឯង​មាន​ការលំបា​ក​បន្តិច​ហើយ​។ ការលើក​ទម្ងន់​នឹង​ធ្វើ​ឲ្យ​គ្រិច​ដល់​សាច់ដុំ​នៅ​ទ្រូង ដែល​ស្ថិតនៅ​ជិត​នឹង​សុដន់​។ រាល់​ការឈឺចាប់​នៅ​សាច់ដុំ​មួយ​នេះ​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ជា​ការឈឺ​នៅ​សុដន់​ហើយ​។ ការសិក្សា​បាន​បង្ហាញថា ការ​ដែល​ហាត់ប្រាណ​ច្រើនពេក និង​រត់​កីឡា​ក៏​អាច​ធ្វើ​ឲ្យ​ឈឺចាប់​នៅ​សុដន់​បានដែរ​។

​មាន​ជំងឺ Fibrocystic Breast Disease 
​បើសិន​ជា​អ្នក​ធ្លាប់​ត្រូវបាន​គ្រូពេទ្យ​រកឃើញថា​មាន​ជំងឺ Fibrocystic Breast Disease កុំ​បាច់​ភ្ញាក់ផ្អើល​ខ្លាំង​អី​នៅពេល​ចាប់ផ្តើម​ឈឺចាប់​ក្នុង​សុដន់ ជា​ពិសេស​ពេល​ជិត​មក​រដូវ​។ ថ្វី​បើ​មូលហេតុ​នៃ​ជំងឺ​នេះ​មិន​ទាន់​ដឹង​នៅឡើយ តែ​បម្រែបម្រួល​អ័រម៉ូន​គឺជា​ដើមហេតុ​ដែល​គេ​សង្ស័យ​បំផុត​។ ករណី​ជំងឺ​បែបនេះ អ្នក​នឹង​មាន​អារម្មណ៍​ថា ដូច​មាន​ដុំ​សាច់​អ្វីមួយ​ក្នុង​សុដន់ ដែល​ធ្វើ​ចលនា​ចុះឡើង​នៅ​ពេល​អ្នក​ប៉ះពាល់​វា​។ ការឈឺចាប់​នៅ​សុដន់​អាច​នឹង​កាន់តែ​ខ្លាំង​ទៅៗ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​មក​រដូវ​។​

​មាន​ការបង្ក​រោគ​
​ខណៈពេល​ដែល​វា​មិនមែន​ជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់ តែ​ការបង្ក​រោគ​នៅ​សុដន់​ក៏​អាច​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​ដែរ​។ ការបង្ក​រោគ​នេះ​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​បំបៅ​ដោះកូន​។ វា​អាច​បង្កឡើង​ដោយសារ​ការស្ទះ​បំពង់​ទឹក​ដោះ ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី​។ វា​ក៏​អាច​បង្កឡើង​ដោយសារ​តែ​ការចេញ​ទឹកដោះ​ច្រើនពេក និង​ការ​រលាក​ផងដែរ​។ ការបង្ក​រោគ​បែប​នេះ​ក៏​អាច​បង្កឡើង​ដោយ​ការ​ប្រេះ​បែក​របស់​ក្បាល​សុដន់ ដែល​នាំ​ឲ្យ​បាក់តេរី​ងាយ​នឹង​ជ្រៀតចូល​បង្ក​រោគ​ណាស់​។​

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ធ្វើឲ្យ​អាការៈ​មុន​ពេល​មករ​ដូវ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​វា​នឹង​ធ្វើឲ្យ​ឈឺ​សុដន់​កាន់តែខ្លាំង​។ ការសិក្សា​បាន​បង្ហាញថា អ្នកជំងឺ​ដែល​មាន​ជំងឺ Fibrocystic Breast Disease ដែល​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ឃើញថា មាន​ការថយចុះ​ការឈឺចាប់​នៅ​សុដន់​យ៉ាង​គួរឲ្យកត់សម្គាល់​។ ដូច្នេះ ចូរ​ព្យាយាម និង​ផ្លាស់ប្តូរ​ការ​ញ៉ាំ​កាហ្វេ​ជាមួយនឹង​ទឹក​ផ្លែឈើ ឬ​ទឹកសាប​ធម្មតា​ជំនួស​វិញ​បើសិន​ជា​អ្នក​កំពុងតែ​ឈឺ​សុដន់​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ cure joy

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង