បញ្ហាសក់ខូចបែកចុង ហើយស្ងួតមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើយ៉ាងណាមែនទេ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗប្រើប្រាស់ផ្លែល្ហុងទុំព្យាបាលសក់ខូចស្ងួត និងបែកចុង ៖

១. សម្រាប់សក់បែកចុង

អ្វីដែលអ្នកត្រូវការ គឺល្ហុងទុំនិងទឹកឃ្មុំ។

អ្វីដែលអ្នកត្រូវធ្វើ គឺយកគ្រាប់ល្ហុងចេញ រួចហាន់ល្ហុងជាដុំតូចៗ។ ដាក់ល្ហុងក្នុងម៉ាស៊ីនកិន ឬក្រឡុក រួចបន្ថែមទឹកឃ្មុំកន្លះស្លាបព្រាបាយចូល។ កិនក្រឡុកឱ្យសព្វម៉ដ្ឋ រួចសឹមលាបម៉ាស្សាលើសក់និងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេលប្រហែល ១ ម៉ោង សឹមប្រើប្រាស់សាប៊ូកម្រិតស្រាលកក់សម្អាតចេញជាការស្រេច។

២. សម្រាប់សក់ខូចនិងស្ងួត

អ្វីដែលអ្នកត្រូវការ គឺល្ហុងទុំប៉ុន្មានចំណិត ប្រេងអូលីវ ១ ស្លាបព្រាបាយ និងប្រេងដូង ២ ស្លាបព្រាបាយ។

អ្វីដែលអ្នកត្រូវធ្វើ គឺកិនក្រឡុកល្ហុងជាមួយប្រេងអូលីវឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមបន្ថែមប្រេងដូងចូលដើម្បីឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់ដូចពេលធម្មតា។

៣. សម្រាប់ជួយឱ្យសក់មានសុខភាពល្អនិងភ្លឺរលាស់ចែងចាំង

អ្វីដែលអ្នកត្រូវការ គឺល្ហុងទុំ ទឹកឃ្មុំ និងខ្ទិះដូង។

អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ល្ហុង រួចយកគ្រាប់ចេញ។ កាត់ជាដុំតូចៗ រួចដាក់ចូលក្នុងម៉ាស៊ីនកិនក្រឡុក។ បន្ថែមខ្ទិះដូងកន្លះពែងនិងទឹកឃ្មុំពី ២ ទៅ ៣ ដំណក់ចូល។ កិនក្រឡុកឱ្យសព្វម៉ដ្ឋ សឹមលាបល្បាយលើសក់ ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី។ កក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា។

សម្គាល់៖ រូបមន្តល្ហុងទុំទាំងនេះក៏ជួយបន្ថែមទម្ងន់ដល់សក់ផងដែរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរកុំភ្លេចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែល្ហុងជាប្រភពដ៏ប្រសើរនៃវីតាមីននិងសារធាតុចិញ្ចឹមផ្សេងៗដែលចាំបាច់សម្រាប់សុខភាពសក់ ក៏ដូចជារាងកាយទាំងមូលតែម្ដង៕