របបអាហារដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងការរក្សាសុខភាពរាងកាយរឹងមាំល្អប្រសើរ ពិសេសសម្រាប់អ្នកធ្វើការម៉ោងយប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអ្នកធ្វើការម៉ោងយប់គួររួមបញ្ចូលអ្វីខ្លះក្នុងរបបអាហារប្រចាំថ្ងៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកធ្វើការពេលយប់មិនគួរមើលរំលង ៖

១. បន្លែផ្លែឈើ

តាមពិតទៅការទទួលទានបន្លែផ្លែឈើកាន់តែច្រើនមិនមែនល្អតែសម្រាប់អ្នកធ្វើការយប់ឡើយ គឺចំពោះគ្រប់គ្នាតែម្ដង។ នោះក៏ព្រោះតែបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ លើសពីនេះទៅទៀតបន្លែផ្លែឈើមានផ្ទុកជាតិខ្លាញ់ទាបនិងគ្មានផ្ទុកកាឡូរីដែលមិនល្អចំពោះសុខភាព។

២. ត្រី

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលរាងកាយត្រូវការចាំបាច់។ ដូច្នេះកុំភ្លេចរួមបញ្ចូលត្រី ពិសេសប្រភេទត្រីសម្បូរខ្លាញ់ក្នុងរបបអាហារ។ ការទទួលទានត្រីក៏ជួយពង្រឹងសុខភាពខួរក្បាលនិងបេះដូងផងដែរ។

៣. មាន់

ការរួមបញ្ចូលប្រូតេអ៊ីនគុណភាពខ្ពស់ក្នុងរបបអាហារជួយផ្ដល់ថាមពលបន្ថែមដល់អ្នកបានពេញមួយថ្ងៃដល់យប់តែម្ដង។ ហើយសាច់មាន់ជាប្រភពដ៏ប្រសើរបំផុតមួយនៃប្រូតេអ៊ីន។

៤. បឺរសណ្ដែកដី

ការធ្វើការពេញមួយយប់ប្រាកដជាធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងនិងឃ្លានជាមិនខាន។ ហើយប្រសិនបើមិនប្រយ័ត្នចំពោះចំនីដែលអ្នកទទួលទានទេនោះអ្នកប្រាកដជាងាយនឹងឡើងទម្ងន់។ ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះនៅពេលឃ្លានចូលទទួលទានបឺរសណ្ដែកដីមួយស្លាបព្រា។ វិធីនេះជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរដោយសារបឺរសណ្ដែកដីមានផ្ទុកសម្បូរទៅដោយជាតិសសៃ ប្រូតេអ៊ីន និងខ្លាញ់សុខភាពល្អ។

៥. យ៉ាអួរ

អាហារមួយប្រភេទទៀតដែលប្រសើរសម្រាប់អ្នកគេងសម្រាកថ្ងៃ ប៉ុន្តែធ្វើការពេលយប់ គឺយ៉ាអួរ។ អាហារសម្រន់នេះមានផ្ទុកកាឡូរីទាប ប៉ុន្តែជួយឱ្យឆាប់ឆ្អែតនិងល្អចំពោះប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពរាងកាយទាំងមូល៕